ប្រភពច្បាស់ការណ៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ដែលវិនិយោគលើសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ៥ឈ្មោះ Victoria Angkor Resort & Spa នៅខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បុរសពាណិជ្ជករជនជាតិបារាំងម្នាក់ឈ្មោះ Pierre Ader អះអាងថាជាអគ្គនាយកក្រុមហ៊ុន Victoria Estate Co.,Ltd. ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ដោយប្តឹងក្រុមហ៊ុន Lopan Investment Co.,Ltd. ដំណាងដោយបុរសវ័យចំណាស់ជនជាតិបារាំងឈ្មោះ Bernard Gauthier និងបុរសជនជាតិខ្មែរឈ្មោះ គឹម កាំងអៀ ដើម្បីសុំរំលាយកិច្ចសន្យាជួលទីតាំងដីសាងសង់សណ្ឋាគារ Victoria Angkor Resort & Spa រវាងក្រុមហ៊ុន Lopan Investment Co.,Ltd. (ភាគីអ្នកជួល) និងក្រុមហ៊ុន Victoria Estate Co.,Ltd. (ភាគីម្ចាស់ទីតាំងដី) ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៦, ទាមទារប្រាក់ឈ្នួលទីតាំងដី និងការប្រាក់សរុបចំនួន៤៩៨ ៧៤៤,១ដុល្លារអាមេរិកពីក្រុមហ៊ុន Lopan Investment Co.,Ltd. (ប្រាក់ឈ្នួលទីតាំងដីចំនួន៤៤៧ ៩៥៧,៥ដុល្លារអាមេរិក និងការប្រាក់ចំនួន៤៥០ ៧៨៦,៦ដុល្លារអាមេរិក) សុំឲ្យក្រុមហ៊ុន Lopan Investment Co.,Ltd.ប្រគល់ទីតាំងដី និងសំណង់អគារដែលបានសាងសង់រួចលើទីតាំងដីមកឲ្យក្រុមហ៊ុន Victoria Estate Co.,Ltd. និងសុំទាមទារសំណងជំងឺចិត្ត និងការខាតបង់ផ្សេងៗចំនួន១លានដុល្លារអាមេរិក ។
ប្រភពដដែលបានឲ្យដឹងទៀតថា ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១របស់ឈ្មោះ Pierre Ader បង្កើតបានជាសំណុំរឿងរដ្ឋប្បវេណីលេខ២៨៩ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១របស់សាលាដំបូងខេត្តសៀមរាប មានលោក នូ វាសនា អនុប្រធានសាលាដំបូង និងជាចៅក្រមជំនុំជម្រះ ហើយទាំងពាក្យបណ្តឹងរបស់ឈ្មោះ Pierre Ader ជាភាគីដើមចោទ ទាំងដីកាកោះចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១របស់សាលាដំបូងខេត្តសៀមរាបដើម្បីសហចុងចម្លើយឈ្មោះ Bernard Gauthier និងឈ្មោះ គឹម កាំងអៀ ត្រូវបុគ្គលិកសណ្ឋាគារ Victoria Angkor Resort & Spa ទទួលបានតាមរយៈមន្ត្រីអាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១របស់បុរសឈ្មោះ Pierre Ader ដែលបានដាក់ជូនសាលាដំបូងខេត្តសៀមរាបនោះ អះអាងថា ខ្លួនជាអគ្គនាយកក្រុមហ៊ុន Victoria Estate Co.,Ltd. និងបញ្ជាក់ថា ក្រុមហ៊ុន Lopan Investment Co.,Ltd. មានអាសយដ្ឋានស្ថិតនៅទីស្នាក់ការសណ្ឋាគារ Victoria Angkor Resort & Spa ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបានបញ្ជាក់ឯកសារព័ស្តុតាងអំពីកិច្ចព្រមព្រៀងទិញ-លក់ដីគិលានដ្ឋានយោធាខេត្តសៀមរាបចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ រវាងក្រុមហ៊ុន Victoria Estate Co.,Ltd. និងតំណាងក្រសួងការពារជាតិ ព្រមទាំងកិច្ចសន្យាជួលដីគិលានដ្ឋានយោធាខេត្តសៀមរាប ដើម្បីសាងសង់សណ្ឋាគារចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៦ រវាងក្រុមហ៊ុន Lopan Investment Co.,Ltd. និងតំណាងក្រសួងការពារជាតិ ។
