រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចកាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ប្រទានកម្មជាកម្មសិទ្ធិជូនក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចកាត់ផ្ទៃដីទំហំ៣៣៣ ០២៣ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ប្រទានកម្មជាកម្មសិទ្ធិជូនអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
សរុបសេចក្តីមក ក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី និងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃដែលមានឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនោះ ទទួលបានផ្ទៃដីទំហំ១ ៣៣៣ ០២៣ម៉ែត្រក្រឡា (ជាង១៣៣ហិកតា) ដែលរាជរដ្ឋាភិបាលកម្ពុជាកាត់ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) បន្ទាប់ពីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចមកជាកម្មសិទ្ធិ ។
ដើមឡើយផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៣ ២៣៩,៧ហិកតា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខសម្រេចកំណត់ចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ ។
គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ យ៉ាងហោចណាស់មានផ្ទៃដីទំហំ៦ ១២៤ ៥១៨,៥ម៉ែត្រក្រឡា (ជាង៦១២ហិកតា) ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ និងប្រទានកម្មជូនទៅបុគ្គលឯកជន និងស្ថាប័នរដ្ឋមួយចំនួនជាកម្មសិទ្ធិជាបន្តបន្ទាប់ដូចខាងក្រោម ៖
១-កាត់ផ្ទៃដីទំហំ៤៥៦ ៥៥៣ម៉ែត្រក្រឡា ស្ថិតនៅភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិទួល និងភូមិបឹងខ្ទំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ ស៊ី ជិនម៉ូវ គ្រប់គ្រងជាកម្មសិទ្ធិ (អះអាងជាម្ចាស់ដីដើម) ដោយអនុក្រឹត្យលេខ១៣២អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។
២-កាត់ផ្ទៃដីទំហំ២០ហិកតា ប្រទានកម្មឲ្យរដ្ឋបាលរាជធានីភ្នំពេញជាកម្មសិទ្ធិ (អះអាងថា ដើម្បីធ្វើការអភិវឌ្ឍផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត) ដោយអនុក្រឹត្យលេខ១៤៧អនក្រ.បក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
៣-កាត់ផ្ទៃដីទំហំ៤៥៧ ៨៩៣ម៉ែត្រក្រឡា ស្ថិតនៅភូមិកោះរងាង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឧកញ៉ា ស៊ុយ សុផាន ដែលគេស្គាល់ថា ជាអគ្គនាយិកាក្រុមហ៊ុន ផាន អ៊ីម៉ិច (បច្ចុប្បន្នមរណភាព) គ្រប់គ្រងជាកម្មសិទ្ធិ (អះអាងថា បានទិញពីប្រជាពលរដ្ឋ) ដោយអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
៤-កាត់ផ្ទៃដីទំហំ៧៧ ១៣៨ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ ម៉ែន សុខ គ្រប់គ្រងជាកម្មសិទ្ធិ ( អះអាងថា បានទិញពីប្រជាពលរដ្ឋ) ដោយអនុក្រឹត្យលេខ៦២អនក្រ.បក ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ។
៥-កាត់ផ្ទៃដីទំហំ៧៨ ៣១៤ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅឈ្មោះ សាយ សោភា គ្រប់គ្រងជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៧៥អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ។
៦-កាត់ផ្ទៃដីទំហំ១៩៦ហិកតា ៥ ៦៥៩ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនលោកស្រី អ៊ុយ បូរី និងលោកស្រី គង់ សុធី ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ២១២អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
៧-កាត់ផ្ទៃដីទំហំ២៧ ៦៥៩ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន១៦គ្រួសារ ដោយអនុក្រឹត្យលេខ២១៤អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ។
៨-កាត់ផ្ទៃដីទំហំ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មឲ្យក្រសួងសុខាភិបាលជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ២២០អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
៩-កាត់ផ្ទៃដីទំហំ៤ហិកតា ស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឲ្យទៅក្រសួងមុខងារសាធារណៈសម្រាប់សាងសង់អគារទីស្តីការក្រសួងមុខងារសាធារណៈ តាមស្មារតីលិខិតលេខ៦៣សជណ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
១០-កាត់ផ្ទៃដីទំហំ៤៦ ៤៧៧ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ជូនទៅឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ៦៤អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
១១-កាត់ផ្ទៃដីទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនក្រសួងមហាផ្ទៃជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១២៨អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ និងអនុក្រឹត្យលេខ១៧៤អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ។
១២-កាត់ផ្ទៃដីទំហំ១៥០ ៦៥១ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនអគ្គស្នងការដ្ឋាននគរបាលជាតិជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៣៨អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
១៣-កាត់ផ្ទៃដីទំហំ១៨២ ៣៧២ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនអគ្គស្នងការដ្ឋាននគរបាលជាតិជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ។
១៤-កាត់ផ្ទៃដីទំហំ៧៤ ៨៥៥ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនប្រជាពលរដ្ឋចំនួន២៣គ្រួសារ តំណាងដោយលោក ភីន ភី និងលោក ស៊ុំ ផល ជាកម្មសិទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៤២អនក្រ.បក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។
១៥-កាត់ផ្ទៃដីទំហំ៣៥៩ ៧២៧,៥ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជូនឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន, ឯកឧត្តមឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី, លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ និងលោក ប៉ោ ម៉េង ជាកម្មសទ្ធិ (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៦៩អនក្រ.បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។
១៦-កាត់ផ្ទៃដីទំហំ៤៧៨ ២៧៤ម៉ែត្រក្រឡា ស្ថិតនៅភូមិត្រពាំងពោធិ៍ និងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ជូនឈ្មោះ សាយ សោភា ជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ១៧៥អនក្រ.បក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។
១៧-កាត់ផ្ទៃដីទំហំ៤៣ ៩៤៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនលោកស្រី លន់ ណារី (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។
១៨-កាត់ផ្ទៃដីទំហំ២៨៥ ០០០ម៉ែត្រក្រឡា ស្ថិតនៅសង្កា់តគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រទានកម្មជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី (ពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ) ដោយអនុក្រឹត្យលេខ១៧៧អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ៕