ប្រភពស្និទ្ធនឹងក្រុមហ៊ុន Victoria Angkor Company Limited សរសេរកាត់ថា (VAK) ជាក្រុមហ៊ុនសញ្ជាតិបរទេស១០០% ចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែលវិនិយោគលើសេវាកម្មសណ្ឋាគារឈ្មោះ Victoria Angkor Reosort & Spa ស្ថិតនៅខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីជជែកចរចាអំពីផលប្រយោជន៍លើការឈរឈ្មោះតំណាងជាម្ចាស់ភាគហ៊ុន និងការឈរឈ្មោះតំណាងសិទ្ធិលើអចលនទ្រព្យរវាងអ្នកគ្រប់គ្រងក្រុមហ៊ុន VAK និងស្ត្រីជនជាតិខ្មែរចំនួន២នាក់ ដែលឈរឈ្មោះជាម្ចាស់ភាគហ៊ុនសរុបចំនួន៥១% ក្នុងក្រុមហ៊ុន Victoria Angkor Estate Co.,Ltd. សរសេរកាត់ថា (VAE) ព្រមទាំងការដកហូតសិទ្ធិឈរឈ្មោះជាតំណាងម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK ក្នុងក្រុមហ៊ុន VAE ពីបុរសជនជាតិបារាំងម្នាក់ឈ្មោះ Pierre Ader មិនបានសម្រេច និងគ្មានប្រសិទ្ធភាពរួចមក នាអំឡុងឆ្នាំ២០១៦កន្លងទៅលោក Pierre Nollet សញ្ចាតិបារាំង ក្នុងនាមជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុន VAK បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ដោយប្តឹងសុំដកហូតសិទ្ធិឈ្មោះ Pierre Ader ពីអ្នកតំណាងឈរឈ្មោះម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK នៅក្នុងក្រុមហ៊ុន VAE (ក្រុមហ៊ុន VAE ជាក្រុមហ៊ុនឈរឈ្មោះលើអចលនវត្ថុដែលសាងសង់សណ្ឋាគារ Victoria Angkor Resort & Spa វិនិយោគដោយក្រុមហ៊ុន VAK ទិញផ្តាច់ពីក្រសួងការពារជាតិនាអំឡុងឆ្នាំ២០០៤ មានដើមទុនចុះបញ្ជីចំនួន២០លានរៀល និងមានម្ចាស់ភាគហ៊ុនដូចតទៅ ៖ ១-លោកស្រី លី ណាយយី សញ្ជាតិខ្មែរ ភាគហ៊ុនចំនួន២៥,៥% ជាប្រធានក្រុមប្រឹក្សាភិបាល , ២-លោកស្រី ជុង រ៉ានី សញ្ជាតិខ្មែរ ភាគហ៊ុនចំនួន២៥,៥% ជាអភិបាល និង ៣-ក្រុមហ៊ុន VAK ជានីតិបុគ្គល មានភាគហ៊ុនចំនួន៤៩% តំណាងដោយឈ្មោះ Pierre Ader ជាអភិបាលក្រុមហ៊ុន) ។
ដោយឡែក បុរសសញ្ជាតិបារាំងឈ្មោះ Pierre Ader ក៏ជាម្ចាស់ភាគហ៊ុនតូចម្នាក់ដែរនៅក្នុងក្រុមហ៊ុន VAK ដោយមានភាគហ៊ុនចំនួន០២% (ក្រុមហ៊ុន VAK មានដើមទុនចុះបញ្ជីចំនួន១លានដុល្លារអាមេរិក និងមានម្ចាស់ភាគហ៊ុនដូចតទៅ ៖ ១-ក្រុមហ៊ុន Electricite et Eaux de Madagascar Company Limited សរសេរកាត់ថា EEM ជាក្រុមហ៊ុនចុះបញ្ជីនៅបរទេស ជានីតិបុគ្គល មានភាគហ៊ុនចំនួន៧៥% តំណាងដោយលោក Francois Gontier សញ្ជាតិបារាំង ជាប្រធានក្រុមប្រឹក្សាភិបាល , ២-លោក Bernard Gauthier សញ្ជាតិបារាំង មានភាគហ៊ុនចំនួន២៣% ជាអភិបាល និង ៣-លោក Pierre Ader សញ្ជាតិបារាំង មានភាគហ៊ុនចំនួន០២% ជាអភិបាលក្រុមហ៊ុន) ។
