ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

មិនទាន់​បានឃើញ​ផង​ត្រូវ​ចោរលួច​ទៀត ! ប្រេង​ឆៅ​កម្ពុជា​ជិត​៣០​ម៉ឺន​បារ៉ែល​មានតម្លៃ​ច្រើន​លាន​ដុល្លារ​ត្រូវបាន​ចោរហារយ​លួច​បាត់ស្រមោល​ទាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​

ប្រេង​ឆៅ​កម្ពុជា​ដែល​ក្រុមហ៊ុន kris Energy ធ្វើ​អាជីវកម្ម​បូម​បាន​ពី​តំបន់​គម្រោង​ប្រេងកាត​នៃ​ដែនទឹក​កម្ពុជា​ចំនួន​២៩៥ ០០០​បារ៉ែល (​ប្រមាណ​ជិត​៤៧​លាន​លីត្រ​) ត្រូវបាន​ក្រុម​នាវិក​នៃ​នាវា MT Strovolos (​ជា​នាវា​ត្រូវបាន​ជួល​ដោយ​ក្រុមហ៊ុន Kris Energy ដើម្បី​ផ្ទុក និង​ផ្ទេរ​ប្រេង​ឆៅ​ចត​នៅ​តំបន់​គម្រោង​ប្រេងកាត​អប្សរា​) លួច​ដឹក​យកទៅ​បាត់ស្រមោល​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​លេខ​០០៣៦​រថ​.​អ​ប្រក ចុះ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​របស់​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹងថា ក្រុម​នាវិក​នៃ​នាវា MT Strovolos ត្រូវបាន​ចាប់​ឃាត់ខ្លួន និង​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ដោយ​តុលាការ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ប្រេង​ឆៅ​របស់​កម្ពុជា ប៉ុន្តែ​កម្ពុជា​មិនទាន់​ទទួលបាន​ផល​ប្រេង​ឆៅ​របស់ខ្លួន​មានតម្លៃ​ច្រើន​លាន​ដុល្លារ​អាមេរិក​ដែល​ចោរហារយ​លួច​នោះ​មកវិញ​នៅឡើយ ។​

​ពាក់ព័ន្ធ​នឹង​ដំណើរការ​រុករក និង​អាជីវកម្ម​បូម​ប្រេង​នៅ​តំបន់​ដែនទឹក​សមុទ្រ​កម្ពុជា​ធ្លាប់​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាស​អះអាង​ជា​សាធារណៈ​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១១​កន្លងទៅ​ថា កម្ពុជា​នឹង​ទទួលបាន​ដំណក់​ប្រេង​ដំបូង​របស់ខ្លួន​នៅវេលា​ម៉ោង ១២​យប់ នា​ថ្ងៃទី​១២ ខែ​១២ (​ធ្នូ​) ឆ្នាំ​២០១២ ។ ប៉ុន្តែ​លុះ​មកដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​ទើប​កម្ពុជា​ទទួលបាន​ប្រេង​ឆៅ​ចំនួន​ជិត​៣០​ម៉ឺន​បារ៉ែល​តាមរយៈ​ការ​បូម​ដោយ​ក្រុមហ៊ុន Kris Energy (​បូម​បន្ត​ពី​ក្រុមហ៊ុន​ប្រេង Chevron របស់​សហរដ្ឋអាមេរិក​) ហើយក៏​ត្រូវបាន​ចោរហារយ​លួច​អស់​បាត់​ទៀត​ទាំង​ប្រកបដោយ​ភាព​ភ្ញាក់ផ្អើល និង​ហួសចិត្ត​បំផុត ។

​មជ្ឈដ្ឋាន​អ្នកតាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​លាន់មាត់​ថា តើ​ទ្រព្យសម្បត្តិ​របស់​ប្រទេស​កម្ពុជា​ពិតជា​ធ្វើ​ឲ្យ​ចោរហារយ​ងាយ​លួច​ដល់​ម្លឹ​ង​ឬ ដ្បិត​ប្រេង​ឆៅ​មានតម្លៃ​ដ៏​ច្រើន​លាន​ដុល្លារ​អាមេរិក​អាច​ត្រូវបាន​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក និង​ផ្ទេរ​ប្រេង​មានលទ្ធភាព​លួច​ដឹក​យកទៅ​បាត់​យ៉ាង​រលូន​ពី​ដែនទឹក​កម្ពុជា ដែលជា​តំបន់​អាជីវកម្ម​បូម​ប្រេង​ទាំងមូល ? ៕​

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.