សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីកំណត់ឲ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» បានទទួលការអនុម័តយល់ព្រមពីរដ្ឋសភានីតិកាលទី៦ហើយ នាសម័យប្រជុំរដ្ឋសភាលើកទី៦ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ដោយទទួលបានសំឡេងយល់ព្រមចំនួន១១១សំឡេងក្នុងចំណោមវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមប្រជុំចំនួន១១១នាក់ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាអ្នកផ្តើមគំនិតក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឲ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយ» នោះ ក៏បានបង្ហាញវត្តមាន និងចូលរួមអនុម័តយល់ព្រមនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នេះផងដែរ ។
នេះជាលើកទី១ហើយចាប់តាំងពីបានធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែង ដែលរដ្ឋសភានីតិកាលទី៦មានអាសនចំនួន១២៥មកពីគណបក្សប្រជាជនកម្ពុជាតែមួយគត់បានប្រជុំអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ៕