ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

រឿង​អ្នកកាសែត​ប្តឹង​មន្ត្រី​តុលាការ ! អ្នកសារព័ត៌មាន​ពីរ​នាក់​ដាក់ពាក្យ​ប្តឹង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​ម្នាក់​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)

អ្នកសារព័ត៌មាន​ចំនួន​ពីរ​នាក់ គឺ​លោក ទ្រី វិច្ឆិកា ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស ប្រចាំខេត្ត​ព្រះវិហារ និង​លោក ទ្រី សុផល ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍ NICE TV ប្រចាំខេត្ត​ព្រះវិហារ បាន​ផ្តិត​ម្រាមដៃ​ដាក់ពាក្យ​បណ្តឹង​គោរព​ជូន​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ប្តឹង​ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ និង​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ករណី​ឈូសឆាយ​ដីព្រៃ​ប្រមាណ​ជិត​៧​ហិកតា ឋិត​នៅ​ភូមិ​ក្តា​ក់ ឃុំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្តព្រះវិហារ នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ ។

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​របស់លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដែល​បានដាក់​ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា ការណ៍​ដែល​លោក​ទាំងពីរ​ដាក់ពាក្យ​ប្តឹង​ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ និង​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ គឺ​បន្ទាប់ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​លោក​ទាំងពីរ​ពីបទ​ធ្វើ​ឲ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ​, បទ​ចុះផ្សាយ​ដោយ​សរសេរ​បញ្ឆិតបញ្ឆៀង​ធ្វើ​ឲ្យ​អ្នកអាន​មានការ​សង្ស័យ​លើ​បុគ្គល​ណា​ម្នាក់ និង​បទ​ប៉ះពាល់​ដល់​អា​ថ៍កំ​បាំង​វិជ្ជាជីវៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៣៧០ ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១​របស់​សាលាដំបូង​ខេត្តព្រះវិហារ (​សូម​អាន​ពាក្យបណ្តឹង​ទាំងស្រុង​របស់លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល​)

​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ណាមួយ​ពី​សំណាក់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​, ឯកឧត្តម ទី សុវិនថាល់ ព្រះរាជា​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ និង​លោក វុ​ធ សា​វី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់លោក ទ្រី វិច្ឆិកា និង​លោក ទ្រី សុផល ដែលជា​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​នោះ​នៅឡើយ​ទេ ។​

​ឯកឧត្តម ទី សុវិនថាល់ អាយុ​៥៥​ឆ្នាំ ឧ​ត្ត​ម​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​៦ ធ្លាប់​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២០៧/៦៦៥ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៧ ។ ឈាន​ចូលដល់​ដើមឆ្នាំ​២០០៩ លោក ទី សុវិនថាល់ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០១០៩/១២៤ ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០០៩ និង​បន្ទាប់មក ក៏ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤១៤/៤៤៨ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៤ ។​

​លុះ​មកដល់​ដើមឆ្នាំ​២០១៧ លោក ទី សុវិនថាល់ ក៏ត្រូវ​បាន​ផ្ទេរ​មុខតំណែង​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៤៧ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ រហូតទល់​បច្ចុប្បន្ននេះ ។​

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត នឹង​បន្ត​តាមដាន​មើល​ដំណើរ​សាច់រឿង​អ្នកសារព័ត៌មាន​ប្តឹង​ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ​តទៅទៀត ៕

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.