ថ្ងៃ ពុធ ទី ១៩ ខែ មករា ឆ្នាំ ២០២២

​ហួសចិត្ត​ដ្បិត​ចៅក្រម​តុលាការ ! ការកាត់ក្តី​មួយ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ទាក់ទង​នឹង​សំណុំ​រឿងក្តី​ភាគហ៊ុន​នៃ​ក្រុមហ៊ុន Victoria Angkor (VAK) ក្នុង​ក្រុមហ៊ុន Victoria Angkor Estate (VAE)

ប្រភព​ស្និទ្ធ​នឹង​ក្រុមហ៊ុន Victoria Angkor Company Limited សរសេរ​កាត់​ថា (VAK) ជា​ក្រុមហ៊ុន​សញ្ជាតិ​បរទេស​១០០% ចុះបញ្ជី​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​វិនិយោគ​លើ​សេវាកម្ម​សណ្ឋាគារ​ឈ្មោះ Victoria Angkor Reosort & Spa ស្ថិតនៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ជជែក​ចរចា​អំពី​ផលប្រយោជន៍​លើ​ការ​ឈរឈ្មោះ​តំណាង​ជា​ម្ចាស់​ភាគហ៊ុន និង​ការ​ឈរឈ្មោះ​តំណាង​សិទ្ធិ​លើ​អចលនទ្រព្យ​រវាង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន VAK និង​ស្ត្រីជន​ជាតិខ្មែរ​ចំនួន​២​នាក់ ដែល​ឈរឈ្មោះ​ជា​ម្ចាស់​ភាគហ៊ុន​សរុប​ចំនួន​៥១% ក្នុង​ក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរ​កាត់​ថា (VAE) ព្រមទាំង​ការដកហូត​សិទ្ធិ​ឈរឈ្មោះ​ជា​តំណាង​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK ក្នុង​ក្រុមហ៊ុន VAE ពី​បុរស​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Pierre Ader មិនបាន​សម្រេច និង​គ្មាន​ប្រសិទ្ធភាព​រួចមក នា​អំឡុង​ឆ្នាំ​២០១៦​កន្លងទៅ​លោក Pierre Nollet សញ្ចា​តិ​បារាំង ក្នុងនាម​ជា​អតីត​អ្នកគ្រប់គ្រង​ក្រុមហ៊ុន VAK បានដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដោយ​ប្តឹង​សុំ​ដកហូត​សិទ្ធិ​ឈ្មោះ Pierre Ader ពី​អ្នកតំណាង​ឈរឈ្មោះ​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK នៅក្នុង​ក្រុមហ៊ុន VAE (​ក្រុមហ៊ុន VAE ជា​ក្រុមហ៊ុន​ឈរឈ្មោះ​លើ​អចលនវត្ថុ​ដែល​សាងសង់​សណ្ឋាគារ Victoria Angkor Resort & Spa វិនិយោគ​ដោយ​ក្រុមហ៊ុន VAK ទិញ​ផ្តាច់​ពី​ក្រសួងការពារជាតិ​នា​អំឡុង​ឆ្នាំ​២០០៤ មាន​ដើមទុន​ចុះបញ្ជី​ចំនួន​២០​លាន​រៀល និង​មាន​ម្ចាស់​ភាគហ៊ុន​ដូចតទៅ ៖ ១-​លោកស្រី លី ណាយ​យី សញ្ជាតិ​ខ្មែរ ភាគហ៊ុន​ចំនួន​២៥,៥% ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល , ២-​លោកស្រី ជុង រ៉ានី សញ្ជាតិ​ខ្មែរ ភាគហ៊ុន​ចំនួន​២៥,៥% ជា​អភិបាល និង ៣-​ក្រុមហ៊ុន VAK ជា​នីតិបុគ្គល មាន​ភាគហ៊ុន​ចំនួន​៤៩% តំណាង​ដោយ​ឈ្មោះ Pierre Ader ជា​អភិបាល​ក្រុមហ៊ុន) ។

