ប្រភពពីមន្ត្រីក្រសួងពាណិជ្ជកម្មដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ជាក្រុមហ៊ុនសញ្ជាតិបរទេស១០០% ចុះបញ្ជីនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា (ចុះបញ្ជីដំបូងនៅឆ្នាំ២០០០ និងបានកែប្រែលក្ខន្តិកៈក្រុមហ៊ុនចុះបញ្ជីចុងក្រោយនៅឆ្នាំ២០០៣) មានដើមទុនចុះបញ្ជីចំនួន១លានដុល្លារអាមេរិក ហើយវិនិយោគលើសេវាកម្មសណ្ឋាគារមួយលំដាប់ផ្កាយ៥ឈ្មោះ Victoria Angkor Resort & Spa នៅខេត្តសៀមរាប (បើកដំណើរការនៅអំឡុងឆ្នាំ២០០៤) និងមានម្ចាស់ភាគហ៊ុនដូចតទៅ ៖ ១-ក្រុមហ៊ុន Electricite et Eaux de Madagascar Company Limited សរសេរកាត់ថា EEM ជាក្រុមហ៊ុនចុះបញ្ជីនៅបរទេស ជានីតិបុគ្គល មានភាគហ៊ុនចំនួន៧៥% តំណាងដោយលោក Francois Gontier សញ្ជាតិបារាំង ជាប្រធានក្រុមប្រឹក្សាភិបាល , ២-លោក Bernard Gauthier សញ្ជាតិបារាំង មានភាគហ៊ុនចំនួន២៣% ជាអភិបាល និង ៣-លោក Pierre Ader សញ្ជាតិបារាំង មានភាគហ៊ុនចំនួន០២% ជាអភិបាលក្រុមហ៊ុន) ។
ក្រុមហ៊ុន VAK អាចដំណើរការវិនិយោគលើសេវាកម្មសណ្ឋាគារឈ្មោះ Victoria Angkor Resort & Spa ស្របតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាបានដោសារការបង្កើតក្រុមហ៊ុនមួយទៀតឈរឈ្មោះជាតំណាងសិទ្ធិលើអចលនវត្ថុដើម្បីសាងសង់សណ្ឋាគារដែលទិញផ្តាច់ពីក្រសួងការពារជាតិនាអំឡុងឆ្នាំ២០០៤ គឺក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរកាត់ថា (VAE) មានដើមទុនចុះបញ្ជីចំនួន២០លានរៀល និងមានម្ចាស់ភាគហ៊ុនដូចតទៅ ៖ ១-លោកស្រី លី ណាយយី សញ្ជាតិខ្មែរ ភាគហ៊ុនចំនួន២៥,៥% ជាប្រធានក្រុមប្រឹក្សាភិបាល , ២-លោកស្រី ជុង រ៉ានី សញ្ជាតិខ្មែរ ភាគហ៊ុនចំនួន២៥,៥% ជាអភិបាល និង ៣-ក្រុមហ៊ុន VAK ជានីតិបុគ្គល មានភាគហ៊ុនចំនួន៤៩% តំណាងដោយឈ្មោះ Pierre Ader ជាអភិបាលក្រុមហ៊ុន) ។
ប្រភពពីមន្ត្រីស្ថាប័នតុលាការដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ខណៈក្រុមហ៊ុន VAK ដំណើរការអាជីវកម្មសណ្ឋាគារ Victoria Angkor Resort & Spa ទើបបានប្រមាណ៤ឆ្នាំទៅ៥ឆ្នាំប៉ុណ្ណោះ គឺនៅអំឡុងឆ្នាំ២០០៩ស្រាប់តែបុរសជនជាតិបារាំងឈ្មោះ Pierre Ader ជាម្ចាស់ភាគហ៊ុនតូចចំនួន០២%នៅក្នុងក្រុមហ៊ុន VAK និងជាអ្នកតំណាងម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK នៅក្នុងក្រុមហ៊ុន VAE បានប្តឹង «ប្រឆាំងស្រោចផ្ទួនៗ» មកលើលោក Francois Gontier តំណាងម្ចាស់ភាគហ៊ុនធំចំនួន៧៥% ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VAK តាមកាលបរិច្ឆេទ និងកម្មវត្ថុបណ្តឹងដូចខាងក្រោម ៖
១-ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ៖ ប្តឹងសុំឲ្យសាលាដំបូងខេត្តសៀមរាប ចេញដីកាសម្រេចរក្សាការពារដើម្បីដកហូតសិទ្ធិលោក Francois Gontier ពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VAK ជាបណ្តោះអាសន្ន ។ សំណុំរឿងរក្សាការពារនេះត្រូវបានស្ថាប័នតុលាការសម្រេចឡើងវីវក់ច្រើនលើកច្រើនសាតាំងពីសាលាដំបូងខេត្តសៀមរាបរហូតដល់សាលាឧទ្ធរណ៍ និងទីបំផុតត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់ដីកាសម្រេចរក្សាការពាររបស់សាលាដំបូងខេត្តសៀមរាប ដោយលើកចោលបណ្តឹងសុំដីកាសម្រេចរក្សាការពាររបស់ឈ្មោះ Pierre Ader តាមដីកាសម្រេចលេខ១២ក្រIV«ត»ដកស ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ។
