គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ដែលបច្ចុប្បន្នដឹកនាំដោយលោកមេធាវី លី ច័ន្ទតុលា ជាប្រធាន និងគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាចំនួន៣៣នាក់ នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) នៅក្នុងមហាសន្និបាតលើកទី២៦របស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនាថ្ងៃទី១៦ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ខាងមុខតាមប្រព័ន្ធ ZOOM Meeting (ដ្បិតជាសម័យរាតត្បាតដោយជំងឺ COVID-19) ។
យោងតាមសេចក្តីសម្រេចលេខ៦៣៣/សសគម/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺមានបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ចំនួន១១៥នាក់ ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែង ។
ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានសមាជិកចំនួនជាង២ពាន់នាក់នោះ ដូច្នេះអនុលោមតាមមាត្រា១០នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គឺក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) នឹងត្រូវបោះឆ្នោតជ្រើសរើសយកចំនួន៣៣នាក់ ។
ដំណើរការឃោសនារកសំឡេងឆ្នោតគាំទ្ររបស់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអានត្តិទី១០ (២០២១-២០២៤) នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១រហូតដល់ម៉ោង ២៤ និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ។
មាត្រា១៩នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបានចែងបញ្ញត្តិថា «ក្រុមប្រឹក្សាគណៈមេធាវីពិនិត្យដោះស្រាយគ្រប់បញ្ហាដែលពាក់ព័ន្ធទៅនឹងការអនុវត្តវិជ្ជាជីវៈមេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីធានាការបំពេញភារកិច្ច និងការពារសិទ្ធិរបស់មេធាវី ។ ក្រុមប្រឹក្សាគណៈមេធាវីមានភារកិច្ចជាអាទិ៍ដូចតទៅ ៖ -ធ្វើបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌, -សម្រេចឲ្យចុះឈ្មោះធ្វើកម្មសិក្សា និងចុះឈ្មោះក្នុងបញ្ជីគណៈមេធាវី, -សម្រេចលើការស្នើសុំអនុញ្ញាតទាំងឡាយដែលធ្វើឡើងដោយមេធាវី, -ពិនិត្យកិច្ចព្រមព្រៀង និងឯកសារទាំងឡាយដែលមេធាវីមានកាតព្វកិច្ចត្រូវដាក់ឲ្យពិនិត្យហើយ បញ្ចេញមតិណែនាំលើកិច្ចព្រមព្រៀង និងឯកសារទាំងនោះ, -ត្រួតពិនិត្យការកាន់កាប់ទៀងទាត់នៃបញ្ជីគណនេយ្យរបស់មេធាវី, -ធានាការគោរពវិន័យ និងការដាក់វិន័យ, -ធានារ៉ាប់រងការរៀបចំ និងការគ្រប់គ្រងសេវាទូទៅរបស់គណៈមេធាវី, -គ្រប់គ្រងទ្រព្យសម្បត្តិ និងថវិការបស់គណៈមេធាវី កំណត់ចំនួនទឹកប្រាក់ភាគទានរបស់មេធាវីម្នាក់ៗ និងបង់ប្រាក់ធានារួមសម្រាប់វិជ្ជាជីវៈមេធាវី, -គ្រប់គ្រងបេឡានៃមូលនិធិរបស់គណៈមេធាវី, -បញ្ចេញមតិលើបញ្ហាទាំងឡាយដែលទាក់ទងវិស័យយុត្តិធម៌ និងសិទ្ធិរបស់មេធាវី ក្នុងវិស័យការពារជាអាទិ៍នៅពេលដែលមានការអញ្ជើញពីអាជ្ញាធរសាធារណៈ ។ » ៕