ថ្ងៃ ចន្ទ ទី ១៥ ខែ សីហា ឆ្នាំ ២០២២

ក្មួយ និង​ពូ ផ្តល់​គំរូ​អាក្រក់​ដល់​រដ្ឋ និង​រាស្ត្រ ! ចៅហ្វាយស្រុក និង​អនុប្រធាន​ការិយាល័យ​នីតិកម្ម​ស្រុក​កណ្តាលស្ទឹង សាន សាវុន មិន​ស្វាហាប់​នឹង​ការងារ​ដ្ឋ និង​បម្រើ​រាស្ត្រ បែរជា​សកម្ម​ខាង​រក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន

រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្រោម​ការដឹកនាំ​របស់​លោក អ៊ូច សៅ​វឿន ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក មិន​ត្រឹម​ល្បីល្បាញ​លេចធ្លោ​ខាង​មាន​បណ្តាញ​ក្រុមគ្រួសារ បក្ខពួកនិយម​ជា​ប្រព័ន្ធ​សំពីងសំពោងរ​ណេង​រណោង​នោះទេ គឺ​ល្បី​ទាំង​លោក​ចៅហ្វាយស្រុក​ផ្ទាល់ និង​ល្បីឈ្មោះ​ទាំង​លោក សាន សាវុន អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ដែល​ត្រូវជា​ឪពុកមា (​ពូ​) បង្កើត​របស់លោក​ចៅហ្វាយ​ស្រុក អ៊ូច សៅ​វឿន ទៀតផង ។

​លោក សាន សាវុន ល្បីឈ្មោះ​ក្នុង​សំណុំរឿង​អាស្រូវ​តាំងពី​នៅ​បម្រើ​ការងារ​ជា​អតីត​ស្មៀនឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មកម្ល៉េះ គឺ​ធ្វើ​ឲ្យ​បាត់​ត្រា​រដ្ឋបាល​ឃុំ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​អស់សំណើច​ទាំង​ហួសចិត្ត ។ ក្រោយមក តាមរយៈ​ខ្សែ​បក្ខពួក លោក សាន សាវុន ក៏​បានមក​បម្រើការ​ងា​រ​នៅ​រដ្ឋបាល​ស្រុក​កណ្តាលស្ទឹង​រហូត​ទទួលបាន​មុខតំណែង​ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​ទល់​បច្ចុប្បន្ន ។

​ក្នុងនាម​ជា​មន្ត្រីរាជការ​កាន់​មុខតំណែង​ជា​អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺ​បុរស​សម្បូរ​ស្នេហ៍ សាន សាវុន មិនសូវ​បាន​ចូល​កន្លែងធ្វើការ​ងា​រប​ម្រើ​រដ្ឋ និង​សេវាសាធារណៈ​ដល់​រាស្ត្រ​ទេ ប៉ុន្តែ​បែរជា​យកចិត្តទុកដាក់​តែ​នឹង​ការងារ​ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ឯកជន​ក្រៅ​ប្រព័ន្ធ (​អាង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ភូមិបាល​ស្រុក​យក​ម៉ាស៊ីន GPS ចុះ​វាស់វែង​ដីធ្លី​ជា​លក្ខណៈ​ឯកជន​) ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ទៅវិញ ។

​សរុបសេចក្តី​មក ទាំង​ក្មួយ (​លោក​ចៅហ្វាយស្រុក អ៊ូច សៅ​វឿន ល្បី​ខាង​រវល់​យកចិត្តទុកដាក់​តែ​នឹង​អាជីវកម្ម​រ៉ែ​ខ្សាច់ និង​រណ្តៅ​ដី​យកលុយ​ដាក់​ហោប៉ៅ​) ទាំង​ពូ (​លោក សាន សាវុន អនុប្រធាន​ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ល្បីឈ្មោះ​ជា​បុរស​សម្បូរ​ស្នេហ៍ និង​រវល់​តែ​ចុះ​វាស់​ដីធ្លី​ជា​លក្ខណៈ​ឯកជន​ក្រៅ​ប្រព័ន្ធ​យកលុយ​ដាក់​ហោប៉ៅ​) គឺ​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​មើលឃើញថា ជា​មន្ត្រី​ផ្តល់នូវ​គំរូ​ដ៏​អាក្រក់​ដល់​ស្ថាប័នរដ្ឋ និង​ការបម្រើ​សេវាសាធារណៈ​ឲ្យ​ប្រជារាស្ត្រ​ក្នុង​មូលដ្ឋាន ពោល​មិនសូវ​គិតគូរ​រវីរវល់​ដល់​ការងារ​រដ្ឋ និង​ការបម្រើ​រាស្ត្រ​ទេ បែរជា​សកម្ម​មមាញឹក​តែ​នឹង​ការប្រមូល​លុយ​តាម​គ្រប់​រូបភាព និង​គ្រប់​ល្បិចកល់​ដើម្បី​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន និង​បក្ខពួក​ប៉ុណ្ណោះ (​សូម​អាន​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​បន្ថែម )

​សូម​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​កណ្តាលស្ទឹង ព្រមទាំង​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង មេត្តា​ត្រួត​ពិនិត្យមើល និង​មាន​វិធានការ​ទៅលើ​អំពើ​របស់លោក​ចៅហ្វាយស្រុក អ៊ូច សៅ​វឿន និង​បក្ខពួក​ផង បើ​ពុំ​នោះទេ​ប្រសិទ្ធភាព​អភិបាលកិច្ច​នៅ​រដ្ឋបាល​ស្រុក និង​ប្រជាប្រិយភាព​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​កណ្តាលស្ទឹង នឹង​ធ្លាក់​ថមថយ​ចុះ និង​បង្ក​ការក្តៅក្រហាយ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជាក់​ជាមិនខាន​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.