នាយឧត្តមសេនីយ៍ (ផ្កាយ៤) នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន២នាក់ទៀត គឺឯកឧត្តមនាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ០០០០៧៥ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ វិញ អត្តលេខ០០០១៧១ មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹក និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចពិជ័យសេនានាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ (បើមានទុកដាក់នៅសហរដ្ឋអាមេរិក) និងមិនផ្តល់ទិដ្ឋាការ (VISA) ឲ្យចេញ-ចូលសហរដ្ឋអាមេរិកឡើយ ដោយសហរដ្ឋអាមេរិកចោទប្រកាន់ថា នាយឧត្តមសេនីយ៍យោធាកម្ពុជាទាំងពីរនាក់នេះមានការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ខណៈនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ ដោយអះអាងថា «សហរដ្ឋអាមេរិកប្រើអំណាចយុត្តាធិការហួសព្រំដែនមកលើមន្ត្រីកម្ពុជាក្រោមការចោទប្រកាន់គ្មានមូលដ្ឋានដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ ។» ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលតែងតែតាមដានកិច្ចការសង្គមនៅកម្ពុជាបានលាន់មាត់ថា អំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់កម្ពុជា គឺអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាប្រធាន «មើលមិនឃើញទាល់តែសោះ» បែរជាសហរដ្ឋអាមេរិក «មើលឃើញ» រហូតដល់ដាក់ទណ្ឌកម្មទៅវិញ (Sic!) ៕