ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

​អតីត​ប្រធានរដ្ឋសភា អតីត​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​យាង​សោយ​ទិវង្គត​នៅ​ប្រទេស​បារាំង

យោងតាម​ការ Post ផ្សព្វផ្សាយ​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គម Facebook បាន​ឲ្យ​ដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​បាន​យាង​សោយ​ទិវង្គត​ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា​នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​នៅ​ប្រទេស​បារាំង ត្រូវ​នឹង​វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល ម៉ោង​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​១៩៤៤ ជា​ព្រះរាជ​បុត្រា​របស់​សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ និង​អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទ្រង់​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ។ បន្ទាប់ពី​បាន​ប្រជែង​ឈ្នះឆ្នោត​លើ​គណបក្ស​ប្រជាជន​កម្ពុ​ជានា​សម័យ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ (១៩៩៣-១៩៩៨) រៀបចំឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) ក្នុងនាម​ជា​អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ទ្រង់​ធ្លាប់បាន​យាង​កាន់កាប់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១, ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោយមកទៀត នៅ​ចុងឆ្នាំ​២០០៨ ទ្រង់​ក៏ត្រូវ​បានតែងតាំង​ជា​ប្រធាន​ក្រុម ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី (​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០០៨) ។

​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ចេញ​សារ​រំលែក​ព្រះ​មរណទុក្ខ​ទូលថ្វាយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី រណឫទ្ធិ និង​ព្រះរាជបុត្រ បុត្រី​ព្រះអង្គ ចំពោះ​ការយាង​សោយ​ទិវង្គត​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុង​ព្រះ​ជន្មាយុ​៧៧​ព្រះវស្សា ដោយ​ព្រះ​រោគាពាធ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.