ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ (COVID-19) នៅសណ្ឋាគារ ឡូទុសប្លង្ក (LOTUS BLANC RESORT) មានទីតាំងឋិតនៅផ្លូវជាតិលេខ៦A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រយៈពេលពីរ (២) ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានលោកជំទាវឧកញ៉ា គួយ ណាលីន ជាអ្នកតំណាងឲ្យសណ្ឋាគារ និងលោកវេជ្ជបណ្ឌិត អ៊ិតឆប ឆរ័ត្ន ជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស តាមលិខិតអនុញ្ញាតលេខ០២/២១អបស.មព ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១របស់ក្រសួងសុខាភិបាល ។
លោកស្រី គួយ ណាលីន ត្រូវបានគេស្គាល់ថាជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ (អតីតអភិបាលនៃគណៈអភិបាលខេត្តសៀមរាប) ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៩/២៩៨ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ៕