ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

រឿង​ក្រុមហ៊ុន​ទូរ​សព្ទ និង Internet ចំនួន​២​ទាស់​គ្នា​ជាមួយ​រដ្ឋ ! រាជរដ្ឋាភិបាល​ធ្លាក់​ក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន Emaxx និង​ក្រុមហ៊ុន Kingtel ដែលជា​ក្រុមហ៊ុន​អសកម្ម​ក្នុង​មុខរបរ​រកស៊ី Internet និង​ទូរ​សព្ទ​ចល័ត​

​ក្រុមហ៊ុន Emaxx Telecom គឺជា​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​បណ្ណ​ប្រតិបត្តិ​ការណ៍​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) ប៉ុន្តែ​ត្រូវបាន​ក្រសួង MPTC លុប​អាជ្ញា​បណ្ណ​ចោល​វិញ​កាលពី​ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ ។ ដោយឡែក​ក្រុមហ៊ុន Kingtel Communications Limited គឺជា​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​បណ្ណ​សម្រាប់​ផ្តល់​សេវា Internet (ISP) និង​អាជ្ញា​បណ្ណ​សម្រាប់​សេវា​សំឡេង​តាមរយៈ​ពី​ធី​ការ​Internet (VoIP) ចោល​វិញ ដោយ​រក្សាទុក​ត្រឹម​អាជ្ញា​បណ្ណ​សម្រាប់​ផ្តល់​សេវា Internet (ISP) កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០​កន្លងទៅ​ផងដែរ ។​

​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​) ធ្លាប់​បានចេញ​លិខិតផ្លូវការ​កាលពី​ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ​ជម្រាបជូន​ប្រធាន​ក្រុមហ៊ុន​Kingtel Communications Limited ឲ្យ​ធ្វើការ​បញ្ជាក់​អំពី​ប្រតិបត្តិ​ការផ្តល់សេវា Internet របស់​ក្រុមហ៊ុន​បន្ទាប់ពី​ក្រុម​ហ៊ុ​នេះ​បានសម្រេច​ផ្អាក​ការផ្តល់សេវា Internet (ISP) ដោយ​គ្មាន​ការអនុញ្ញាត​ជាមុន​ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។

​ជាមួយនឹង​ការ​លុប និង​ព្យួរ​អាជ្ញា​បណ្ណ​របស់​ក្រុមហ៊ុន Emaxx Telecom និង​ក្រុមហ៊ុន kingtel Communications Limited រួមទាំង​ក្រុមហ៊ុន​ចំនួន​១៥​ផ្សេងទៀត​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២០​នោះ ក្រសួង MPTC បានបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​ដែល​ត្រូវបាន​លុប​អាជ្ញា​បណ្ណ​ត្រូវ​ទូទាត់​បំណុល​ដែល​ជំពាក់​ក្រសួង MPTC និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បំណុល​រដ្ឋ ឯកជន កាតព្វកិច្ច​ពន្ធដារ និង​ត្រូវមាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​បុគ្គលិក អតិថិជន និង​តតិយជន​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុងករណី​មានការ​តវ៉ា​កើតឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញា​បណ្ណ​នេះ ។​

​ទោះយ៉ាងណា​ជា​ប្រការ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផង និង​សោកស្តាយ​ផង រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​វិវាទ​ជាមួយ​ក្រុមហ៊ុន Emaxx Telecom និង​ក្រុមហ៊ុន Kingtel Communications Limited ហើយ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ចំពោះ​កិច្ច​មួយ​ដើម្បី​ដោះស្រាយ​វិវាទ​នេះ តាម​ស្មារតី​សេចក្តីសម្រេច​លេខ​៩២​សសរ ចុះ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ក្រុមការងារ​អន្តរក្រសួង​នេះ​មាន​ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង MPTC ជា​ប្រធាន (​អនុប្រធាន​ចំនួន​០២​នាក់ និង​សមាជិក​ចំនួន​១៣​នាក់​) និង​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​ក្រសួង MPTC ដើម្បី​បំពេញការងារ​របស់ខ្លួន ។​

​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ មាន​ក្រុមហ៊ុន​ចំនួន​៥០​ទទួលបាន​អាជ្ញា​បណ្ណ​សម្រាប់​ផ្តល់​សេវា Internet (ISP) VoIP និង​ទូរ​សព្ទ​នៅ​ប្រទេស​កម្ពុជា ខណៈ​មានតែ​ក្រុមហ៊ុន​មួយចំនួន​ប៉ុណ្ណោះ​ដែលមាន​សកម្មភាព​មុខរបរ​សកម្ម​រហូតមក​ទល់​បច្ចុប្បន្ន ៕

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.