ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រឿង COVID-19 នៅ​ខេត្តសៀមរាប ! វ៉ាក់សាំង​ក៏​ចាក់ វិធានការ​គ្រប់យ៉ាង​ក៏​ដាក់ ជំងឺ​ក៏​ឆ្លង​រហូតដល់​ក្លាយជា «​តំបន់​លឿងទុំ​» និង «​តំបន់​ក្រហម​» ព្រាត​ក្នុងភូមិ​សាស្ត្រ​ក្រុង​ទាំងមូល

ក្រោយ​ការកកើត​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ ខេត្តសៀមរាប​ដែលជា​ខេត្ត​ទីតាំង​ឋិត​នៅ​នៃ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ល្បី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្សល់​នូវ​ប្រវត្តិ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល ដូចតទៅ ៖

I-​ករណី​ឆ្លង​ដំបូង (​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១) ៖ ស្ត្រី​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប និង​បាន​ចាក​ចេញពី​លំនៅឋាន​ទៅ​បម្រើ​ការងារ​នៅ​សណ្ឋាគារ ជិន​យិន​ថៃ ខេត្ត​ព្រះសីហនុ ។ ស្ត្រី​រូបនេះ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២៣​យប់ (​ខណៈនោះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានចេញ​សេចក្តីជូនដំណឹង​លេខ​១១៤/២១ សជណ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ផ្អាក​ចរាចរណ៍​មនុស្ស​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ និង​ផ្អាក​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ​តាម​រថយន្តក្រុង រថយន្តឈ្នួល រថយន្ត​តាក់ស៊ី និង​មធ្យោបាយ​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ចេញ​-​ចូល​ខេត្ត​ព្រះសីហនុ​មួយរយៈ​សិន​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ជៀសវាង​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្ថែមទៀត​ទៅដល់​ទីតាំង​ដទៃ នាំ​ឲ្យ​មានការ​ពិបាក​ក្នុងការ​គ្រប់គ្រង​) តាម​រថយន្ត​តាក់ស៊ី ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​បន្តដំណើរ​តាម​រថយន្តក្រុង​មកដល់​ខេត្តសៀមរាប​នា​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១​វេលា​ម៉ោង ១៧ និង​៣០​នាទី​ល្ងាច ។ ស្ត្រី​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩​នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ និង​ទទួល​បានការ​ជាសះស្បើយ​ពី​ជំងឺ​នៅ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០២១ ។

II-​ករណី​ស្លាប់​ដំបូង ( ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១) ៖ បុរស​ឈ្មោះ ស៊ា​ង គឹម​សាន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ បានធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​លើក​ទី​១​នា​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១ និង​លើក​ទី​២​នា​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​ដើម្បី​លាង​ឈាម ។ បុរស​រូបនេះ​ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ និង​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២១ ។​

III-​ទិន្នន័យ​តួលេខ​ករណី​ឆ្លង​, ជាសះស្បើយ និង​ស្លាប់មាន​ភាពមិនប្រក្រតី (​មិន​ស៊ីចង្វាក់​គ្នា​) ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប​ចាប់តាំងពី​លើកដំបូង (​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​អំពី​ករណី​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១​លើ​ស្ត្រី​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត​) រហូតដល់​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ (​រដ្ឋបាល​ខេត្តសៀមរាប​បាន​បញ្ឈប់​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ករណី​រកឃើញ​អ្នក​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ ជា​សាធារណៈ​បន្ទាប់ពី​ប្រកាស​ផ្សព្វផ្សាយ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១ ដែលជា​កាលបរិច្ឆេទ​ចុងក្រោយ​) ការ​គណនា​នូវ​ទិន្នន័យ​តួលេខ​បាន​បង្ហាញថា ខេត្តសៀមរាប​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​៧ ៤២៨​នាក់​, ជាសះស្បើយ​ពី​ជំងឺ​ចំនួន​៨ ១៣៦​នាក់ (​ចំនួន​អ្នកជា​សះស្បើយ​លើស​ចំនួន​អ្នក​ឆ្លង​ជំងឺ​) និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​៩០​នាក់ (​ក្នុងនោះ អ្នកស្លាប់​ដែល​គ្មាន​ក្នុង​ទិន្នន័យ​ឆ្លង​ជំងឺ​មាន​ចំនួន​២៤​នាក់​) ។ ប៉ុន្តែ​រដ្ឋបាល​ខេត្តសៀមរាប​បានប្រកាស​អំពី​ទិន្នន័យ​តួលេខ​សរុប​របស់ខ្លួន​ត្រឹម​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១​ថា មាន​ករណី​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩​ចំនួន​៨ ៤៨៥​នាក់​, ជាសះស្បើយ​ចំនួន​៨ ១៣៦​នាក់​, ស្លាប់​ចំនួន​៩១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​២៥៨​នាក់ (Sic!) ។ ប្រសិនបើ​យោងតាម​តួលេខ​ដែល​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន Post ផ្សព្វផ្សាយ​តាម Page Facebook ឈ្មោះ «Kros Sarath» ត្រឹម​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២១ (​ខណៈ​រដ្ឋបាល​ខេត្តសៀមរាប​បញ្ឈប់​ការផ្សព្វផ្សាយ​តួលេខ​តាំងពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០២១) និង​រួមបញ្ចូល​ជាមួយ​ការ​គណនា​តាម​ទិន្នន័យ​តួលេខ​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប​បានបង្ហាញ​ថា ខេត្តសៀមរាប​មាន​ករណី​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៨ ៩៥៤​នាក់​, ជាសះស្បើយ​ចំនួន​៨ ៩៦៩​នាក់ (​ចំនួន​អ្នកជា​សះស្បើយ​ច្រើនជាង​ចំនួន​អ្នក​ឆ្លង​ជំងឺ​) និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​៩៤​នាក់ (Resic!) ។

