ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ចំនួន៣៣នាក់ ដែលទទួលបានសំឡេងឆ្នោតគាំទ្រនាសម័យបោះឆ្នោតជ្រើសតាំងក្នុងមហាសន្និបាតលើកទី២៦របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) នៅទីស្នាក់ការគណៈមេធាវីនាថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២១នោះ បានចូលកាន់តំណែងជាផ្លូវការហើយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
សមាសភាពសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១០ (២០២១-២០២៤) រួមមាន ៖ ១-លោកមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧, ២-លោកមេធាវី សួស សាមឿន អត្តលេខ២៨៤, ៣-លោកមេធាវី ទូច ធីរិទ្ធ អត្តលេខ៤៧៥, ៤-លោកស្រីមេធាវី មុត ពិសិដ្ឋ អត្តលេខ៣៩៩, ៥-លោកមេធាវី គឹម វាសនា អត្តលេខ៣១៤, ៦-លោកមេធាវី កេង សុម៉ាឡា អត្តលេខ៥០៧, ៧-លោកមេធាវី លីម ស៊ីម អត្តលេខ៥៩១, ៨-លោកមេធាវី នាង បញ្ញា អត្តលេខ៤៥៤, ៩-លោកស្រីមេធាវី នៅ ច័ន្ទសុជាតា អត្តលេខ៤៣៣, ១០-លោកមេធាវី លី ទិត្យបូនាមី អត្តលេខ៨៧៥, ១១-លោកមេធាវី យ៉ុន ប៊ុនណា អត្តលេខ១៥៩១, ១២-លោកស្រីមេធាវី ប៉ែន សុវណ្ណនី អត្តលេខ៥៤៣, ១៤-លោកមេធាវី កែវ ពេជ្ជនៈ អត្តលេខ១៣៦១, ១៤-លោកមេធាវី អ៊ឹង កិរិយា អត្តលេខ៥៨៧, ១៥-លោកមេធាវី យិច សមិទ្ទិ អត្តលេខ៣៦០, ១៦-លោកស្រីមេធាវី សេង វួចហ៊ុន អត្តលេខ២៧៣, ១៧-លោកមេធាវី គឹម ផលស៊ី អត្តលេខ៨៨៨, ១៨-លោកមេធាវី ជា ភារ៉ា អត្តលេខ៧៧០, ១៩-លោកស្រីមេធាវី អ៊ូ ធីតាពៅ អត្តលេខ៥៤៥, ២០-លោកមេធាវី ធួន សុធា អត្តលេខ១២៩៥, ២១-លោកមេធាវី ខៀវ សំបូរ អត្តលេខ៣៧៣, ២២-លោកមេធាវី គឹម សុជាតិ អត្តលេខ៦៦៨, ២៣-លោកមេធាវី ហួន វិទ្យា អត្តលេខ១២១១, ២៤-លោកមេធាវី សេង ឈុនលី អត្តលេខ៧៩២, ២៥-លោកស្រីមេធាវី ជា សុកនួន អត្តលេខ៤៦៧, ២៦-លោកស្រីមេធាវី កែវ ឆដាផស្ស អត្តលេខ៧៦៤, ២៧-លោកមេធាវី កេត ច័ន្ទម៉ានីន អត្តលេខ៦២៧, ២៨-លោកមេធាវី ខៀវ តុលា អត្តលេខ៨៥៤, ២៩-លោកមេធាវី ហាក់ សុភារិទ្ធ អត្តលេខ១០៨៣, ៣០-លោកមេធាវី សួង សុផល អត្តលេខ១៥០, ៣១-លោកមេធាវី គង់ ពិទូ អត្តលេខ៦២៩, ៣២-លោកមេធាវី លី សុវណ្ណបញ្ញា អត្តលេខ១០១៤ និង៣៣-កញ្ញាមេធាវី ស្វាយ សុលីដា អត្តលេខ១៣៦៩ ។
មាត្រា១៧នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបានចែងបញ្ញត្តិថា «បែបបទនៃការបោះឆ្នោត ការកោះអញ្ជើញមករួមប្រជុំ និងកូរ៉ុមត្រូវបានកំណត់ដោយបទបញ្ជាផ្ទៃក្នុង ។ មេធាវីដែលមានសិទ្ធិបោះឆ្នោត ឬអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍អាចប្តឹងតវ៉ាអំពីការបោះឆ្នោតនេះទៅសាលាឧទ្ធរណ៍បាន ។ ពាក្យបណ្តឹងនេះត្រូវធ្វើឡើងដោយមេធាវីក្នុងរយៈពេល១៥ថ្ងៃក្រោយការបោះឆ្នោត ឬដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ក្នុងរយៈពេល១៥ថ្ងៃគិតពីថ្ងៃទទួលដំណឹងស្តីពីលទ្ធផលនៃការបោះឆ្នោតនេះ ។» ។ ដូច្នេះ ពិធីផ្ទេរ និងចូលកាន់តំណែងក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) គឺបានធ្វើឡើងដោយមិនរង់ចាំដល់រយៈពេលផុតកំណត់នៃបណ្តឹងតវ៉ានោះឡើយ ហើយទំនងជាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាគិតទុកជាមុនក្រោមរូបភាព «សន្តិភាពពេញបន្ទុក» ថា គ្មានអ្នកប្តឹងតវ៉ានឹងលទ្ធផលនៃការបោះឆ្នោតទេ (Sic!) ។
គួររំលឹកជូនដែរថា មានសមាជិក សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១៥នាក់ បានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិក សមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) និងមានសមាជិក សមាជិកាគណៈមេធាវីមានសិទ្ធិបោះឆ្នោតចំនួន២ ០៩៧នាក់ ។ នៅនៅថ្ងៃបោះឆ្នោត គឺមានចំនួនអ្នកផ្ទេរសិទ្ធិយ៉ាងច្រើនរហូតដល់ជាង៨០០នាក់ ។
មាត្រា១៩នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបានចែងបញ្ញត្តិថា «ក្រុមប្រឹក្សាគណៈមេធាវីពិនិត្យដោះស្រាយគ្រប់បញ្ហាដែលពាក់ព័ន្ធទៅនឹងការអនុវត្តវិជ្ជាជីវៈមេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីធានាការបំពេញភារកិច្ច និងការពារសិទ្ធិរបស់មេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចជាអាទិ៍ដូចតទៅ ៖ -ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌, -សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី, -សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី, -ពិនិត្យកិច្ចព្រមព្រៀង និងឯកសារទាំងឡាយដែលមេធាវីមានកាតព្វកិច្ចត្រូវដាក់ឲ្យពិនិត្យហើយ បញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និងឯកសារទាំងនោះ, -ត្រួតពិនិត្យការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី, -ធានាការគោរពវិន័យ និងការដាក់វិន័យ, -ធានារ៉ាប់រងការរៀបចំ និងការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី, -គ្រប់គ្រងទ្រព្យសម្បត្តិ និងថវិការបស់គណៈមេធាវី កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ និងបង់ប្រាក់ធានារួមសម្រាប់វិជ្ជាជីវៈមេធាវី, -គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី, -បញ្ចេញមតិលើបញ្ហាទាំងឡាយដែលទាក់ទងវិស័យយុត្តិធម៌ និងសិទ្ធិរបស់មេធាវី ក្នុងវិស័យការពារជាអាទិ៍នៅពេលដែលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ ។ » ៕