យោងតាមចំណារចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅលើលិខិតលេខ៤៩៨៧សហវ.អទច ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ចោលជាអសារបង់វិញហើយ ដោយស្មារតីលិខិតលេខ៣៩៦សជណ.ហឆ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្រៅពីការលុបចោលគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន នោះ រាជរដ្ឋាភិបាលក៏បានសម្រេចដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន, រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគស្ថិតនៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ, បង្កើតគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើសុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន ។
មិនបានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន នោះទេ គឺគ្រាន់តែមានប្រភពខ្លះថា មកពីក្រុមហ៊ុន មិនបានបង់ពន្ធត្រឹមត្រូវជូនរដ្ឋ ប៉ុន្តែប្រភពនេះត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុនប្រកាសបដិសេធដោយអះអាងថា ក្រុមហ៊ុនមានឆន្ទៈបង់ពន្ធជូនរដ្ឋត្រឹមត្រូវមិនមានចេតនាទុច្ចរិត ឬគេចវេះអ្វីឡើយ ។
ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន (Sou Ching Port Investment) ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ឯក វ៉ា ឈូដា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា អត្តលេខ៧៣៦០៦ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ក្នុងនាមជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លោក វ៉ា ឈូដា ធ្លាប់ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១០/៣៩៦ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ ប៉ុន្តែត្រូវបានបញ្ចប់គោរមងារជាឧកញ៉ា នេះវិញត្រឹមរក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយ៍ និងស្ថិតក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៩/១៧៥១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ៕