សារព័ត៌មាន Reuters បានផ្សព្វផ្សាយដោយដកស្រង់ពីប្រភពយោធាអ៊ីស្រាអែលនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងជាច្រើនកន្លែងរបស់ក្រុមហាម៉ាស (Hamas) ក្នុងតំបន់ Gaza Strip ជាការសងសឹកទៅនឹងសកម្មភាព «បង្ហោះប៉េងប៉ោងភ្ជាប់គ្រឿងផ្ទុះ» ចូលមកក្នុងទឹកដីអ៊ីស្រាអែល ។
ប្រភពយោធាអ៊ីស្រាអែលបានអះអាងឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួនមានគោលដៅលើរោងចក្រផលិតអាវុធមួយកន្លែង និងទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយកន្លែងទៀតរបស់ក្រុម Hamas ក្នុងតំបន់ Gaza ខណៈមិនទាន់មានប្រភពរាយការណ៍ឲ្យដឹងអំពីទំហំនៃការខូចខាតដោយសារការវាយប្រហារនេះនៅឡើយ ។
សារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយដោយដកស្រង់ពីប្រភពក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលបានឲ្យដឹងថា ចាប់តាំងពីថ្ងៃឆ្លងដំបូងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ រហូតមកទល់ពេលនេះប្រទេសអ៊ីស្រាអែលមានករណីឆ្លងជំងឺកូវីដ-១៩ (COVID-19) សរុបចំនួន ១ ០០៥ ៥១១នាក់ហើយ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួនជាង៩លាននាក់ (ចំនួនឆ្លងច្រើនជាប់លំដាប់លេខរៀងទី៣៥ក្នុងចំណោមបណ្តាប្រទេស និងដែនដីចំនួន ២២២នៅលើពិភពលោក) ខណៈមានករណីស្លាប់បាត់បង់ជីវិតចំនួន ៦ ៨៦៤នាក់ ៕