បុរសជនជាតិបារាំងចំនួន២នាក់ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន VAK សរុបចំនួន២៥% គឺឈ្មោះ Bernard Gauthier និងឈ្មោះ Pierre Ader ដែលពាក់ព័ន្ធនឹងវិវាទផ្ទៃក្នុងនៃម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុន VAK នោះ (ឈ្មោះ Pierre Ader ដែលជាម្ចាស់ភាគហ៊ុនតូច ជាមេនាំភ្លើងប្តឹងផ្តល់លោក Francois Gontier ជាតំណាងម្ចាស់ភាគហ៊ុនធំចំនួន៧៥% ដោយទាមទារភាគហ៊ុន និងប្រាក់ចំណេញក្នុងក្រុមហ៊ុនតាំងពីអំឡុងឆ្នាំ២០០៩តរៀងមក) ត្រូវបានស្ថាប័នតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាវិនិច្ឆ័យសេចក្តីសម្រេចបញ្ឈប់ភាគហ៊ុនពីក្នុងក្រុមហ៊ុន VAK និងបង្គាប់ឲ្យលោក Francois Gontier ជាអ្នកគ្រប់គ្រងក្រុមហ៊ុន VAK បន្ត តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។
ពាក់ព័ន្ធនឹងករណីបុរសជនជាតិបារាំងឈ្មោះ Pierre Ader ដែលជាសហចុងចម្លើយនៅក្នុងសំណុំរឿងក្តីខាងលើនេះត្រូវបានសាលាដំបូងខេត្តសៀមរាបវិនិច្ឆ័យសេចក្តីសម្រេចបញ្ចប់នៅត្រង់ចំណុចទី៣-២នៃសាលក្រម គឺដកហូតសិទ្ធិពីអ្នកតំណាងឈរឈ្មោះម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK ក្នុងក្រុមហ៊ុន VAE និងដាក់បញ្ចូលជំនួសដោយលោក Francois Gontier វិញ ( លោក Francois Gontier ជំនួសបន្តពីលោក Pierre Nollet ដែលត្រូវបានបញ្ឈប់ពីតួនាទីក្នុងក្រុមហ៊ុន VAK នាខែកញ្ញា ឆ្នាំ២០១៧ ) តាមសាលក្រមរដ្ឋប្បវេណីលេខ៣៥«គ» ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ និងសាលក្រមរដ្ឋប្បវេណីលេខ០៣«ង» ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
លុះសំណុំរឿងក្តីខាងលើបន្តមកដល់សាលាឧទ្ធរណ៍ភ្នំពេញ ដែលមានឯកឧត្តម ឃុន លាងម៉េង អនុប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោកចៅក្រម សួស សំអាត និងលោកចៅក្រម លាង សំណាត់ (បច្ចុប្បន្នជាប្រធានសាលាដំបូងខេត្តកំពត) ជាចៅក្រមប្រឹក្សាជំនុំជម្រះ ក៏បានវិនិច្ឆ័យសេចក្តីសម្រេចបញ្ចប់នៅត្រង់ចំណុចទី៣, ចំណុចទី៦, ចំណុចទី៧, ចំណុចទី៨ និងចំណុចទី៩ នៃសាលដីកា គឺលុបចោលសាលក្រមរដ្ឋប្បវេណីលេខ០៣«ង» ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០របស់សាលាដំបូងខេត្តសៀមរាប, ទទួលបណ្តឹងតបរបស់មេធាវីតំណាងដោយអាណត្តិឲ្យឈ្មោះ Pierre Ader ទុកជាត្រឹមត្រូវ, ទទួលស្គាល់ចំណែកភាគហ៊ុន និងសិទ្ធិគ្រប់គ្រងក្រុមហ៊ុន VAE របស់ឈ្មោះ Pierre Ader តាមលក្ខន្តិកៈរបស់ក្រុមហ៊ុន VAE ព្រមទាំងបង្គាប់ឲ្យលោក Francois Gontier ជាភាគីដើមចោទ (ជាភាគីដើមចោទជំនួសបន្តពីលោក Pierre Nollet) សងសំណងជំងឺចិត្ត និងការចំណាយផ្សេងៗចំនួន៥០លានរៀល ទៅឈ្មោះ Pierre Ader ជាភាគីសហចុងចម្លើយទៅវិញ តាមសាលដីការដ្ឋប្បវេណីលេខ១៩ក្រIII«ឃ» ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ (Sic!) ។