IV-​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​បន្ថែម​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​តួលេខ ៖ មានឈ្មោះ​អ្នក​ឆ្លង​ជំងឺ​មួយចំនួន​អស់​រយៈពេល​ជាង​០៣​ខែ​មកហើយ តែ​មិនឃើញ​មានឈ្មោះ​ជាសះស្បើយ​ពី​ជំងឺ​នៅឡើយ​, មានឈ្មោះ​អ្នកជា​សះស្បើយ​ពី​ជំងឺ​ជាច្រើន​នាក់​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រកាស​ព័ត៌មាន​អ្នក​ឆ្លង​ជំងឺ​ទេ និង​មានឈ្មោះ​អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន​ជាង​២០​នាក់​គ្មាន​ឈ្មោះ​នៅក្នុង​បញ្ជី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​ប្រកាស​ជា​សាធារណៈ​នាពេល​កន្លងមក​នោះឡើយ ។

V-​អំពី​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ៖ ខេត្តសៀមរាប​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ Sinopharm ផលិត​នៅ​ប្រទេស​ចិន​តាំងពីដើម​ខែមីនា ឆ្នាំ​២០២១ ប៉ុន្តែ​បាន​ផ្តោត​សំខាន់​ត្រឹម​ទៅលើ​មជ្ឈដ្ឋាន​មន្ត្រីរាជការ និង​សាច់ញាតិ​របស់​មន្ត្រីរាជកា​រ​ប៉ុណ្ណោះ ពោលគឺ​មិនទាន់បាន​អនុវត្ត​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នៅឡើយ ។ បន្ទាប់មក​ទើប​ដំណើរការ​អនុវត្ត​ចាក់​វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០២១ ព្រមទាំង​បាន និង​កំពុងដំណើរការ​អនុវត្ត​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ យុវជន​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ដែលជា​វ៉ាក់សាំង​ផលិត​នៅ​ប្រទេស​ចិន ។ លើសពីនេះ មន្ត្រីរាជការ​ក៏បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ហៅថា (​ដូ​ស​ជំរុញ​) ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ AstraZeneca រួចរាល់​ហើយ​ដែរ ។​

VI-​អំពី​វិធានការ​នានា​ក្នង​ន័យ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ៖ វិធានការ​រដ្ឋបាល​, វិធានការ​ត្រួតពិនិត្យ​សុខភាព​បឋម​លើ​អ្នកដំណើរ​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប​, វិធាន​ការបិទ​ខ្ទប់ (Lockdown) និង​វិធាន​ការកំណត់​ជាតំបន់​លឿងទុំ និង​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​ក៏បាន​អនុវត្ត​រួចរាល់​ហើយ​ដែរ រហូតដល់​ក្នុង​ក្រុង​សៀមរាប​ទាំងមូល​ដែលមាន​ចំនួន​១២​សង្កាត់ ក៏បាន​ក្លាយជា​តំបន់​ក្រហម (​ចំនួន​៤​សង្កាត់​) និង​តំបន់​លឿងទុំ (​ចំនួន​៨​សង្កាត់​) ទល់​បច្ចុប្បន្ន (​បន្ត​ពី​ដាក់​កំណត់​ជា​តំបន់​លឿងទុំ​អស់​រយៈពេល​មួយ​សប្តាហ៍​រួចមក​) ។

VII-​ទស្សនៈ​មតិ ៖ ១-​អំពើ​ធ្វេសប្រហែស​របស់​មន្ត្រី​សាធារណៈ​ដែល​ពោ​ពេញ​ទៅដោយ​អំនួត និង​កេងចំណេញ​ហួសហេតុ និង​អំពើ​យោគយល់​ដល់​មជ្ឈដ្ឋាន​មន្ត្រីរាជការ​គ្នាឯង​ជ្រុល ជា​បច្ច័យ​នាំ​ឲ្យ​មាន​ភាពកម្សោយ​ខាង​អភិបាលកិច្ច​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ (COVID-19) ។ លើសពីនេះ ទិន្នន័យ​តួលេខ​គឺជា​ប្រការ​សំខាន់ និង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ និង​សម្រាប់​អ្នកធ្វើការ​សន្និដ្ឋាន ព្រមទាំង​អ្នកសម្រេចចិត្ត ដ្បិត​អ្នកសិក្សា​ស្រាវជ្រាវ​ត្រូវការ​ចង់ដឹងថា មាន​ករណី​ឆ្លង ជាសះស្បើយ និង​ស្លាប់​ចំនួន​ប៉ុន្មាន ? វ័យ ? ភេទ ? ប្រភព ? ចាក់​វ៉ាក់សាំង​បង្ការ ឬក៏​មិនទាន់​ចាក់ ? វ៉ាក់សាំង​ប្រភេទ​អ្វី ? ប្រទេសជាតិ​ដែលមាន​ការអភិវឌ្ឍន​លើ​វិស័យ​អ្វីមួយ គឺ​ត្រូវតែមាន​អ្នកសិក្សា​ស្រាវជ្រាវ ការសិក្សា​ស្រាវជ្រាវ​អាច​ប្រព្រឹត្តទៅបាន​លុះត្រា​តែមាន​ទិន្នន័យ​តួលេខ​ពិតប្រាកដ​ច្បាស់លាស់ ។ ប្រការនេះ​គួរតែ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​គ្រប់​ជាន់ថ្នាក់​ធ្វើការ​ពិចារណា និង​សម្រេច​ប្រកបដោយ​គតិបណ្ឌិត​បំផុត ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ, សុខភាព

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.