យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានសម្រេចកាត់ឆ្វៀលដីទំហំ១៧២ហិកតា ០៣អា ស្ថិតនៅក្នុងភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់សិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ ដោយស្មារតីអនុក្រឹត្យលេខ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
ប្រការគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺនៅត្រង់ថា ស្មារតីអនុក្រឹត្យលេខ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានកាត់ឆ្វៀលដីគម្របព្រៃឈើធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា បានបញ្ជាក់អំពីទីតាំងដីនៅភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប៉ុន្តែប្លង់គំនូសបង្ហាញទីតាំងដីដែលជាឧបសម្ព័ន្ធនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាបែរជាសរសេរថា ភូមិរំចេក ឃុំរំចេក និងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបទៅវិញ (Sic!) ។
លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្លាប់ទទួលបានការផ្តល់គោរមងារជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១៨/៦៩៨ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ និងរយៈពេលជាង២ឆ្នាំក្រោយមក ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទទួលបានការផ្តល់គោរមងារថ្មីជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០១២១/០៦៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ៕