យោងតាមការ Post ផ្សព្វផ្សាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងបណ្តាញសង្គម Facebook បានឲ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សានៅវេលាម៉ោង០៩ និង៤០នាទីព្រឹក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅប្រទេសបារាំង ត្រូវនឹងវេលាម៉ោង១៥ និង៤០នាទីរសៀល ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ ជាព្រះរាជបុត្រារបស់សម្តេច នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ និងអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ទ្រង់ជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពប្រទេសកម្ពុជានៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ បន្ទាប់ពីបានប្រជែងឈ្នះឆ្នោតលើគណបក្សប្រជាជនកម្ពុជានាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ (១៩៩៣-១៩៩៨) រៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ក្នុងនាមជាអតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ទ្រង់ធ្លាប់បានយាងកាន់កាប់មុខតំណែងជានាយករដ្ឋមន្ត្រីទី១, ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោយមកទៀត នៅចុងឆ្នាំ២០០៨ ទ្រង់ក៏ត្រូវបានតែងតាំងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី (ចូលជាធរមានចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៨) ។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសាររំលែកព្រះមរណទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រ បុត្រីព្រះអង្គ ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ ៕