ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

វិធានការ​ក្តៅ ? គណៈមេធាវី​ថ្លែងការណ៍​ថ្កោលទោស​លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ ដោយ​ចាត់ទុកថា​ការប្រកាស​លក់​សំឡេងឆ្នោត គឺជា​អំពើ​បំពាន​ក្រមសីលធម៌​មេធាវី និង​ការឃោសនាបោះឆ្នោត​

គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​លេខ​២១០៧/​គម​/២១ ចុះ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​នេះ ដោយ​ចាត់ទុកថា ការប្រកាស​លក់​សំឡេងឆ្នោត​របស់លោក​មេ​ធា​វី ផាន់ ច័ន្ទ​ស័ក្តិ គឺជា​អំពើ​បំពាន​ក្រមសីលធម៌​មេធាវី និង​ការឃោសនាបោះឆ្នោត ។ លើសពីនេះ គណៈមេធាវី​បានប្រកាស​ឲ្យ​ដឹង​ទៀតថា «​នឹងមាន​វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ ដែល​បាន​បំពាន​ក្រមសីលធម៌​មេធាវី និងសេចក្តីសម្រេច​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) នេះ ។​» ។

​សេចក្តីថ្លែងការណ៍​រប​ស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​លោក​មេធាវី លី ច័ន្ទ តុលា ជា​ប្រធាន​ប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​របស់លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ បែបនេះ គឺ​បន្ទាប់ពី​គណៈមេធាវី​បានឃើញ​លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ អត្តលេខ​២៥៣ បាន​បង្ហោះ​សារ​ជា​សាធារណៈ​ក្នុង Telegram Group ឈ្មោះ «CLO-​មតិ​មេធាវី​កម្ពុជា​» កាលពី​ថ្ងៃទី​១៨-១៩ ខែកញ្ញា ឆ្នាំ​២០២១​មាន​ខ្លឹមសារ​ថា «​លក់​សំលេងឆ្នោត បោះឆ្នោត​ជូន​០១​សំលេង​តម្លៃ​១០០០$» ក្នុងពេល​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​កំពុង​ឃោសនាបោះឆ្នោត ។ គណៈមេធាវី​បានចាត់ទុក​ថា​អំពើ​របស់លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ គឺជា​ការបំពាន​លើ​ក្រមសីលធម៌​មេធាវី និងសេចក្តីសម្រេច​ស្តីពី​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) ក្នុង​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​សេចក្តីថ្លៃថ្នូរ​របស់​គណៈ​មេធាវី បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត និង​សមាជិក​-​សមាជិកា​គណៈមេធាវី ។

​លោក ផាន់ ច័ន្ទ​ស័ក្តិ អាយុ​៤៧​ឆ្នាំ បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​២៥៣ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០០២ និង​បាន​ក្លាយជា​មេធាវី​ប្រកប​វិជ្ជាជីវៈ​ពេញសិទ្ធិ​នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០០៣ ។ លោក​មេធាវី ផាន់ ច័ន្ទ​ស័ក្តិ ធ្លាប់បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​សម្រាប់​អាណត្តិ​ទី​៨ (២០១៥-២០១៨) រួច​ម្តងមកហើយ នា​សម័យ​បោះឆ្នោត​ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​របស់​គណៈមេធាវី​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​ចំនួន​១០៣​នាក់ (​ត្រូវ​ជ្រើស​រើសយក​ចំនួន​២៧​នាក់​) ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​ជាប់ឆ្នោត​នោះឡើយ ។​

​សូមបញ្ជាក់​ជូន​ថា ចាប់ពី​ថ្ងៃទី​១៦ ខែតុលា​រហូតដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​ខាងមុខ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១០ (២០២១-២០២៤) ក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៦​របស់ខ្លួន​នៅ​ទីស្នាក់ការ​គណៈមេធាវី​តែម្តង​តាម​ប្រព័ន្ធ ZOOM Meeting ដោយមាន​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​១១៥​នាក់ (​ត្រូវ​ជ្រើស​រើសយក​ចំនួន​៣៣​នាក់​) ។ ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត​គាំទ្រ​របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បានចាប់ផ្តើម​ហើយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​រហូតដល់​ម៉ោង ២៤ និង​០០​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.