អតីតម្ចាស់ទស្សនៈ «ពេទ្យខ្មែរអាក្រក់៩» ដែលជាវេជ្ជបណ្ឌិត និងមានងារជា «ឧកញ៉ា» ផងនោះ គឺឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ា គួច ម៉េងលី នាយកក្រុមហ៊ុន Mengly J-Quach Holding និងជានាយកគ្រប់គ្រងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង (AIS) ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨២១/៥៩៧ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានចំណេះដឹងខាងវិជ្ជាពេទ្យ និងជាអ្នកជំនួញមកពីសហរដ្ឋអាមេរិកព្រមទាំងធ្លាប់បានធ្វើជាពេទ្យស្ម័គ្រចិត្តនៅប្រទេសកម្ពុជាចាប់តាំងពីអំឡុងឆ្នាំ២០០២មកនោះ ទទួលបានការតែងតាំងគោរមងារជា «ឧកញ៉ា» ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៩/៣៣៤ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៩ ។ ក្រោយការបង្កើតរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភា វេជ្ជបណ្ឌិតឧកញ៉ា គួច ម៉េងលី ទទួលបានការតែងតាំងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៩៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ពោលគឺមានឋានៈ និងងារជា «ឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ា» ។
កាលពីអំឡុងដើមឆ្នាំ២០១៦ និងអំឡុងឆ្នាំ២០១៧កន្លងទៅ ឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ា គួច ម៉េងលី ធ្លាប់ទទួលរងនូវប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា និងក្រសួងសុខាភិបាល បន្ទាប់ពីឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ារូបនេះបានបញ្ចេញទស្សនៈថា «ពេទ្យខ្មែរអាក្រក់៩» និងការផ្សព្វផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មានចំណងជើងថា «កិច្ចការរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី រាំងស្ទះក្រោយការរិះគន់ប្រព័ន្ធសុខាភិបាល» ។
ទោះជាយ៉ាងណាក៏ដោយ កម្តៅពាក់ព័ន្ធនឹងពាក្យថា «ពេទ្យខ្មែរអាក្រក់៩» រវាងឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ា គួច ម៉េងលី និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជានោះ បានធ្លាក់មករកស្ថានភាព «ធូរស្រាល» ឬ «បញ្ចប់» វិញបន្ទាប់ពីគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាបានទទួលលិខិតលាយលក្ខណ៍អក្សរឆ្លើយតបជាផ្លូវការចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦របស់ឯកឧត្តមវេជ្ជបណ្ឌិតឧកញ៉ា គួច ម៉េងលី រួចមក ៕