ថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំ ២០២២

​ដំណឹង​បាត់​ពាក្យ «Angkor» ! តើ​បុរស​បារាំង​ឈ្មោះ Pierre Ader ឬ​អ្នកច្បាប់​ខ្មែរ​ដែល​បំបាត់​ពាក្យ «Angkor» ពី​ក្នុង​ក្រុមហ៊ុន Victoria Angkor Estate (VAE) ដែល​ឈរឈ្មោះ​ទិញ​ដី​ពី​ក្រសួងការពារជាតិ ?

ប្រភព​ច្បាស់​ការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Victoria Angkor Company Limited សរសេរ​កាត់​ថា (VAK) ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ឈ្មោះ Victoria Angkor Resort & Spa នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ បុរស​ពាណិជ្ជករ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Pierre Ader អះអាងថា​ជា​អគ្គនាយក​ក្រុមហ៊ុន Victoria Estate Co.,Ltd. ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដោយ​ប្តឹង​ក្រុមហ៊ុន Lopan Investment Co.,Ltd. ដំណាង​ដោយ​បុរស​វ័យ​ចំណាស់​ជនជាតិ​បារាំង​ឈ្មោះ Bernard Gauthier និង​បុរស​ជនជាតិខ្មែរ​ឈ្មោះ គឹម កាំ​ង​អៀ ដើម្បី​សុំ​រំលាយ​កិច្ចសន្យាជួល​ទីតាំង​ដី​សាងសង់​សណ្ឋាគារ Victoria Angkor Resort & Spa រវាង​ក្រុមហ៊ុន Lopan Investment Co.,Ltd. (​ភាគី​អ្នក​ជួល​) និង​ក្រុមហ៊ុន Victoria Estate Co.,Ltd. (​ភាគី​ម្ចាស់​ទីតាំង​ដី​) ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៩៦, ទាមទារ​ប្រាក់​ឈ្នួល​ទីតាំង​ដី និង​ការប្រាក់​សរុប​ចំនួន​៤៩៨ ៧៤៤,១​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន Lopan Investment Co.,Ltd. (​ប្រាក់​ឈ្នួល​ទីតាំង​ដី​ចំនួន​៤៤៧ ៩៥៧,៥​ដុល្លារ​អាមេរិក និង​ការប្រាក់​ចំនួន​៤៥០ ៧៨៦,៦​ដុល្លារ​អាមេរិក​) សុំ​ឲ្យ​ក្រុមហ៊ុន Lopan Investment Co.,Ltd.​ប្រគល់​ទីតាំង​ដី និង​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​លើ​ទីតាំង​ដី​មក​ឲ្យ​ក្រុមហ៊ុន Victoria Estate Co.,Ltd. និង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ការខាតបង់​ផ្សេងៗ​ចំនួន​១​លាន​ដុល្លារ​អាមេរិក ។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​របស់​ឈ្មោះ Pierre Ader បង្កើតបានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​២៨៩ ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​របស់​សាលាដំបូង​ខេត្តសៀមរាប មាន​លោក នូ វាសនា អនុប្រធាន​សាលាដំបូង និង​ជា​ចៅក្រម​ជំនុំជម្រះ ហើយ​ទាំង​ពាក្យបណ្តឹង​របស់​ឈ្មោះ Pierre Ader ជា​ភាគី​ដើមចោទ ទាំង​ដីកាកោះ​ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១​របស់​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​សហ​ចុង​ចម្លើយ​ឈ្មោះ Bernard Gauthier និង​ឈ្មោះ គឹម កាំ​ង​អៀ ត្រូវ​បុគ្គលិក​សណ្ឋាគារ Victoria Angkor Resort & Spa ទទួលបាន​តាមរយៈ​ម​ន្ត្រី​អាជ្ញាសាលា​នៃ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

​នៅក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​របស់​បុរស​ឈ្មោះ Pierre Ader ដែល​បាន​ដាក់ជូន​សាលាដំបូង​ខេត្តសៀមរាប​នោះ អះអាងថា ខ្លួន​ជា​អគ្គនាយក​ក្រុមហ៊ុន Victoria Estate Co.,Ltd. និង​បញ្ជាក់ថា ក្រុមហ៊ុន Lopan Investment Co.,Ltd. មាន​អាសយដ្ឋាន​ស្ថិតនៅ​ទីស្នាក់ការ​សណ្ឋាគារ Victoria Angkor Resort & Spa ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​បានបញ្ជាក់​ឯកសារ​ព័ស្តុ​តាង​អំពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ដី​គិលានដ្ឋាន​យោធា​ខេត្តសៀមរាប​ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ រវាង​ក្រុមហ៊ុន Victoria Estate Co.,Ltd. និង​តំណាង​ក្រសួងការពារជាតិ ព្រមទាំង​កិច្ចសន្យាជួល​ដី​គិលានដ្ឋាន​យោធា​ខេត្តសៀមរាប ដើម្បី​សាងសង់​សណ្ឋាគារ​ចុះ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​១៩៩៦ រវាង​ក្រុមហ៊ុន Lopan Investment Co.,Ltd. និង​តំណាង​ក្រសួងការពារជាតិ ។