ប្រភពស្និទ្ធនឹងមន្ត្រីសាលាដំបូងខេត្តសៀមរាបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក Francois Gontier សញ្ជាតិបារាំង អ្នកគ្រប់គ្រងក្រុមហ៊ុន VAK តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧របស់តុលាការកំពូល ដែលមានទំនាក់ទំនងគតិយុត្តិជាមួយក្រុមហ៊ុន Victoria Angkor Estate Co.Ltd. សរសេរកាត់ថា (VAE) មានទីតាំងរួមគ្នាជាមួយក្រុមហ៊ុន VAK ឋិតនៅផ្លូវឧកញ៉ា អ៊ុំ ឆាយ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យជាផ្លូវការកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ជូនសាលាដំបូងខេត្តសៀមរាប ដើម្បីសុំបំភ្លឺបញ្ជាក់ពាក់ព័ន្ធនឹងសំណុំរឿងរដ្ឋប្បវេណីលេខ២៨៩ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១របស់សាលាដំបូងខេត្តសៀមរាប បន្ទាប់ពីទទួលបានដំណឹងអំពីដីកាកោះរបស់សាលាដំបូងខេត្តសៀមរាប និងពាក្យបណ្តឹងរបស់ឈ្មោះ Pierre Ader ដែលមន្ត្រីអាជ្ញាសាលាបញ្ជូនទៅដល់ទីតាំងក្រុមហ៊ុន VAK រួចមក ។
ពាក្យសុំបភ្លឺបញ្ជាក់ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១របស់លោក Francois Gontier ដែលបានដាក់ជូនសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Lopan Investment Co.,Ltd. តាំងពីដើមរៀងមក មិនធ្លាប់មានអាសយដ្ឋានឋិតនៅសណ្ឋាគារ Victoria Angkor Resort & Spa ខេត្តសៀមរាប ប្រទេសកម្ពុជានោះទេ គឺមានតែដាក់អាសយដ្ឋានស្ថិតនៅទីក្រុងហុងកុង ប្រទេសចិនប៉ុណ្ណោះ ។ ដំណើរការលក់-ទិញដីអតីតគិលានដ្ឋានយោធាខេត្តសៀមរាប ដែលជាទីតាំងដីសាងសង់សណ្ឋាគារ Victoria Angkor Resort & Spa រហូតបច្ចុប្បន្ន គឺបានធ្វើឡើងរវាងតំណាងក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា (ភាគីអ្នកលក់) និងក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ពោលមិនមានឈ្មោះក្រុមហ៊ុន Victoria Estate Co.,Ltd. ដូចការអះអាងនៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១របស់ឈ្មោះ Pierre Ader ដែលអះអាងថាជាអគ្គនាយកក្រុមហ៊ុន Victoria Estate Co.,Ltd. នោះឡើយ ។ ក្រុមហ៊ុន VAK មានភាគហ៊ុនចំនួន៤៩%នៅក្នុងក្រុមហ៊ុន VAE ដែលតំណាងឈរឈ្មោះដោយឈ្មោះ Pierre Ader ប៉ុន្តែត្រូវបានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VAK សម្រេចដកហូតសិទ្ធិឈរឈ្មោះពីឈ្មោះ Pierre Ader ដាក់ជំនួសដោយលោក Pierre Nollet វិញតាំងពីអំឡុងឆ្នាំ២០១៦មកម្ល៉េះ…។ល។
អនុលោមតាមពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១របស់ឈ្មោះ Pierre Ader, តាមឯកសារព័ស្តុតាងបញ្ជាក់ដោយឈ្មោះ Pierre Ader នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន និងយោងតាមការបំភ្លឺបញ្ជាក់របស់លោក Francois Gontier អ្នកគ្រប់គ្រងក្រុមហ៊ុន VAK តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧របស់តុលាការកំពូល ដែលមានទំនាក់ទំនងគតិយុត្តជាមួយក្រុមហ៊ុនVAE នោះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកតាមដានសំណុំរឿងក្តីនេះចោទជាសំណួរ និងបញ្ចេញទស្សនៈដូចខាងក្រោម ៖
១-តើក្រុមហ៊ុនឈ្មោះ Victoria Estate Co.,Ltd. ជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលបង្កើតឡើងថ្មីដោយលោក Pierre Ader និងបក្ខពួកឬ ? តើក្រុមហ៊ុនថ្មីនេះមានទំនាក់ទំនងអ្វីដែរជាមួយនឹងកិច្ចព្រមព្រៀងលក់-ទិញដីចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤រវាងតំណាងក្រសួងការពារជាតិ និងក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរកាត់ថា (VAE) ?
