ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២១

​ចំណូល​រដ្ឋ​តិចជាង​ចំណូល​ហោប៉ៅ​ចៅហ្វាយស្រុក ! ថ្នាក់លើ​មិនគួរ​មើលរំលង ឬ​ខ្ជីខ្ជា​ជាមួយនឹង​អាជីវកម្ម​អាចម៍ដី និង​រ៉ែ​ខ្សាច់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ឡើយ

ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ដែលមាន​ចំនួន​១៨​ឃុំ បច្ចុប្បន្ន​មាន​លោក អ៊ូច សៅ​វឿន ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ក្រៅពី​ត្រូវបាន​គេ​មើលឃើញថា​បាន និង​កំពុង​ហ៊ុំព័ទ្ធ​ទៅដោយ​បណ្តាញ​គ្រួសារ និង​បក្ខ​ពួកលោក​ចៅហ្វាយស្រុក​យ៉ាង​ប្រទាក់ក្រឡា សំពីងសំពោង​ពីលើ​ដល់​ក្រោម និង​ពីឆ្វេង​ដល់​ស្តាំ​នោះ (​សូម​អាន​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​បន្ថែម​) គឺជា​ភូមិសាស្ត្រ​ដែល​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច​លើ​អាជីវកម្ម​អាចម៍ដី និង​រ៉ែ​ខ្សាច់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀតផង ។

​ប្រការ​គួរ​ឲ្យ​យកចិត្តទុកដាក់​នោះ គឺ​អាជីវកម្ម​អាចម៍ដី​រាប់ពាន់​ហិកតា​ដែល​ឈ្មួញ​ជីករណ្តៅ​ដី​សឹង​ដល់​ក្បាល​ប្រែ​ត​មាន​រូបភាព​ស្របច្បាប់ (​មាន​អាជ្ញា​បណ្ណ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល​) ផង និង​រូប​ភាពមិន​ស្របច្បាប់​ផង​ដែល​ភាគច្រើន​ត្រូវបាន​កាង​ពីក្រោយ​ដោយ​លោក​ចៅហ្វាយស្រុក និង​បក្ខពួក ។​

​យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២​ក្រុមហ៊ុន​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​អាចម៍ដី​នៅ​ស្រុក​កណ្តាលស្ទឹង​នៃ​ខេត្តកណ្តាល​ដោយ​ក្រសួង​រ៉ែ និង​ថាមពល ជាអាទិ៍ ៖ ១-​ក្រុមហ៊ុន អិ​ល​ប៊ី​អិន គ្រុប ឯ​.​ក (LBN Group Co.,Ltd.) ទទួលបាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​អាចម៍ដី (​ស្តា​របឹង​) នៅ​តំបន់​បឹង​ទ្រា ភូមិ​ទ្រា ភូមិ​ត្រស់ និង​ភូមិ​មាត់បឹង ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល​០២​ឆ្នាំ រហូតដល់​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២២ ដោយ​អាជ្ញា​បណ្ណ​លេខ​០១១៦​រថ​.​អធរ​.​អប ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០​របស់​ក្រសួង​រ៉ែ និង​ថាមពល​, ២-​ក្រុមហ៊ុន ឃី​ង​ឡាក់​គី ឯ​.​ក (King Lucky Co.,Ltd.) ទទួលបាន​ការអនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​អាចម៍ដី (​ស្តា​របឹង​) នៅ​តំបន់​បឹង​ទ្រា ភូមិ​រោង​គោ ភូមិ​មាត់បឹង ភូមិ​ត្រស់ និង​ភូមិ​កាប់​លាវ ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេល​០២​ឆ្នាំ​រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​អាជ្ញា​បណ្ណ​លេខ​០០៥៨​រថ​.​អធរ​.​អប និង​លេខ​០០៥៩​រថ​.​អធរ​.​អប ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​របស់​ក្រសួង​រ៉ែ និង​ថាមពល ។​

​ប្រភពព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ក្រុម​ឈ្មួញ​រកស៊ី​រណ្តៅ​ដី និង​បូម​រ៉ែ​ខ្សាច់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដី​នៅ​តំបន់​ស្ទឹងតូច ហៅ​បឹង​រំលិច ឃុំ​រលាំង​កែន ទំហំ​ប្រមាណ​១០​ហិកតា​ដែលជា​ដី​រដ្ឋ​មិនទាន់​ចុះបញ្ជី​ត្រូវបាន​លោក​ចៅហ្វាយស្រុក​កណ្តាលស្ទឹង​សមគំនិត និង​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​អាចម៍ដី​រហូតដល់​មានការ​ប៉ះពាល់​លំនៅឋាន​របស់​អ្នកភូមិ​បង្ក​ការក្តៅក្រហាយ​ពី​អ្នកភូមិ​យ៉ាង​សម្បើម ដោយ​លោក​ចៅហ្វាយស្រុក​ទទួលបាន​សួយ​សារ​ពី​ឈ្មួញ​ជា​ថ្នូរ​នូវ​ទឹកប្រាក់​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​ចំនួន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក ។

​ដំណើរការ​អាជីវកម្ម​អាចម៍ដី​ដែល​ក្រុម​ឈ្មួញ​ជីករណ្តៅ​ដី​មាន​ជម្រៅ​សឹង​ដល់​ក្បាល​ប្រែ​ត​យ៉ាង​អនាធិបតេយ្យ​នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង​នោះ បាន​បង្ក​នូវ​ហានិភ័យ​បណ្តាល​ឲ្យ​ក្មេងប្រុស​ចំនួន​២​នាក់​ជា​កូនចៅ​អ្នកភូមិ​លង់ទឹក​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ័​ម​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១​កន្លងទៅ ដែល​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ប្រកបដោយ​យុត្តិធម៌​នៅឡើយ​រហូតមកទល់​ស​ព្វ​ថ្ងៃនេះ ។

​លោក អ៊ូច សៅ​វឿន ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង នៃ​ខេត្តកណ្តាល​ដោយ​អនុក្រឹត្យ​លេខ​៥៥៨​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ។ បន្ទាប់ពី​ចូលកាន់​មុខតំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តាលស្ទឹង​ត្រឹមតែ​០២​ឆ្នាំ​ប៉ុណ្ណោះ លោក​ចៅហ្វាយស្រុក​រូបនេះ​ទទួលបាន​នូវ​ជីវភាព​ហ៊ី​ហា​រហូតដល់​មានលទ្ធភាព​ជួល​ឧទ្ធម្ភាគចក្រ​អមដំណើរ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ជិះ​មើល​ដីចម្ការ​ជាច្រើន​ហិកតា​របស់ខ្លួន​ទៀតផង ។

​ដូច្នេះ សូម​ថ្នាក់លើ​មេត្តា​ត្រួត​ពិនិត្យមើល​ដោយ​យកចិត្តទុកដាក់​ទៅលើ​ដំណើរការ​អាជីវកម្ម​អាចម៍ដី និង​រ៉ែ​ខ្សាច់​នៅ​ភូមិសាស្ត្រ​ស្រុក​កណ្តាលស្ទឹង​នៃ​ខេត្តកណ្តាល​ផង ពីព្រោះ​ប្រាក់ចំណូល​រដ្ឋ​បច្ចុប្បន្ន​បានមកពី​អាជីវកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​កណ្តាលស្ទឹង​នេះ​អាច​នឹង​តិចជាង​ចំណូល​ចូល​ហោប៉ៅ​លោក​អភិបាលស្រុក អ៊ូច សៅ​វឿន ដ៏​ហ៊ី​ហា ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.