បច្ចុប្បន្ន សំណុំរឿងក្តីរវាងក្រុមហ៊ុន VAK និងក្រុមហ៊ុន VAE ខាងលើនេះ កំពុងជាប់បណ្តឹងសាទុក្ខទៅតុលាការកំពូលនៅឡើយ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យដែលបានតាមដានសំណុំរឿងវិវាទរវាងក្រុមហ៊ុន VAK និងក្រុមហ៊ុន VAE បានបញ្ចេញទស្សនៈថា តាមពិតទៅឈ្មោះ Pierre Ader ត្រូវបានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VAK សម្រេចដកហូតសិទ្ធិធ្វើជាអ្នកតំណាងឈរឈ្មោះម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK ពីក្នុងក្រុមហ៊ុន VAE និងដាក់បញ្ចូលជំនួសវិញដោយលោក Pierre Nollet តាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦មកម្ល៉េះ និងលើសពីនេះទៀត ឈ្មោះ Pierre Ader ត្រូវបានស្ថាប័នតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបញ្ឈប់ភាគហ៊ុនរបស់ខ្លួនជំនួន០២%ពីក្នុងក្រុមហ៊ុន VAK ព្រោះតែមានគំនិតទុច្ចរិតបាត់ទៅហើយ តាមអំណាចសាលដីការដ្ឋប្បវេណីលេខ៣៧២(ឈ) ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ។ ដូច្នេះ ឈ្មោះ Pierre Ader លែងមានលក្ខណៈសម្បត្តិ ឬគុណវុឌ្ឍិស្របច្បាប់លើការឈរឈ្មោះតំណាងម្ចាស់ភាគហ៊ុនចំនួន៤៩%របស់ក្រុមហ៊ុន VAK ក្នុងក្រុមហ៊ុន VAE តទៅទៀតឡើយ ហើយការវិនិច្ឆ័យសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលមានឯកឧត្តម ឃុន លាងម៉េង ជាអនុប្រធានសាលាឧទ្ធរណ៍ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះចេញជាសាលដីការដ្ឋប្បវេណីលេខ១៩ក្រIII«ឃ» ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ គឺបានបង្ហាញឲ្យឃើញនូវរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តបំផុត ព្រមទាំងក៏បាននាំឲ្យអ្នកវិនិយោគបរទេសសុចរិតសម្តែងនូវការ «ខកចិត្ត» និង «អស់ជំនឿ» ទៅលើស្ថាប័នតុលាការកម្ពុជាផងដែរ ។
លោក ឃុន លាងម៉េង អាយុ៤៩ឆ្នាំ ឋានន្តរស័ក្តិវរៈចៅក្រមថ្នាក់លេខ១ ចៅក្រមសាលាឧទ្ធរណ៍ ទទួលបានការតែងតាំងជាអនុប្រធានសាលាឧទ្ធរណ៍ (បច្ចុប្បន្នជាសាលាឧទ្ធរណ៍ភ្នំពេញ) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៤១០ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ទទួលបានងារជា «ឯកឧត្តម» ទល់សព្វថ្ងៃនេះ ៕