មន្ត្រីរាជការដែលមានសមត្ថភាព និងឆន្ទៈមោះមុតក្នុងការបម្រើការងារមួយរូបឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ១ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញសម្រេចតែងតាំងជាប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនៃរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងក្រោយមកមន្ត្រីរូបនេះក៏ត្រូវបានដំឡើងឋានន្តរស័ក្តិតាមកម្រិតបរិញ្ញាបត្រពីថ្នាក់ចាស់ (ក.២.១) មកថ្នាក់ថ្មី (ក.១.៦) កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗ ។
ជាមួយគ្នានេះដែរក៏មានប្រភពព័ត៌មានដែលស្និទ្ធនឹងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបង្ហើបប្រាប់គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តឲ្យដឹងថា មន្ត្រីដែលមានសមត្ថភាពស្របតាមជំនាញ និងមានឆន្ទៈដែលត្រូវបានវាយតម្លៃខ្ពស់ដោយរដ្ឋបាលរាជធានីភ្នំពេញរូបនោះត្រូវលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យរៀបចំគម្រោងផ្ទេរភារកិច្ចពីការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានដើម្បី «លៃលក» ដាក់បញ្ចូលមន្ត្រីបក្ខពួកលោកអភិបាលនៃគណៈអភិបាលខណ្ឌវិញ (Sic!) ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជាបានបញ្ចេញទស្សនៈថា ប្រសិនបើប្រភពព័ត៌មានដែលស្និទ្ធនឹងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនោះក្លាយជាការពិតមែន គឺមានន័យថា លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ «មើលរំលង» សមត្ថភាពរបស់មន្ត្រីដែលវាយតម្លៃខ្ពស់ដោយរដ្ឋបាលរាជធានីភ្នំពេញមានឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលហើយ ៗ ក៏ជាបច្ច័យនាំឲ្យមន្ត្រីរាជការដែលមានសមត្ថភាពស្របតាមជំនាញ និងឆន្ទៈក្នុងការបម្រើការងារ «បាក់ទឹកចិត្ត» ផងដែរ ៕