​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​សាលាដំបូង​ខេត្តសៀមរាប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា លោក Francois Gontier សញ្ជាតិ​បារាំង អ្នកគ្រប់គ្រង​ក្រុមហ៊ុន VAK តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ដែលមាន​ទំនាក់ទំនង​គតិយុត្តិ​ជាមួយ​ក្រុមហ៊ុន Victoria Angkor Estate Co.Ltd. សរសេរ​កាត់​ថា (VAE) មាន​ទីតាំង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន VAK ឋិត​នៅ​ផ្លូវ​ឧកញ៉ា អ៊ុំ ឆាយ ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បានដាក់​ពាក្យ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ជូន​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​សុំ​បំភ្លឺ​បញ្ជាក់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រដ្ឋប្បវេណី​លេខ​២៨៩ ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​របស់​សាលាដំបូង​ខេត្តសៀមរាប បន្ទាប់ពី​ទទួលបាន​ដំណឹង​អំពី​ដីកាកោះ​របស់​សាលាដំបូង​ខេត្តសៀមរាប និង​ពាក្យបណ្តឹង​របស់​ឈ្មោះ Pierre Ader ដែល​មន្ត្រី​អាជ្ញាសាលា​បញ្ជូនទៅ​ដល់ទី​តាំង​ក្រុមហ៊ុន VAK រួចមក ។

​ពាក្យសុំ​ប​ភ្លឺ​បញ្ជាក់​ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​របស់លោក Francois Gontier ដែល​បាន​ដាក់ជូន​សាលាដំបូង​ខេត្តសៀមរាប​បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន Lopan Investment Co.,Ltd. តាំងពីដើម​រៀងមក មិន​ធ្លាប់មាន​អាសយដ្ឋាន​ឋិត​នៅ​សណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប ប្រទេស​កម្ពុជា​នោះទេ គឺ​មានតែ​ដាក់​អាសយដ្ឋាន​ស្ថិតនៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន​ប៉ុណ្ណោះ ។ ដំណើរ​ការលក់​-​ទិញ​ដី​អតីត​គិលានដ្ឋាន​យោធា​ខេត្តសៀមរាប ដែលជា​ទីតាំង​ដី​សាងសង់​សណ្ឋាគារ Victoria Angkor Resort & Spa រហូត​បច្ចុប្បន្ន គឺ​បាន​ធ្វើឡើង​រវាង​តំណាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ភាគី​អ្នកលក់​) និង​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ពោល​មិនមាន​ឈ្មោះ​ក្រុមហ៊ុន Victoria Estate Co.,Ltd. ដូច​ការអះអាង​នៅក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​របស់​ឈ្មោះ Pierre Ader ដែល​អះអាងថា​ជា​អគ្គនាយក​ក្រុមហ៊ុន Victoria Estate Co.,Ltd. នោះឡើយ ។ ក្រុមហ៊ុន VAK មាន​ភាគហ៊ុន​ចំនួន​៤៩%​នៅក្នុង​ក្រុមហ៊ុន VAE ដែល​តំណាង​ឈរឈ្មោះ​ដោយ​ឈ្មោះ Pierre Ader ប៉ុន្តែ​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន VAK សម្រេច​ដកហូត​សិទ្ធិ​ឈរឈ្មោះ​ពី​ឈ្មោះ Pierre Ader ដាក់ជំនួស​ដោយ​លោក Pierre Nollet វិញ​តាំងពី​អំឡុង​ឆ្នាំ​២០១៦​មកម្ល៉េះ​…​។​ល​។

​អនុលោម​តាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​របស់​ឈ្មោះ Pierre Ader, តាម​ឯកសារ​ព័ស្តុតាង​បញ្ជាក់​ដោយ​ឈ្មោះ Pierre Ader នៅក្នុង​ពាក្យបណ្តឹង​របស់ខ្លួន និង​យោងតាម​ការបំភ្លឺ​បញ្ជាក់​របស់លោក Francois Gontier អ្នកគ្រប់គ្រង​ក្រុមហ៊ុន VAK តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ដែលមាន​ទំនាក់ទំនង​គតិយុត្ត​ជាមួយ​ក្រុមហ៊ុន​VAE នោះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ និង​អ្នកតាមដាន​សំណុំរឿង​ក្តី​នេះ​ចោទ​ជា​សំណួរ និង​បញ្ចេញ​ទស្សនៈ​ដូចខាងក្រោម ៖

