លោក អាំង សុភា វរៈចៅក្រមថ្នាក់លេខ៣ ចៅក្រមសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៨៣២ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០របស់សាលាដំបូងខេត្តកំពត ត្រូវបានស្ត្រីម្នាក់ឈ្មោះ ប៉ុល លក្ខណា អាយុ២៩ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿងក្តីដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១គោរពជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយប្តឹងសុំឲ្យដាក់វិន័យ និងធ្វើអធិការរកិច្ចនៅក្នុងសំណុំរឿងក្តីរបស់ខ្លួនដោយដាក់ការសង្ស័យថា លោកចៅក្រម អាំង សុភា ប្រព្រឹត្តអំពើស៊ីសំណូក សូកប៉ាន់ ជាថ្នូរនឹងការដោះលែងជនត្រូវចោទឈ្មោះ ម៉ន សុខមាន ឲ្យនៅក្រៅឃុំ (សូមអានពាក្យបណ្តឹងចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ទាំងស្រុងរបស់ស្ត្រីឈ្មោះ ប៉ុល លក្ខណា) ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោកចៅក្រម អាំង សុភា និងចំណាត់ការរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៅឡើយទេ ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ប៉ុល លក្ខណា គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។
លោក អាំង សុភា ដែលគេស្គាល់ថាជាកូនប្រុសបង្កើតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ «លោក អាំង មាលតី ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌអង្គចៅក្រម ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/១៦០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ និងទទួលបានការលើកលែងទោសដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១៩/៣៣០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីជាប់ឈ្មោះជាទណ្ឌិតក្រោមការផ្តន្ទាទោសរបស់តុលាការដាក់ពន្ធនាគារពីបទការកេងយកផលប្រយោជន៍ដោយខុសច្បាប់ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ១៤(គ) ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦របស់សាលាដំបូងខេត្តកណ្តាល» ជាសិស្សចៅក្រមជំនាន់ទី៤ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងឲ្យទៅបម្រើការងារជាចៅក្រមកម្មសិក្សានៅសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ ហើយត្រូវបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងបម្រើការងារជាចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។
ឈានចូលមកដល់ដើមឆ្នាំ២០១៧ លោកចៅក្រម អាំង សុភា ក៏ត្រូវបានផ្ទេរមុខតំណែងពីចៅក្រមសាលាដំបូងខេត្តឧត្តរមានជ័យឲ្យមកបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកំពតរហូតទល់បច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៧/២៤៦ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៕