អស់រយៈពេលជាង៣ឆ្នាំហើយ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន ( ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ) និងទទួលបានការតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ( ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ) ប៉ុន្តែ ឯកឧត្តម ឧត្តមសេនីយ៍យោធារូបនេះ នៅតែមានឋានន្តរស័ក្តិ ត្រឹមថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) រហូតទល់សព្វថ្ងៃ ទោះបីជាបានឡើងមុខតំណែងជំនួសតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០០០០១៦ អតីតជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ( បច្ចុប្បន្នជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ) ក៏ដោយ ។
ការទទួលបានមុខតំណែងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជំនួសមុខតំណែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នេះ គឺមានរយៈពេលប្រមាណ៥ឆ្នាំក្រោយ បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។
នៅក្រោយពេលទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) នាពាក់កណ្តាលឆ្នាំ២០១៣រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានបង្កើតនូវរូបភាព និងសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ និងប្លែកហួសពីការគិត រហូតដល់ទទួលរងការផ្សព្វផ្សាយពីគេហទំព័រសារព័ត៌មាន ដើមត្នោត ទៀតផង គឺ « ការពាក់ឯកសណ្ឋានភ្ជាប់នឹងឋានន្តរស័ក្តិផ្កាយ២ លើស្មា ខណៈខ្លួនមានឋានន្តរស័ក្តិ ថ្នាក់ផ្កាយ៣ » អស់រយៈពេលដល់កម្រិតគិតជាឆ្នាំ ។
បើនិយាយអំពីមុខតំណែង គិតត្រឹមឆ្នាំ២០២១ នៅក្នុងគណបក្សប្រជាជនកម្ពុជា ( CPP ) វិញ គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ លំដាប់លេខរៀងទី៣៧ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ( តែងតាំង និងដំឡើងឋានៈ ដោយសេចក្តីសម្រេចលេខ៤០៩/២០សស.គក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ) ខណៈក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ដែលមានក្របខ័ណ្ឌដើម ជានាយទាហាន និងជានាយនគរបាលជាតិ សុទ្ធតែមានឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) យ៉ាងទាបបំផុត រួមមានជាអាទិ៍ ៖ ១-សម្តេចពិជ័យសេនា ទៀ បាញ់, ២-លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៣-ឯកឧត្តម កែ គឹមយ៉ាន, ៤-ឯកឧត្តម ប៉ុល សារឿន, ៥-ឯកឧត្តម គន់ គីម, ៦-ឯកឧត្តម មាស សុភា, ៧-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន, ៨-ឯកឧត្តម ប្រាក់ សុខុន, ៩-ឯកឧត្តម វង្ស ពិសេន, ១០-ឯកឧត្តម សៅ សុខា និង ១១-ឯកឧត្តម ឥត សារ៉ាត់ ។
បច្ចុប្បន្ន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ បាន និងកំពុងកាន់កាប់មុខតំណែង និងតួនាទីយ៉ាងច្រើនគួរសម រួមមាន ៖ ១-អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, ២-មេបញ្ជាការកងទ័ពជើងគោក, ៣-មេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, ៤-មេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស, ៥-អនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា, ៦-អនុប្រធានប្រចាំការ នៃក្រុមការងារពិសេសថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា, ៧-អនុប្រធានក្រុមការងារស្រាវជ្រាវ ផ្តល់យោបល់ ផ្នែកអភិបាលកិច្ចសន្តិសុខ, ៨-សមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ…។ល។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ( CPP ) បច្ចុប្បន្ន បានប្រកាសនៅខេត្តព្រះសីហនុ ធ្វើការគាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវជាកូនប្រុសច្បង ជាបេក្ខជននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ហើយក៏ត្រូវបានមន្ត្រីក្រោមឱវាទរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រតាមរបៀប « បន្ទរតាម » យ៉ាងព្រោងព្រាត ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានបញ្ចេញទស្សនៈថា យោងតាមវប្បធម៌ នៃការកាន់កាប់មុខតំំណែង និងការដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការទាំងស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធ នៅកម្ពុជាបច្ចប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គួរត្រូវបានដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ( ផ្កាយ៤ ) មិនគួរណាឪពុកជានាយករដ្ឋមន្ត្រី « មើលរំលង » ផ្កាយលើស្មារបស់កូន យូរដល់ម្ល៉ឹងឡើយ ខណៈឋានន្តរស័ក្តិ ថ្នាក់ត្រឹមផ្កាយ៣ របស់ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មិនស័ក្តិសមនឹងមុខតំណែង ដែលទទួលបានទាល់តែសោះ នោះ ដោយក្រោមហេតុផលដូចតទៅ ៖
១-តំណែងក្នុងគណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សពាក់ត្រឹមផ្កាយ៣ តែម្នាក់ឯង ខណៈសមាជិកគណៈអចិន្ត្រៃយ៍ច្រើននាក់ទៀត ដែលមានក្របខ័ណ្ឌដើម ជានាយទាហាន និងនាយនគរបាលជាតិ សុទ្ធតែពាក់ផ្កាយ៤ យ៉ាងទាបបំផុតគ្រប់ៗគ្នា ។
២-តំណែងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជំនួសមុខតំណែងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា បែរជាខ្លួន « ត្រឹមពាក់ផ្កាយ៣ » ។
៣-ឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក ( ផ្កាយ៣ ) តាំងពីពាក់កណ្តាលឆ្នាំ២០១៣ គឺមានរយៈពេលប្រមាណជាង៨ឆ្នាំមកហើយ ។ ដូច្នេះ ស័ក្តិសមនឹងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ( ផ្កាយ៤ ) តាមការគួរ ៕