១-​តើ​ក្រុមហ៊ុន​ឈ្មោះ Victoria Estate Co.,Ltd. ជា​ក្រុមហ៊ុន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៅក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បង្កើតឡើង​ថ្មី​ដោយ​លោក Pierre Ader និង​បក្ខពួក​ឬ ? តើ​ក្រុមហ៊ុន​ថ្មី​នេះ​មាន​ទំនាក់ទំនង​អ្វី​ដែរ​ជាមួយនឹង​កិច្ចព្រមព្រៀង​លក់​-​ទិញ​ដី​ចុះ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០០៤​រវាង​តំណាង​ក្រសួងការពារជាតិ និង​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរ​កាត់​ថា (VAE) ?

២-​តើ​បុរស​ឈ្មោះ Pierre Ader ដែលជា​ពាណិជ្ជករ​ជនជាតិ​បារាំង​រូបនេះ​អាច​តាក់តែង​ពាក្យបណ្តឹង​ជា​ភាសា​ខ្មែរ​ដោយ​ខ្លួនឯង​ដាក់ជូន​តុលាការ​សាលាដំបូង​ខេត្តសៀមរាប អះអាងថា​ជា​អគ្គនាយក​ក្រុមហ៊ុន Victoria Estate Co.,Ltd. ដោយមាន​ចេតនា​បំភ័ន្ត ឬ​លុបបំបាត់​នូវ​ពាក្យ «Angkor» ពី​ក្នុង​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. ចុះបញ្ជី​នៅក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិតមែន​ដែរឬទេ ?

៣-​បើ​បុរស​ជនជាតិ​បារាំង​ឈ្មោះ Pierre Ader មិនចេះ​អក្សរ​ខ្មែរ តែ​នៅ​ស្គាល់ និង​រក្សា​ឈ្មោះ​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd.​សរសេរ​កាត់​ថា (VAE) ហើយ​ពាក្យបណ្តឹង​របស់​ឈ្មោះ Pierre Ader ត្រូវបាន​តាក់តែង​ដោយ​អ្នកច្បាប់ ឬ​មេធាវី​ខ្មែរ (​បុរស​ឈ្មោះ Pierre Ader តែង​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ឲ្យ​លោក​មេធាវី ឡុង ដា​រ៉ា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​២២៧ និង​លោក​មេធាវី សំ មនោ​រម្យ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​១០១៦ បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី LDR) ទៅវិញ​នោះ គឺ​ពិតជា​កំពូល​អ្នកច្បាប់ ឬ​កំពូល​មេធាវី​ខ្មែរ​មែន ដែល​សូម្បី​ពាក្យ​ថា «Angkor» ក៏​លុបបំបាត់ចោល​ពី​ក្នុង​ឈ្មោះ​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd.​រហូតដល់​ចំនួន​១២​ដង​ក្នុង​ពាក្យបណ្តឹង​ត្រឹម​ចំនួន​៣​ទំព័រ​ប៉ុណ្ណោះ ។ ដូច្នេះ សូម្បី​ពាក្យ​ថា «Angkor» ក៏​លុបបំបាត់​ពី​ក្នុង​ឈ្មោះ​ក្រុ​ហ៊ុន Victoria Angkor Estate Co.,Ltd. ប្រែ​ក្លាយទៅជា​ក្រុមហ៊ុន​ឈ្មោះ Victoria Estate Co.,Ltd. ឬ​សូម្បី​ឈ្មោះ​ក្រុមហ៊ុន​ក៏​មិន​ស្គាល់​ច្បាស់​ទៅហើយនោះ តើ​បុរស​ឈ្មោះ Pierre Ader ស័ក្តិសម​ធ្វើជា​អគ្គនាយក​ក្រុមហ៊ុន VAE ឬ​ជា​អ្នកតំណាង​ឈរឈ្មោះ ឲ្យ​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK នៅក្នុង​ក្រុមហ៊ុន VAE តទៅទៀត​ដែរឬទេ ? លើសពីនេះ លោក​មេធាវី សំ មនោ​រម្យ ស័ក្តិសម​ធ្វើជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​បុរស​ឈ្មោះ Pierre Ader ក្នុង​សំណុំ​រឿងក្តី​រំលាយ​កិច្ចសន្យាជួល​ដី​រវាង​ក្រុមហ៊ុន Lopan Investment Co.,Ltd. និង​ក្រុមហ៊ុន VAE ដែរឬទេ ? ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.