​ដោយឡែក បុរស​សញ្ជាតិ​បារាំង​ឈ្មោះ Pierre Ader ក៏​ជា​ម្ចាស់​ភាគហ៊ុន​តូច​ម្នាក់​ដែរ​នៅក្នុង​ក្រុមហ៊ុន VAK ដោយមាន​ភាគហ៊ុន​ចំនួន​០២% (​ក្រុមហ៊ុន VAK មាន​ដើមទុន​ចុះបញ្ជី​ចំនួន​១​លាន​ដុល្លារ​អាមេរិក និង​មាន​ម្ចាស់​ភាគហ៊ុន​ដូចតទៅ ៖ ១-​ក្រុមហ៊ុន Electricite et Eaux de Madagascar Company Limited សរសេរ​កាត់​ថា EEM ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​បរទេស ជា​នីតិបុគ្គល មាន​ភាគហ៊ុន​ចំនួន​៧៥% តំណាង​ដោយ​លោក Francois Gontier សញ្ជាតិ​បារាំង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល , ២-​លោក Bernard Gauthier សញ្ជាតិ​បារាំង មាន​ភាគហ៊ុន​ចំនួន​២៣% ជា​អភិបាល និង ៣-​លោក Pierre Ader សញ្ជាតិ​បារាំង មាន​ភាគហ៊ុន​ចំនួន​០២% ជា​អភិបាល​ក្រុមហ៊ុន​) ។​

​បុរស​ជនជាតិ​បារាំង​ចំនួន​២​នាក់​ដែលមាន​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន VAK សរុប​ចំនួន​២៥% គឺ​ឈ្មោះ Bernard Gauthier និង​ឈ្មោះ Pierre Ader ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ផ្ទៃ​ក្នុងនៃ​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន VAK នោះ (​ឈ្មោះ Pierre Ader ដែលជា​ម្ចាស់​ភាគហ៊ុន​តូច ជា​មេ​នាំ​ភ្លើង​ប្តឹងផ្តល់​លោក Francois Gontier ជា​តំណាង​ម្ចាស់​ភាគហ៊ុន​ធំ​ចំនួន​៧៥% ដោយ​ទាមទារ​ភាគហ៊ុន និង​ប្រាក់ចំណេញ​ក្នុង​ក្រុមហ៊ុន​តាំងពី​អំឡុង​ឆ្នាំ​២០០៩​តរៀងមក​) ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិនិច្ឆ័យ​សេចក្តីសម្រេច​បញ្ឈប់​ភាគហ៊ុន​ពី​ក្នុង​ក្រុមហ៊ុន VAK និង​បង្គាប់​ឲ្យ​លោក Francois Gontier ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន VAK បន្ត តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ។

​ពាក់ព័ន្ធ​នឹង​ករណី​បុរស​ជនជាតិ​បារាំង​ឈ្មោះ Pierre Ader ដែលជា​សហ​ចុង​ចម្លើយ​នៅក្នុង​សំណុំ​រឿងក្តី​ខាងលើនេះ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​វិនិច្ឆ័យ​សេចក្តីសម្រេច​បញ្ចប់​នៅត្រង់ចំណុច​ទី​៣-២​នៃ​សាលក្រម គឺ​ដកហូត​សិទ្ធិ​ពី​អ្នកតំណាង​ឈរឈ្មោះ​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK ក្នុង​ក្រុមហ៊ុន VAE និង​ដាក់បញ្ចូល​ជំនួស​ដោយ​លោក Francois Gontier វិញ ( លោក Francois Gontier ជំនួស​បន្ត​ពី​លោក Pierre Nollet ដែល​ត្រូវបាន​បញ្ឈប់​ពី​តួនាទី​ក្នុង​ក្រុមហ៊ុន VAK នា​ខែកញ្ញា ឆ្នាំ​២០១៧ ) តាម​សាលក្រម​រដ្ឋប្បវេណី​លេខ​៣៥«​គ​» ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ និង​សាលក្រម​រដ្ឋប្បវេណី​លេខ​០៣«​ង​» ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ។​

