ក្រោយការកកើតព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ខេត្តសៀមរាបដែលជាខេត្តទីតាំងឋិតនៅនៃប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជាបានបន្សល់នូវប្រវត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ដូចតទៅ ៖
I-ករណីឆ្លងដំបូង (ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១) ៖ ស្ត្រីឈ្មោះ ហ៊ន់ ស៊ីនឿត អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបានចាកចេញពីលំនៅឋានទៅបម្រើការងារនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ ។ ស្ត្រីរូបនេះបានធ្វើដំណើរចាកចេញពីខេត្តព្រះសីហនុនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២៣យប់ (ខណៈនោះរដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងលេខ១១៤/២១ សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ផ្អាកចរាចរណ៍មនុស្សចាកចេញពីខេត្តព្រះសីហនុ និងផ្អាកធ្វើអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈសិនរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីជៀសវាងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ថែមទៀតទៅដល់ទីតាំងដទៃ នាំឲ្យមានការពិបាកក្នុងការគ្រប់គ្រង) តាមរថយន្តតាក់ស៊ី ឆ្លងកាត់រាជធានីភ្នំពេញ និងបន្តដំណើរតាមរថយន្តក្រុងមកដល់ខេត្តសៀមរាបនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១វេលាម៉ោង ១៧ និង៣០នាទីល្ងាច ។ ស្ត្រីឈ្មោះ ហ៊ន់ ស៊ីនឿត ត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគជំងឺកូវីដ-១៩នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងទទួលបានការជាសះស្បើយពីជំងឺនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។
II-ករណីស្លាប់ដំបូង ( ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១) ៖ បុរសឈ្មោះ ស៊ាង គឹមសាន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើដំណើរទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបលើកទី១នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ និងលើកទី២នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ដើម្បីលាងឈាម ។ បុរសរូបនេះត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគជំងឺកូវីដ-១៩ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ និងបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។
III-ទិន្នន័យតួលេខករណីឆ្លង, ជាសះស្បើយ និងស្លាប់មានភាពមិនប្រក្រតី (មិនស៊ីចង្វាក់គ្នា) ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបចាប់តាំងពីលើកដំបូង (សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១អំពីករណីតេស្តរកឃើញវិជ្ជមានមេរោគជំងឺកូវីដ-១៩ លើកទី១លើស្ត្រីឈ្មោះ ហ៊ន់ ស៊ីនឿត) រហូតដល់សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ (រដ្ឋបាលខេត្តសៀមរាបបានបញ្ឈប់ការចេញសេចក្តីប្រកាសព័ត៌មានអំពីករណីរកឃើញអ្នកវិជ្ជមានមេរោគជំងឺកូវីដ-១៩ ជាសាធារណៈបន្ទាប់ពីប្រកាសផ្សព្វផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ដែលជាកាលបរិច្ឆេទចុងក្រោយ) ការគណនានូវទិន្នន័យតួលេខបានបង្ហាញថា ខេត្តសៀមរាបមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧ ៤២៨នាក់, ជាសះស្បើយពីជំងឺចំនួន៨ ១៣៦នាក់ (ចំនួនអ្នកជាសះស្បើយលើសចំនួនអ្នកឆ្លងជំងឺ) និងស្លាប់បាត់បង់ជីវិតចំនួន៩០នាក់ (ក្នុងនោះ អ្នកស្លាប់ដែលគ្មានក្នុងទិន្នន័យឆ្លងជំងឺមានចំនួន២៤នាក់) ។ ប៉ុន្តែរដ្ឋបាលខេត្តសៀមរាបបានប្រកាសអំពីទិន្នន័យតួលេខសរុបរបស់ខ្លួនត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ថា មានករណីវិជ្ជមានមេរោគជំងឺកូវីដ-១៩ចំនួន៨ ៤៨៥នាក់, ជាសះស្បើយចំនួន៨ ១៣៦នាក់, ស្លាប់ចំនួន៩១នាក់ និងកំពុងសម្រាកព្យាបាលជំងឺចំនួន២៥៨នាក់ (Sic!) ។ ប្រសិនបើយោងតាមតួលេខដែលលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបាន Post ផ្សព្វផ្សាយតាម Page Facebook ឈ្មោះ «Kros Sarath» ត្រឹមថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ (ខណៈរដ្ឋបាលខេត្តសៀមរាបបញ្ឈប់ការផ្សព្វផ្សាយតួលេខតាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១) និងរួមបញ្ចូលជាមួយការគណនាតាមទិន្នន័យតួលេខប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានបង្ហាញថា ខេត្តសៀមរាបមានករណីវិជ្ជមានមេរោគជំងឺកូវីដ-១៩ ចំនួន៨ ៩៥៤នាក់, ជាសះស្បើយចំនួន៨ ៩៦៩នាក់ (ចំនួនអ្នកជាសះស្បើយច្រើនជាងចំនួនអ្នកឆ្លងជំងឺ) និងស្លាប់បាត់បង់ជីវិតចំនួន៩៤នាក់ (Resic!) ។
IV-ចំណុចគួរឲ្យចាប់អារម្មណ៍បន្ថែមពាក់ព័ន្ធនឹងទិន្នន័យតួលេខ ៖ មានឈ្មោះអ្នកឆ្លងជំងឺមួយចំនួនអស់រយៈពេលជាង០៣ខែមកហើយ តែមិនឃើញមានឈ្មោះជាសះស្បើយពីជំងឺនៅឡើយ, មានឈ្មោះអ្នកជាសះស្បើយពីជំងឺជាច្រើននាក់មិនមានឈ្មោះក្នុងបញ្ជីប្រកាសព័ត៌មានអ្នកឆ្លងជំងឺទេ និងមានឈ្មោះអ្នកស្លាប់បាត់បង់ជីវិតចំនួនជាង២០នាក់គ្មានឈ្មោះនៅក្នុងបញ្ជីអ្នកឆ្លងជំងឺកូវីដ-១៩ ដែលប្រកាសជាសាធារណៈនាពេលកន្លងមកនោះឡើយ ។
V-អំពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (COVID-19) ៖ ខេត្តសៀមរាបបានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinopharm ផលិតនៅប្រទេសចិនតាំងពីដើមខែមីនា ឆ្នាំ២០២១ ប៉ុន្តែបានផ្តោតសំខាន់ត្រឹមទៅលើមជ្ឈដ្ឋានមន្ត្រីរាជការ និងសាច់ញាតិរបស់មន្ត្រីរាជការប៉ុណ្ណោះ ពោលគឺមិនទាន់បានអនុវត្តសម្រាប់ប្រជាពលរដ្ឋទូទៅនៅឡើយ ។ បន្ទាប់មកទើបដំណើរការអនុវត្តចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅចាប់ពីខែកក្កដា ឆ្នាំ២០២១ ព្រមទាំងបាន និងកំពុងដំណើរការអនុវត្តចាក់វ៉ាក់សាំងសម្រាប់កុមារ យុវជនចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលជាវ៉ាក់សាំងផលិតនៅប្រទេសចិន ។ លើសពីនេះ មន្ត្រីរាជការក៏បានចាក់វ៉ាក់សាំងដូសទី៣ ឬហៅថា (ដូសជំរុញ) ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទ AstraZeneca រួចរាល់ហើយដែរ ។
VI-អំពីវិធានការនានាក្នងន័យទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ៖ វិធានការរដ្ឋបាល, វិធានការត្រួតពិនិត្យសុខភាពបឋមលើអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប, វិធានការបិទខ្ទប់ (Lockdown) និងវិធានការកំណត់ជាតំបន់លឿងទុំ និងតំបន់ក្រហមក្នុងភូមិសាស្ត្រមួយចំនួនក៏បានអនុវត្តរួចរាល់ហើយដែរ រហូតដល់ក្នុងក្រុងសៀមរាបទាំងមូលដែលមានចំនួន១២សង្កាត់ ក៏បានក្លាយជាតំបន់ក្រហម (ចំនួន៤សង្កាត់) និងតំបន់លឿងទុំ (ចំនួន៨សង្កាត់) ទល់បច្ចុប្បន្ន (បន្តពីដាក់កំណត់ជាតំបន់លឿងទុំអស់រយៈពេលមួយសប្តាហ៍រួចមក) ។
VII-ទស្សនៈមតិ ៖ ១-អំពើធ្វេសប្រហែសរបស់មន្ត្រីសាធារណៈដែលពោពេញទៅដោយអំនួត និងកេងចំណេញហួសហេតុ និងអំពើយោគយល់ដល់មជ្ឈដ្ឋានមន្ត្រីរាជការគ្នាឯងជ្រុល ជាបច្ច័យនាំឲ្យមានភាពកម្សោយខាងអភិបាលកិច្ចក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (COVID-19) ។ លើសពីនេះ ទិន្នន័យតួលេខគឺជាប្រការសំខាន់ និងមានអត្ថប្រយោជន៍បំផុតសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងសម្រាប់អ្នកធ្វើការសន្និដ្ឋាន ព្រមទាំងអ្នកសម្រេចចិត្ត ដ្បិតអ្នកសិក្សាស្រាវជ្រាវត្រូវការចង់ដឹងថា មានករណីឆ្លង ជាសះស្បើយ និងស្លាប់ចំនួនប៉ុន្មាន ? វ័យ ? ភេទ ? ប្រភព ? ចាក់វ៉ាក់សាំងបង្ការ ឬក៏មិនទាន់ចាក់ ? វ៉ាក់សាំងប្រភេទអ្វី ? ប្រទេសជាតិដែលមានការអភិវឌ្ឍនលើវិស័យអ្វីមួយ គឺត្រូវតែមានអ្នកសិក្សាស្រាវជ្រាវ ការសិក្សាស្រាវជ្រាវអាចប្រព្រឹត្តទៅបានលុះត្រាតែមានទិន្នន័យតួលេខពិតប្រាកដច្បាស់លាស់ ។ ប្រការនេះគួរតែថ្នាក់ដឹកនាំប្រទេសកម្ពុជាគ្រប់ជាន់ថ្នាក់ធ្វើការពិចារណា និងសម្រេចប្រកបដោយគតិបណ្ឌិតបំផុត ៕