សម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ មានមេធាវីដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) កំពុងប្រកបវិជ្ជាជីវៈពេញសិទ្ធិជាច្រើននាក់ទទួលបានងារជា «ឯកឧត្តម-លោកជំទាវ» ដោយសារកាន់មុខតំណែងក្នុងសមាសភាពក្រុមប្រឹក្សាអ្នកច្បាប់ មេធាវីរាជរដ្ឋាភិបាល មេធាវីប្រចាំក្រសួង ទីប្រឹក្សាថ្នាក់ដឹកនាំ…រហូតដល់មានកាន់តំណែងជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តទៀតផង ជាអាទិ៍ ៖
១-ឯកឧត្តម ហម មុនី អាយុ៥៤ឆ្នាំ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៦៤ ត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបងក្នុងអាណត្តិទី៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៤៤ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ (ធ្លាប់កាន់តំណែងនេះតាំងពីអាណត្តិទី១ និងអាណត្តិទី២) ។
២-ឯកឧត្តម នូ ចាន់ដេត អាយុ៣៤ឆ្នាំ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៧២១ ត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំក្នុងអាណត្តិទី៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៤៩ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ។
៣-លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធិ អាយុ៣៩ឆ្នាំ សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៤៣៦ ត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំក្នុងអាណត្តិទី៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៤៩ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ។
៤-ឯកឧត្តម ស្រ៊ី គឹមយូ អាយុ៤០ឆ្នាំ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ៣៩៣ ត្រូវបានទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងអាណត្តិទី៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៩/៧៥៥ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ។
ពាក់ព័ន្ធនឹងការបំពេញតួនាទីជាមេធាវីផង និងជាសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី-ខេត្តផងនេះ ធ្លាប់ត្រូវបានសាលាដំបូងខេត្តកំពង់ធំស្នើសុំឲ្យគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាធ្វើការបញ្ជាក់អំពីវិសមិតភាពរួចមកហើយតាមលិខិតលេខ១១១២ (កិច្ចការប្រញាប់) ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ហើយក៏ត្រូវបានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដែលមានឯកឧត្តម លី ច័ន្ទតុលា ជាប្រធាន ឆ្លើយតបវិញតាមស្មារតីលិខិតលេខ២៥៣៥/គម/២០ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ មានខ្លឹមសារថា «វិជ្ជាជីវៈមេធាវីពុំមានវិសមិតភាពជាមួយតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី-ខេត្តឡើយ ។» ៕