២-ថ្ងៃទី២១ ខែសីហា ឆ្នាំ២០០៩ ៖ ប្តឹងលោក Francois Gontier ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាបដោយចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ។ សំណុំរឿងក្តីព្រហ្មទណ្ឌនេះបានដំណើរការនីតិវិធីអស់រយៈពេលប្រមាណ៩ឆ្នាំ ទើបទីបំផុតត្រូវបានស្ថាប័នតុលាការកំពូលវិនិច្ឆ័យសេចក្តីសម្រេចឲ្យលោក Francois Gontier រួចផុតពីបទចោទប្រកាន់ តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ៣៩០ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ។
៣-ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៩ ៖ ប្តឹងលោក Francois Gontier ទៅសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារភាគហ៊ុន និងប្រាក់ចំណេញនៅក្នុងក្រុមហ៊ុន VAK ។ សំណុំរឿងក្តីរដ្ឋប្បវេណីនេះបានដំណើរការនីតិវិធីអស់រយៈពេលប្រមាណ៨ឆ្នាំ ទើបទីបំផុតត្រូវបានស្ថាប័នតុលាការកំពូលវិនិច្ឆ័យសេចក្តីសម្រេចបញ្ឈប់ភាគហ៊ុនរបស់ឈ្មោះ Bernard Gauthier(២៣%) និងភាគហ៊ុនរបស់ឈ្មោះ Pierre Ader(០២%) ពីក្នុងក្រុមហ៊ុន VAK និងប្រគល់សិទ្ធិឲ្យលោក Francois Gontier គ្រប់គ្រងក្រុមហ៊ុន VAK បន្ត តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។
ប្រភពស្និទ្ធនឹងក្រុមហ៊ុន VAK បានឲ្យដឹងដែរថា លុះឈានមកដល់ឆ្នាំ២០២១នេះ បុរសឈ្មោះ Pierre Ader ដែលត្រូវបានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VAK សម្រេចដកហូតសិទ្ធិពីអ្នកតំណាងម្ចាស់ភាគហ៊ុនឈរឈ្មោះចំនួន៤៩%របស់ក្រុមហ៊ុន VAK នៅក្នុងក្រុមហ៊ុន VAE តាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ និងត្រូវបានស្ថាប័នតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបញ្ឈប់ភាគហ៊ុនពីក្នុងក្រុមហ៊ុន VAK រួចហើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នោះ ចេញមុខអះអាងថាជាអគ្គនាយកក្រុមហ៊ុន Victoria Estate Co.,Ltd.ដាក់ពាក្យបណ្តឹងចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ទៅសាលាដំបូងខេត្តសៀមរាបក្នុងវគ្គថ្មីមួយទៀត ដើម្បីទាមទាររំលាយកិច្ចសន្យាជួលដីសាងសង់សណ្ឋាគារ Victoria Angkor Resort & Spa រវាងក្រុមហ៊ុន Victoria Estate Co.,Ltd. ជាមួយក្រុមហ៊ុន Lopan Investment Co.,Ltd., ទាមទារឲ្យក្រុមហ៊ុន Lopan Investment Co.,Ltd. ប្រគល់ទីតាំងដី និងសំណង់អគារដែលបានសាងសង់លើទីតាំងដីមកឲ្យក្រុមហ៊ុន Victoria Estate Co.,Ltd.វិញ , ទាមទារប្រាក់ឈ្មួលទីតាំងដី និងការប្រាក់សរុបចំនួន៤៩៨ ៧៤៤,១ដុល្លារអាមេរិក (ប្រាក់ឈ្មួលទីតាំងដីចំនួន៤៤៧ ៩៨៧,៥ដុល្លារអាមេរិក និងការប្រាក់ចំនួន៤៥០ ៧៨៦,៦ដុល្លារអាមេរិក) និងទាមទារសំណងជំងឺចិត្ត ព្រមទាំងសេវាចំណាយផ្សេងៗចំនួន១លានដុល្លារអាមេរិក (Sic!) ។
សរុបសេចក្តីមក ចាប់តាំងពីអំឡុងឆ្នាំ២០០៩ និងបន្ទាប់ពីស្ថាប័នតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចប្រគល់សិទ្ធិឲ្យលោក Francois Gontier គ្រប់គ្រងក្រុមហ៊ុន VAK បន្ត តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧រួចហើយយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន VAK ដែលវិនិយោគលើសេវាកម្មសណ្ឋាគារ Victoria Angkor Resort & Spa មានបុគ្គលិកបម្រើការងារប្រមាណ២០០នាក់មិនទទួលបាន «សន្តិភាពពេញលេញ» ឡើយ ហើយដំណើរការអាជីវកម្មក៏ប្រឈមនឹងការលំបាករបៀប «ងើបក្បាលមិនរួច» ដែរ ខណៈបុរសឈ្មោះ Pierre Ader ត្រូវបានមជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងវិវាទក្រុមហ៊ុន VAK វាយតម្លៃថាជា «កំពូលមេនាំភ្លើងបង្កជម្លោះដ៏រ៉ាំរ៉ៃ» នៅក្នុងក្រុមហ៊ុន VAK ៕