ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២

​ឆ្លង​រដ្ឋសភា​ ដោយ​រលូន ! សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បី​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​៤​ស្ថាប័ន​ មាន «​ សញ្ជាតិ​ខ្មែរ​ តែមួយ​ » ទទួលបាន​ការអនុម័ត​យល់ព្រម​ពី​រដ្ឋសភា ​ហើយ

​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤​ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី ​នៃ​ស្ថាប័ន​ជាតិ ដើម្បី​កំណត់​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវតែ​ជា​ឥស្សរជន​ដែលមាន «​ សញ្ជាតិ​ខ្មែរ​ តែមួយគត់​ » បានទទួល​ការអនុម័ត​យល់ព្រម​ពី​រដ្ឋសភា​ នីតិកាល​ទី​៦​ ហើយ នា​សម័យប្រជុំ​រដ្ឋសភា ​លើក​ទី​៦ ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ ​នេះ ដោយ​ទទួលបាន​សំឡេង​យល់ព្រម​ ចំនួន​ ១១១​សំឡេង ​ក្នុងចំណោម​វត្តមាន​សមាជិក សមាជិកា​រដ្ឋសភា​ ចូលរួម​ប្រជុំ​ ចំនួន​ ១១១​នាក់ ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អ្នកតំណាងរាស្ត្រ​ មណ្ឌល​ខេត្តកណ្តាល នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ( CPP ) ដែលជា​អ្នកផ្តើមគំនិត​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ​ដែលមាន​ការពាក់ព័ន្ធ​ ដើម្បី​កំណត់​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ជា​ឥស្សរជន​ ដែលមាន «​ សញ្ជាតិ​ខ្មែរ​ តែមួយ​ » នោះ ក៏បាន​បង្ហាញ​វត្តមាន និង​ចូលរួម​អនុម័ត​យល់ព្រម​ នៅក្នុង​សម័យប្រជុំ​រដ្ឋសភា​ លើក​ទី​៦ នីតិកាល​ទី​៦​ នេះ​ផងដែរ ។

​នេះ​ជា​លើក​ទី​១​ ហើយ ​ចាប់តាំងពី​បានធ្វើ​សច្ចាប្រណិធាន​ ចូលកាន់​មុខតំណែង ដែល​រដ្ឋសភា​ នីតិកាល​ទី​៦​ មាន​អាសន​ចំនួន​១២៥ ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ តែមួយគត់ ​បាន​ប្រជុំ​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​ នៃ​រដ្ឋធម្មនុញ្ញ​ ដែលជា​ច្បាប់កំពូល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.