អស់រយៈពេលជាង៣ឆ្នាំហើយដែលឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០៣៣៨៨៣ និងត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានការតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៨/៦៩៥ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨) និងទទួលបានការតែងតាំងជាមេបញ្ជាការកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន (ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៣៣ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨) ប៉ុន្តែឯកឧត្តមឧត្តមសេនីយ៍យោធារូបនេះនៅតែមានឋានន្តរស័ក្តិត្រឹមថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) រហូតទល់សព្វថ្ងៃទោះបីជាបានឡើងមុខតំណែងជំនួសតំណែងឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិ អត្តលេខ០០០០១៦ អតីតជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក (បច្ចុប្បន្នជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស) ក៏ដោយ ។
ការទទួលបានមុខតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកជំនួសមុខតំណែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នេះ គឺមានរយៈពេលប្រមាណ៥ឆ្នាំក្រោយ បន្ទាប់ពីឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ។
នៅក្រោយពេលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នាពាក់កណ្តាលឆ្នាំ២០១៣រួចមក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្លាប់បានបង្កើតនូវរូបភាព និងសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ និងប្លែកហួសពីការគិតរហូតដល់ទទួលរងការផ្សព្វផ្សាយពីគេហទំព័រសារព័ត៌មានដើមត្នោតទៀតផង គឺ «ការពាក់ឯកសណ្ឋានភ្ជាប់នឹងឋានន្តរស័ក្តិផ្កាយ២លើស្មា ខណៈខ្លួនមានឋានន្តរស័ក្តិថ្នាក់ផ្កាយ៣» អស់រយៈពេលដល់កម្រិតគិតជាឆ្នាំ ។
បើនិយាយអំពីមុខតំណែងគិតត្រឹមឆ្នាំ២០២១នៅក្នុងគណបក្សប្រជាជនកម្ពុជា (CPP) វិញ គឺឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍លំដាប់លេខរៀងទី៣៧នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល (តែងតាំង និងដំឡើងឋានៈ ដោយសេចក្តីសម្រេចលេខ៤០៩/២០សស.គក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០) ខណៈក្នុងចំណោមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដែលមានក្របខ័ណ្ឌដើមជានាយទាហាន និងជានាយនគរបាលជាតិ សុទ្ធតែមានឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) យ៉ាងទាបបំផុត រួមមានជាអាទិ៍ ៖ ១-សម្តេចពិជ័យសេនា ទៀ បាញ់, ២-លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៣-ឯកឧត្តម កែ គឹមយ៉ាន, ៤-ឯកឧត្តម ប៉ុល សារឿន, ៥-ឯកឧត្តម គន់ គីម, ៦-ឯកឧត្តម មាស សុភា, ៧-ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន, ៨-ឯកឧត្តម ប្រាក់ សុខុន, ៩-ឯកឧត្តម វង្ស ពិសេន, ១០-ឯកឧត្តម សៅ សុខា និង ១១-ឯកឧត្តម ឥត សារ៉ាត់ ។
បច្ចុប្បន្ន ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ បាន និងកំពុងកាន់កាប់មុខតំណែង និងតួនាទីយ៉ាងច្រើនគួរសម រួមមាន ៖ ១-អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, ២-មេបញ្ជាការកងទ័ពជើងគោក, ៣-មេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម, ៤-មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស, ៥-អនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា, ៦-អនុប្រធានប្រចាំការនៃក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា, ៧-អនុប្រធានក្រុមការងារស្រាវជ្រាវ ផ្តល់យោបល់ផ្នែកអភិបាលកិច្ចសន្តិសុខ, ៨-សមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ…។ល។
កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បច្ចុប្បន្ន បានប្រកាសនៅខេត្តព្រះសីហនុធ្វើការគាំទ្រឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវជាកូនប្រុសច្បងជាបេក្ខជននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលអនាគត ហើយក៏ត្រូវបានមន្ត្រីក្រោមឱវាទរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសគាំទ្រតាមរបៀប «បន្ទរតាម» យ៉ាងព្រោងព្រាត ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា យោងតាមវប្បធម៌នៃការកាន់កាប់មុខតំំណែង និងការដំឡើងឋានន្តរស័ក្តិមន្ត្រីរាជការទាំងស៊ីវិល ទាំងកម្លាំងប្រដាប់អាវុធនៅកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គួរត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) មិនគួរណាឪពុកជានាយករដ្ឋមន្ត្រី «មើលរំលង» ផ្កាយលើស្មារបស់កូនយូរដល់ម្ល៉ឹងឡើយ ខណៈឋានន្តរស័ក្តិថ្នាក់ត្រឹមផ្កាយ៣របស់ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មិនស័ក្តិសមនឹងមុខតំណែងដែលទទួលបានទាល់តែសោះនោះ ដោយក្រោមហេតុផលដូចតទៅ ៖
១-តំណែងក្នុងគណបក្សប្រជាជនកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សពាក់ត្រឹមផ្កាយ៣តែម្នាក់ឯង ខណៈសមាជិកគណៈអចិន្ត្រៃយ៍ច្រើននាក់ទៀតដែលមានក្របខ័ណ្ឌដើមជានាយទាហាន និងនាយនគរបាលជាតិសុទ្ធតែពាក់ផ្កាយ៤យ៉ាងទាបបំផុតគ្រប់ៗគ្នា ។
២-តំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជំនួសមុខតំណែងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា បែរជាខ្លួន «ត្រឹមពាក់ផ្កាយ» ។
៣-ឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) តាំងពីពាក់កណ្តាលឆ្នាំ២០១៣ គឺមានរយៈពេលប្រមាណជាង៨ឆ្នាំមកហើយ ។ ដូច្នេះ ស័ក្តិសមនឹងទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កយ៤) តាមការគួរ ៕