នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ត្រីម្នាក់ឈ្មោះ ហម គឹមវង់ អាយុ៣៨ឆ្នាំ រស់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្តឹងផ្លូវការគោរពជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តឹងប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពីបទប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ (ទាមទារការបង់ប្រាក់ដោយគ្មានវិក្កយបត្រ) ។
ស្ត្រីឈ្មោះ ហម គឹមវង់ ដែលជាម្ចាស់បណ្តឹងបានស្នើសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រធាន និងមន្ត្រីក្រោមឱវាទនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ (សូមអានពាក្យបណ្តឹង ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទាំងស្រុងរបស់ស្ត្រីឈ្មោះ ហម គឹមវង់) ។
សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ (ពីមុនហៅថា សាខាកាំកុងត្រូល) មានលោក សាន វិជ្ជាសារ៉ាវុធ ជាប្រធាន ឋិតក្រោមឱវាទអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ផាន អូន ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក (តែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០២២១/២០៨ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១) ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំធ្វើការបំភ្លឺបញ្ជាក់ពីលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្តបន្ទាយមានជ័យពាក់ព័ន្ធទៅនឹងបណ្តឹងចោទប្រកាន់របស់ស្ត្រីឈ្មោះ ហម គឹមវង់ នៅឡើយទេ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ៕