២-តើបុរសឈ្មោះ Pierre Ader ដែលជាពាណិជ្ជករជនជាតិបារាំងរូបនេះអាចតាក់តែងពាក្យបណ្តឹងជាភាសាខ្មែរដោយខ្លួនឯងដាក់ជូនតុលាការសាលាដំបូងខេត្តសៀមរាប អះអាងថាជាអគ្គនាយកក្រុមហ៊ុន Victoria Estate Co.,Ltd. ដោយមានចេតនាបំភ័ន្ត ឬលុបបំបាត់នូវពាក្យ «Angkor» ពីក្នុងក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. ចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ពិតមែនដែរឬទេ ?
៣-បើបុរសជនជាតិបារាំងឈ្មោះ Pierre Ader មិនចេះអក្សរខ្មែរ តែនៅស្គាល់ និងរក្សាឈ្មោះក្រុមហ៊ុន Victoria Angkor Estate Co.,Ltd.សរសេរកាត់ថា (VAE) ហើយពាក្យបណ្តឹងរបស់ឈ្មោះ Pierre Ader ត្រូវបានតាក់តែងដោយអ្នកច្បាប់ ឬមេធាវីខ្មែរ (បុរសឈ្មោះ Pierre Ader តែងប្រគល់សិទ្ធិតំណាងដោយអាណត្តិឲ្យលោកមេធាវី ឡុង ដារ៉ា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ២២៧ និងលោកមេធាវី សំ មនោរម្យ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១០១៦ បម្រើការងារនៅការិយាល័យមេធាវី LDR) ទៅវិញនោះ គឺពិតជាកំពូលអ្នកច្បាប់ ឬកំពូលមេធាវីខ្មែរមែន ដែលសូម្បីពាក្យថា «Angkor» ក៏លុបបំបាត់ចោលពីក្នុងឈ្មោះក្រុមហ៊ុន Victoria Angkor Estate Co.,Ltd.រហូតដល់ចំនួន១២ដងក្នុងពាក្យបណ្តឹងត្រឹមចំនួន៣ទំព័រប៉ុណ្ណោះ ។ ដូច្នេះ សូម្បីពាក្យថា «Angkor» ក៏លុបបំបាត់ពីក្នុងឈ្មោះក្រុហ៊ុន Victoria Angkor Estate Co.,Ltd. ប្រែក្លាយទៅជាក្រុមហ៊ុនឈ្មោះ Victoria Estate Co.,Ltd. ឬសូម្បីឈ្មោះក្រុមហ៊ុនក៏មិនស្គាល់ច្បាស់ទៅហើយនោះ តើបុរសឈ្មោះ Pierre Ader ស័ក្តិសមធ្វើជាអគ្គនាយកក្រុមហ៊ុន VAE ឬជាអ្នកតំណាងឈរឈ្មោះ ឲ្យម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK នៅក្នុងក្រុមហ៊ុន VAE តទៅទៀតដែរឬទេ ? លើសពីនេះ លោកមេធាវី សំ មនោរម្យ ស័ក្តិសមធ្វើជាមេធាវីតំណាងដោយអាណត្តិឲ្យបុរសឈ្មោះ Pierre Ader ក្នុងសំណុំរឿងក្តីរំលាយកិច្ចសន្យាជួលដីរវាងក្រុមហ៊ុន Lopan Investment Co.,Ltd. និងក្រុមហ៊ុន VAE ដែរឬទេ ? ៕