កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ លោកមេធាវី ព្រុំ សុវណ្ណរ៉ា ប្រធានក្រុមមេធាវី អេជ អេន អេស (HNS Law Group) ដែលអះអាងថាជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិឲ្យស្ត្រីម្នាក់ឈ្មោះ ទ្រី ដាណា នោះ បានចេញលិខិតអញ្ជើញមួយច្បាប់លេខ១៥៩/២១ ដោយអញ្ជើញស្ត្រីម្នាក់ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ជាម្ចាស់ Account Facebook ឈ្មោះ «An Na Rose» ឲ្យចូលខ្លួនមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS Law Group) នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ រសៀល ដែលក្នុងខ្លឹមសារលិខិតអញ្ជើញរបស់លោកមេធាវី ព្រុំ សុវណ្ណារ៉ា បានសង្កត់ធ្ងន់ទៀតថា «បើឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ពុំមកតាមការកំណត់ទេនោះ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការទៅតាមនិតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា (លិខិតអញ្ជើញរបស់លោកមេធាវី ព្រុំ សុវណ្ណារ៉ា សរសេរថា (ព្រះរាជណាចក្រកម្ពុជា) ។ » (Sic!) ។
លិខិតអញ្ជើញលេខ១៥៩/២១ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១របស់លោកមេធាវី ព្រុំ សុវណ្ណារ៉ា បានបញ្ជាក់ឲ្យដឹងថា ខ្លួនសូមអញ្ជើញស្ត្រីឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ដើម្បីឲ្យមកចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិ (Comment) ថា ៖ ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ។ ប្អូនចង់ឲ្យបងតុបតែងខ្លួនមើលទៅស៊ីវីល័យស័ក្តិសមនឹងទ្រព្យសម្បត្តិដែលបងមាន ។ ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង នៅក្នុង Facebook Page របស់កូនក្តីខ្លួន (ស្ត្រីឈ្មោះ ទ្រី ដាណា) ដោយការចូលបញ្ចេញមតិ (Comment)ខាងលើបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះកូនក្តីខ្លួនយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមមួយចំនួនទៀត (Resic!) ។
ទោះជាយ៉ាងណាក្តី ម្ចាស់ Account Facebook ឈ្មោះ «An Na Rose» បាន Post ធ្វើការសុំអធ្យាស្រ័យពីស្ត្រីឈ្មោះ ទ្រី ដាណា តាមបណ្តាញព័ត៌មានសង្គម Facebook រួចហើយកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ។
លោក ព្រុំ សុវណ្ណារ៉ា ( Prom Sovannara) អាយុ៣២ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) មានអត្តលេខ១៣៣០ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ (សុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី៦) និងបានក្លាយជាមេធាវីពេញសិទ្ធិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបាននាំគ្នាបញ្ចេញទស្សនៈថា លិខិតអញ្ជើញមួយច្បាប់លេខ១៥៩/២១ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១របស់លោកមេធាវី ព្រុំ សុវណ្ណារ៉ា គឺពិតជាបានធ្វើឲ្យល្បីទាំងអាណត្តិទាយិកា (ស្ត្រីឈ្មោះ ទ្រី ដាណា) ល្បីទាំងមេធាវីតំណាងដោយអាណត្តិ (ព្រុំ សុវណ្ណារ៉ា) តាមបណ្តាញសង្គម Facebook ដ៏គួរឲ្យហួសចិត្តតែម្តងហើយ ៕