ថ្ងៃ អង្គារ ទី ១៧ ខែ ឧសភា ឆ្នាំ ២០២២

​កំពូល​មេ​នាំ​ភ្លើង «​ប្តឹង​ហើយ​ប្តឹង​ទៀត​» ! រកមុខ​ឃើញ​ហើយ គឺ​បុរស​ម្ចាស់​ភាគហ៊ុន​តូច​ឈ្មោះ Pierre Ader ជា​អ្នកបង្ក​ជម្លោះ​ច្រើន​ឆ្នាំ​ក្នុង​ក្រុមហ៊ុន Victoria Angkor (VAK) មិន​ឲ្យ​ដំណើរការ «​ងើប​ក្បាល​រួច​»

ប្រភពពី​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Victoria Angkor Company Limited សរសេរ​កាត់​ថា (VAK) ជា​ក្រុមហ៊ុន​សញ្ជាតិ​បរទេស​១០០% ចុះបញ្ជី​នៅក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ចុះបញ្ជី​ដំបូង​នៅ​ឆ្នាំ​២០០០ និង​បាន​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ចុះបញ្ជី​ចុងក្រោយ​នៅ​ឆ្នាំ​២០០៣) មាន​ដើមទុន​ចុះបញ្ជី​ចំនួន​១​លាន​ដុល្លារ​អាមេរិក ហើយ​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ​មួយ​លំដាប់​ផ្កាយ​៥​ឈ្មោះ Victoria Angkor Resort & Spa នៅ​ខេត្តសៀមរាប (​បើក​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​២០០៤) និង​មាន​ម្ចាស់​ភាគហ៊ុន​ដូចតទៅ ៖ ១-​ក្រុមហ៊ុន Electricite et Eaux de Madagascar Company Limited សរសេរ​កាត់​ថា EEM ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​បរទេស ជា​នីតិបុគ្គល មាន​ភាគហ៊ុន​ចំនួន​៧៥% តំណាង​ដោយ​លោក Francois Gontier សញ្ជាតិ​បារាំង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល , ២-​លោក Bernard Gauthier សញ្ជាតិ​បារាំង មាន​ភាគហ៊ុន​ចំនួន​២៣% ជា​អភិបាល និង ៣-​លោក Pierre Ader សញ្ជាតិ​បារាំង មាន​ភាគហ៊ុន​ចំនួន​០២% ជា​អភិបាល​ក្រុមហ៊ុន​) ។​

​ក្រុមហ៊ុន VAK អាច​ដំណើរការ​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ​ឈ្មោះ Victoria Angkor Resort & Spa ស្របតាម​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដោ​សារ​ការបង្កើត​ក្រុមហ៊ុន​មួយទៀត​ឈរឈ្មោះ​ជា​តំណាង​សិទ្ធិ​លើ​អចលនវត្ថុ​ដើម្បី​សាងសង់​សណ្ឋាគារ​ដែល​ទិញ​ផ្តាច់​ពី​ក្រសួងការពារជាតិ​នា​អំឡុង​ឆ្នាំ​២០០៤ គឺ​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរ​កាត់​ថា (VAE) មាន​ដើមទុន​ចុះបញ្ជី​ចំនួន​២០​លាន​រៀល និង​មាន​ម្ចាស់​ភាគហ៊ុន​ដូចតទៅ ៖ ១-​លោកស្រី លី ណាយ​យី សញ្ជាតិ​ខ្មែរ ភាគហ៊ុន​ចំនួន​២៥,៥% ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល , ២-​លោកស្រី ជុង រ៉ានី សញ្ជាតិ​ខ្មែរ ភាគហ៊ុន​ចំនួន​២៥,៥% ជា​អភិបាល និង ៣-​ក្រុមហ៊ុន VAK ជា​នីតិបុគ្គល មាន​ភាគហ៊ុន​ចំនួន​៤៩% តំណាង​ដោយ​ឈ្មោះ Pierre Ader ជា​អភិបាល​ក្រុមហ៊ុន​) ។​

​ប្រភពពី​មន្ត្រី​ស្ថាប័ន​តុលាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ខណៈ​ក្រុមហ៊ុន VAK ដំណើរការ​អាជីវកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa ទើបបាន​ប្រមាណ​៤​ឆ្នាំទៅ​៥​ឆ្នាំ​ប៉ុណ្ណោះ គឺ​នៅ​អំឡុង​ឆ្នាំ​២០០៩​ស្រាប់តែ​បុរស​ជនជាតិ​បារាំង​ឈ្មោះ Pierre Ader ជា​ម្ចាស់​ភាគហ៊ុន​តូច​ចំនួន​០២%​នៅក្នុង​ក្រុមហ៊ុន VAK និង​ជា​អ្នកតំណាង​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK នៅក្នុង​ក្រុមហ៊ុន VAE បាន​ប្តឹង «​ប្រឆាំង​ស្រោច​ផ្ទួនៗ​» មកលើ​លោក Francois Gontier តំណាង​ម្ចាស់​ភាគហ៊ុន​ធំ​ចំនួន​៧៥% ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន VAK តាម​កាលបរិច្ឆេទ និង​កម្មវត្ថុ​បណ្តឹង​ដូចខាងក្រោម ៖

