គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) បានចេញសេចក្តីថ្លែងការណ៍មួយលេខ២១០៧/គម/២១ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយចាត់ទុកថា ការប្រកាសលក់សំឡេងឆ្នោតរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ គឺជាអំពើបំពានក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត ។ លើសពីនេះ គណៈមេធាវីបានប្រកាសឲ្យដឹងទៀតថា «នឹងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះលោកមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបានបំពានក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) នេះ ។» ។
សេចក្តីថ្លែងការណ៍របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានលោកមេធាវី លី ច័ន្ទ តុលា ជាប្រធានប្រកាសថ្កោលទោសចំពោះអំពើរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ បែបនេះ គឺបន្ទាប់ពីគណៈមេធាវីបានឃើញលោកមេធាវី ផាន់ ច័ន្ទស័ក្តិ អត្តលេខ២៥៣ បានបង្ហោះសារជាសាធារណៈក្នុង Telegram Group ឈ្មោះ «CLO-មតិមេធាវីកម្ពុជា» កាលពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២១មានខ្លឹមសារថា «លក់សំលេងឆ្នោត បោះឆ្នោតជូន០១សំលេងតម្លៃ១០០០$» ក្នុងពេលបេក្ខជនឈរឈ្មោះបោះឆ្នោតកំពុងឃោសនាបោះឆ្នោត ។ គណៈមេធាវីបានចាត់ទុកថាអំពើរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្តិ គឺជាការបំពានលើក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ក្នុងចេតនាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈមេធាវី បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណៈមេធាវី ។
លោក ផាន់ ច័ន្ទស័ក្តិ អាយុ៤៧ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ២៥៣ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០២ និងបានក្លាយជាមេធាវីប្រកបវិជ្ជាជីវៈពេញសិទ្ធិនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៣ ។ លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ធ្លាប់បានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី៨ (២០១៥-២០១៨) រួចម្តងមកហើយ នាសម័យបោះឆ្នោតក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២០របស់គណៈមេធាវីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ក្នុងចំណោមបេក្ខជនឈរឈ្មោះចំនួន១០៣នាក់ (ត្រូវជ្រើសរើសយកចំនួន២៧នាក់) ប៉ុន្តែមិនទទួលបានលទ្ធផលជាប់ឆ្នោតនោះឡើយ ។
សូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៦ ខែតុលារហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ខាងមុខ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី២៦របស់ខ្លួននៅទីស្នាក់ការគណៈមេធាវីតែម្តងតាមប្រព័ន្ធ ZOOM Meeting ដោយមានបេក្ខភាពឈរឈ្មោះបោះឆ្នោតចំនួន១១៥នាក់ (ត្រូវជ្រើសរើសយកចំនួន៣៣នាក់) ។ ដំណើរការឃោសនារកសំឡេងឆ្នោតគាំទ្ររបស់បេក្ខជនឈរឈ្មោះបោះឆ្នោតបានចាប់ផ្តើមហើយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១រហូតដល់ម៉ោង ២៤ និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ៕