កាលពីអំឡុងដើមឆ្នាំ២០០៩ ឯកឧត្តម ជៀង អំ ដែលមានក្របខ័ណ្ឌដើមជានាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៩/៣៥៦ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ (ព្រះរាជក្រឹត្យសរសេរថា ឧត្តមសេនីយ៍ទោ ជៀង អំ អត្តលេខ០០០០៦២) ។
ដោយឡែក នាអំឡុងចុងឆ្នាំ២០១២ ឯកឧត្តម នៅ សំ ដែលមានក្របខ័ណ្ឌដើមជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១២/១០៦៣ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ (ព្រះរាជក្រឹត្យសរសេរថា ឯកឧត្តមឧត្តមសេនីយ៍ឯក នៅ សំ អត្តលេខ០០០០៦២) ។ បច្ចុប្បន្ន ឯកឧត្តម នៅ សំ កំពុងកាន់មុខតំណែងក្នុងអាណត្តិជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ។
បន្ទាប់មកទៀត ក្រោយពេលឯកឧត្តម ជៀង អំ អតីតអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នោះ ឯកឧត្តមក៏ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយ៤) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៤៥០ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ (ព្រះរាជក្រឹត្យសរសេរថា ឧត្តមសេនីយ៍ឯក ជៀង អំ អត្តលេខ០០០០៦២) ។
អនុលោមតាមស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៣០៩/៣៥៦ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩, ព្រះរាជក្រឹត្យលេខនស/រកត/១២១២/១០៦៣ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ និងព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៤៥០ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ គឺបានបង្ហាញឲ្យឃើញថា នាយទាហានថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទក្រសួងការពារជាតិចំនួន២នាក់ ក្នុងក្របខ័ណ្ឌដើមរបស់ខ្លួន (ឯកឧត្តមនាយឧត្តមសេនីយ៍ នៅ សំ និងឯកឧត្តមនាយឧត្តមសេនីយ៍ ជៀង អំ) មានអត្តលេខត្រួតគ្នាតែមួយ (Sic!) ៕