​លុះ​សំណុំ​រឿងក្តី​ខាងលើ​បន្ត​មកដល់​សាលាឧទ្ធរណ៍​ភ្នំពេញ ដែលមាន​ឯកឧត្តម ឃុន លាង​ម៉េង អនុប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​, លោក​ចៅក្រម សួស សំអាត និង​លោក​ចៅក្រម លាង សំណាត់ (​បច្ចុប្បន្ន​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត​) ជា​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ ក៏បាន​វិនិច្ឆ័យ​សេចក្តីសម្រេច​បញ្ចប់​នៅត្រង់ចំណុច​ទី​៣, ចំណុច​ទី​៦, ចំណុច​ទី​៧, ចំណុច​ទី​៨ និង​ចំណុច​ទី​៩ នៃ​សាលដីកា គឺ​លុបចោល​សាលក្រម​រដ្ឋប្បវេណី​លេខ​០៣«​ង​» ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​របស់​សាលាដំបូង​ខេត្តសៀមរាប​, ទទួល​បណ្តឹងតប​រប​ស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​ឈ្មោះ Pierre Ader ទុកជា​ត្រឹមត្រូវ​, ទទួលស្គាល់​ចំណែក​ភាគហ៊ុន និង​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន VAE របស់​ឈ្មោះ Pierre Ader តាម​លក្ខន្តិកៈ​របស់​ក្រុមហ៊ុន VAE ព្រមទាំង​បង្គាប់​ឲ្យ​លោក Francois Gontier ជា​ភាគី​ដើមចោទ (​ជា​ភាគី​ដើមចោទ​ជំនួស​បន្ត​ពី​លោក Pierre Nollet) សង​សំណង​ជំងឺ​ចិត្ត និង​ការចំណាយ​ផ្សេងៗ​ចំនួន​៥០​លាន​រៀល ទៅ​ឈ្មោះ Pierre Ader ជា​ភាគី​សហ​ចុង​ចម្លើយ​ទៅវិញ តាម​សាលដីកា​រដ្ឋប្បវេណី​លេខ​១៩​ក្រ​III«​ឃ​» ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ (Sic!) ។​

​បច្ចុប្បន្ន សំណុំរឿង​ក្តី​រវាង​ក្រុមហ៊ុន VAK និង​ក្រុមហ៊ុន VAE ខាងលើនេះ កំពុង​ជាប់​បណ្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​នៅឡើយ ។

​មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​ដែល​បាន​តាមដាន​សំណុំរឿង​វិវាទ​រវាង​ក្រុមហ៊ុន VAK និង​ក្រុមហ៊ុន VAE បាន​បញ្ចេញ​ទស្សនៈ​ថា តាមពិតទៅ​ឈ្មោះ Pierre Ader ត្រូវបាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន VAK សម្រេច​ដកហូត​សិទ្ធិ​ធ្វើជា​អ្នកតំណាង​ឈរឈ្មោះ​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK ពី​ក្នុង​ក្រុមហ៊ុន VAE និង​ដាក់បញ្ចូល​ជំនួស​វិញ​ដោយ​លោក Pierre Nollet តាំងពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦​មកម្ល៉េះ និង​លើសពីនេះ​ទៀត ឈ្មោះ Pierre Ader ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេច​បញ្ឈប់​ភាគហ៊ុន​របស់ខ្លួន​ជំ​នួន​០២%​ពី​ក្នុង​ក្រុមហ៊ុន VAK ព្រោះតែ​មានគំនិត​ទុច្ចរិត​បាត់ទៅហើយ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៣៧២(​ឈ​) ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ។ ដូច្នេះ ឈ្មោះ Pierre Ader លែងមាន​លក្ខណៈសម្បត្តិ ឬ​គុណវុឌ្ឍិ​ស្របច្បាប់​លើ​ការ​ឈរឈ្មោះ​តំណាង​ម្ចាស់​ភាគហ៊ុន​ចំនួន​៤៩%​របស់​ក្រុមហ៊ុន VAK ក្នុង​ក្រុមហ៊ុន VAE តទៅទៀត​ឡើយ ហើយ​ការវិនិច្ឆ័យ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែលមាន​ឯកឧត្តម ឃុន លាង​ម៉េង ជា​អនុប្រធាន​សាលាឧទ្ធរណ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចេញ​ជា​សាលដីកា​រដ្ឋប្បវេណី​លេខ​១៩​ក្រ​III«​ឃ​» ចុះ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ គឺ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត ព្រមទាំង​ក៏បាន​នាំ​ឲ្យ​អ្នកវិនិយោគ​បរទេស​សុចរិត​សម្តែង​នូវ​ការ «​ខកចិត្ត​» និង «​អស់ជំនឿ​» ទៅលើ​ស្ថាប័ន​តុលាការ​កម្ពុជា​ផងដែរ ។

​លោក ឃុន លាង​ម៉េង អាយុ​៤៩​ឆ្នាំ ឋានន្តរស័ក្តិ​វរៈ​ចៅក្រម​ថ្នាក់​លេខ​១ ចៅក្រម​សាលាឧទ្ធរណ៍ ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​សាលាឧទ្ធរណ៍ (​បច្ចុប្បន្ន​ជា​សាលាឧទ្ធរណ៍​ភ្នំពេញ​) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៦/៤១០ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ ទទួលបាន​ងារ​ជា «​ឯកឧត្តម​» ទល់​សព្វថ្ងៃនេះ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.