កាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តើមគំនិតក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឲ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយ» ។
គំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបែបនេះបានកើតមានឡើងបន្ទាប់ពីលោក សម រង្ស៊ី អះអាងថាជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិធ្វើលិខិតអំពាវនាវមួយចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ពីសហរដ្ឋអាមេរិកចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចង់រត់ចោលស្រុកក្រោយពីបានទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេស Cyprus នៅទ្វីបអឺរ៉ុប ។ ភ្លាមៗនៅថ្ងៃដដែលនេះដែរ គណបក្សប្រជាជនកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធចំពោះព័ត៌មានដែលថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែនពីប្រទេស Cyprus ។
ជាទម្លាប់ និងក្លាយជាវប្បធម៌ធម្មតាទៅហើយសម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធដើម្បីកំណត់ឲ្យប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយ» ត្រូវបានទទួលនូវការថ្លែងការណ៍គាំទ្រពីគណបក្សប្រជាជនកម្ពុជា និងញត្តិគាំទ្រពីគ្រប់មជ្ឍដ្ឋានស្ថាប័នរដ្ឋ រួមទាំងស្ថាប័នតុលាការ និងលក្ខណៈបុគ្គល ដ្បិតស្ថាប័នរដ្ឋទាំងមូលត្រូវបានគ្រប់គ្រង និងកាន់កាប់អំណាចដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង ។
បន្ទាប់ពីទ្រង់ទទួលបានមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញតាមស្មារតីលិខិតលេខ០៦៣/០១/២០២១ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដើម្បីកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» រួចមក ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញរាជសារនៅថ្ងៃដដែលប្រគល់ជូនសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានូវលិខិតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីចាត់ការតាមនីតិវិធី ។
ពង្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដើម្បីកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់»នោះ បានធ្លាក់ដល់សមត្ថកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានីតិកាលទី៦រួចហើយ ។
បច្ចុប្បន្ន ស្ថាប័នរដ្ឋសំខាន់ៗរួមមាន ក្រុមប្រឹក្សាធម្មនុញ្ញ (ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធាន) ព្រឹទ្ធសភា (សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាប្រធាន) រដ្ឋសភា (សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន) និងរាជរដ្ឋាភិបាល (សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី) …សុទ្ធតែត្រូវបានគ្រប់គ្រង និងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ នេះជាលើកទី១ហើយចាប់តាំងពីបានធ្វើសច្ចាប្រណិធានចូលកាន់មុខតំណែង ដែលរដ្ឋសភានីតិកាលទី៦មានអាសនៈចំនួន១២៥មកពីគណបក្សប្រជាជនកម្ពុជាតែមួយគត់រៀបចំអនុម័តការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
អនុលោមតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដើម្បីកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» នៅពេលទទួលបានការអនុម័តពីរដ្ឋសភា និងទទួលបានការពិនិត្យយល់ព្រមពីព្រឹទ្ធសភាចប់សព្វគ្រប់ហើយនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះប្រមុខរដ្ឋមួយជីវិតនឹងត្រូវឡាយព្រះហស្តលេខានៅលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញនោះ ។ ដូច្នេះ ព្រះប្រមុខរដ្ឋដែលមានសញ្ជាតិលើសពី១បច្ចុប្បន្ននឹងក្លាយជាតួអង្គឡាយព្រះហស្តលេខានៅលើព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិដើម្បីកំណត់ឲ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាឥស្សរជនដែលមាន «សញ្ជាតិខ្មែរតែមួយគត់» (Sic!) ៕