១-​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០០៩ ៖ ប្តឹង​សុំ​ឲ្យ​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​សម្រេច​រក្សា​ការពារ​ដើម្បី​ដកហូត​សិទ្ធិ​លោក Francois Gontier ពី​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន VAK ជា​បណ្តោះអាសន្ន ។ សំណុំរឿង​រក្សា​ការពារ​នេះ​ត្រូវបាន​ស្ថាប័ន​តុលាការ​សម្រេច​ឡើង​វីវក់​ច្រើនលើកច្រើនសា​តាំងពី​សាលា​ដំបូង​ខេត្តសៀមរាប​រហូតដល់​សាលាឧទ្ធរណ៍ និង​ទីបំផុត​ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​ដីកា​សម្រេច​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្តសៀមរាប ដោយ​លើកចោល​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ​របស់​ឈ្មោះ Pierre Ader តាម​ដីកា​សម្រេច​លេខ​១២​ក្រ​IV«​ត​»​ដក​ស ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១១ ។

២-​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០០៩ ៖ ប្តឹង​លោក Francois Gontier ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ។ សំណុំ​រឿងក្តី​ព្រហ្មទណ្ឌ​នេះ​បាន​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ប្រមាណ​៩​ឆ្នាំ ទើប​ទីបំផុត​ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​ឲ្យ​លោក Francois Gontier រួចផុត​ពីបទ​ចោទប្រកាន់ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៣៩០ ចុះ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ។

៣-​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០០៩ ៖ ប្តឹង​លោក Francois Gontier ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ទាមទារ​ភាគហ៊ុន និង​ប្រាក់ចំណេញ​នៅក្នុង​ក្រុមហ៊ុន VAK ។ សំណុំ​រឿងក្តី​រដ្ឋប្បវេណី​នេះ​បាន​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ប្រមាណ​៨​ឆ្នាំ ទើប​ទីបំផុត​ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​វិនិច្ឆ័យ​សេចក្តីសម្រេច​បញ្ឈប់​ភាគហ៊ុន​របស់​ឈ្មោះ Bernard Gauthier(២៣%) និង​ភាគហ៊ុន​របស់​ឈ្មោះ Pierre Ader(០២%) ពី​ក្នុង​ក្រុមហ៊ុន VAK និង​ប្រគល់​សិទ្ធិ​ឲ្យ​លោក Francois Gontier គ្រប់គ្រង​ក្រុមហ៊ុន VAK បន្ត តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ។

​ប្រភព​ស្និទ្ធ​នឹង​ក្រុមហ៊ុន VAK បាន​ឲ្យ​ដឹង​ដែរ​ថា លុះ​ឈាន​មកដល់​ឆ្នាំ​២០២១​នេះ បុរស​ឈ្មោះ Pierre Ader ដែល​ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន VAK សម្រេច​ដកហូត​សិទ្ធិ​ពី​អ្នកតំណាង​ម្ចាស់​ភាគហ៊ុន​ឈរឈ្មោះ​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK នៅក្នុង​ក្រុមហ៊ុន VAE តាំងពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ និង​ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បញ្ឈប់​ភាគហ៊ុន​ពី​ក្នុង​ក្រុមហ៊ុន VAK រួចហើយ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នោះ ចេញមុខ​អះអាងថា​ជា​អគ្គនាយក​ក្រុមហ៊ុន Victoria Estate Co.,Ltd.​ដាក់ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ក្នុង​វគ្គ​ថ្មី​មួយទៀត ដើម្បី​ទាមទារ​រំលាយ​កិច្ចសន្យាជួល​ដី​សាងសង់​សណ្ឋាគារ Victoria Angkor Resort & Spa រវាង​ក្រុមហ៊ុន Victoria Estate Co.,Ltd. ជាមួយ​ក្រុមហ៊ុន Lopan Investment Co.,Ltd., ទាមទារ​ឲ្យ​ក្រុមហ៊ុន Lopan Investment Co.,Ltd. ប្រគល់​ទីតាំង​ដី និង​សំណង់​អគារ​ដែល​បាន​សាងសង់​លើ​ទីតាំង​ដី​មក​ឲ្យ​ក្រុមហ៊ុន Victoria Estate Co.,Ltd.​វិញ , ទាមទារ​ប្រាក់​ឈ្មួ​ល​ទីតាំង​ដី និង​ការប្រាក់​សរុប​ចំនួន​៤៩៨ ៧៤៤,១​ដុល្លារ​អាមេរិក (​ប្រាក់​ឈ្មួ​ល​ទីតាំង​ដី​ចំនួន​៤៤៧ ៩៨៧,៥​ដុល្លារ​អាមេរិក និង​ការប្រាក់​ចំនួន​៤៥០ ៧៨៦,៦​ដុល្លារ​អាមេរិក​) និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ព្រមទាំង​សេវា​ចំណាយ​ផ្សេងៗ​ចំនួន​១​លាន​ដុល្លារ​អាមេរិក (Sic!) ។

​សរុបសេចក្តី​មក ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៩ និង​បន្ទាប់ពី​ស្ថាប័ន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​លោក Francois Gontier គ្រប់គ្រង​ក្រុមហ៊ុន VAK បន្ត តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​រួចហើយ​យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន VAK ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ Victoria Angkor Resort & Spa មាន​បុគ្គលិក​បម្រើ​ការងារ​ប្រមាណ​២០០​នាក់​មិន​ទទួលបាន «​សន្តិភាព​ពេញលេញ​» ឡើយ ហើយ​ដំណើរការ​អាជីវកម្ម​ក៏​ប្រឈម​នឹង​ការលំបាក​របៀប «​ងើប​ក្បាល​មិន​រួច​» ដែរ ខណៈ​បុរស​ឈ្មោះ Pierre Ader ត្រូវបាន​មជ្ឈដ្ឋាន​អ្នកតាមដាន​សំណុំរឿង​វិវាទ​ក្រុមហ៊ុន VAK វាយតម្លៃថា​ជា «​កំពូល​មេ​នាំ​ភ្លើង​បង្កជម្លោះ​ដ៏​រ៉ាំរ៉ៃ​» នៅក្នុង​ក្រុមហ៊ុន VAK ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.