ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

ឈាម​ខ្មែរ​តែ​វេទនា​លើដី​បរទេស ! សង្វេគ​ចំពោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជា​ពន់ពេក​ដោយ​វិលត្រឡប់​ចូល​មាតុភូមិ​វិញ​មិនបាន​ចំពេល​បិទ​ខ្ទប់ (Lockdown)

បន្ទាប់ពី​ប្រទេស​ថៃ​រង​ការ​រាតត្បាត​នូវ​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ដូច​បណ្តា​ប្រទេស​ដទៃទៀត​ជាច្រើន​នៅលើ​ពិភពលោក​ដែរ និង​រោងចក្រ សហគ្រាស​មួយចំនួន​ត្រូវបាន​ផ្អាក​ដំណើរការ​អាជីវកម្ម សេវាកម្ម ធ្វើ​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ ហើយក៏​បានធ្វើ​ដំណើ​រវិ​ល​ត្រឡប់​ចូលមក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ ដ្បិត​រ៉ាប់រង​មិន​រួច​ទៅនឹង​ការចំណាយ​ផ្សេងៗ​នៅ​ប្រទេស​ថៃ ខណៈដែល​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ចំណូល ។​

​ជាមួយនឹង​ការវិលត្រឡប់​ចូលមក​មាតុភូមិ​វិញ​របស់​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​នោះ គឺ​ត្រូវបាន​តេស្ត​រកឃើញ​វិជ្ជមាន​មេរោគ​ជំងឺ COVID-19 ជា​ហូរហែ និង​ជាពិសេស​គឺ​វិជ្ជមាន​មេរោគ​ជំងឺ COVID-19 បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា (Delta Variant) ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​តែម្តង ។​

​ក្រោម​ហេតុផល​ទប់ស្កាត់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​ដែល​បណ្តាលមកពី​មេរោគ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​ដែល​តា (Delta) នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទ​ខ្ទប់ (Lockdown) ភូមិសាស្ត្រ​ខេត្ត​ចំនួន​០៨ គឺ​ខេត្តកោះកុង​, ពោធិ៍សាត់​, បាត់ដំបង​, ប៉ៃលិន​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ និង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១ ។

​វិធាន​ការបិទ​ខ្ទប់ (Lockdown) ក្នុងភូមិ​សាស្ត្រ​ខេត្ត​ចំនួន​០៨​ដែល​ភាគច្រើន​ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​នេះ គឺ​បាន​ក្លាយជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​បងប្អូន​ពលករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ដែល​មានបំណង​វិលត្រឡប់​ចូលមក​មាតុភូមិ​វិញ ។​

​ព័ស្តុតាង​មួយចំនួន​បានបង្ហាញ​ឲ្យ​ឃើញថា ពលករ​ខ្មែរ​ដែល​គ្មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ហើយ​មិនអាច​វិលត្រឡប់​ចូលមក​មាតុភូមិ​វិញ​ក្រោម​ឥទ្ធិពល​នៃ​ការបិទ​ខ្ទប់​បណ្តា​ខេត្ត​របស់​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ​នោះ គឺ​កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាកលំបិន​ខ្លាំង​មែនទែន ។​

​ព្រោះតែ​បញ្ហា​ជីវភាព មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១​លាន​នាក់​បានសម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុកទេស​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ តាម​រូបភាព​ស្របច្បាប់​ផង និង​ខុសច្បាប់​ផង (​រូបភាព​ខុសច្បាប់​អាច​ប្រព្រឹត្តទៅបាន​ដោយសារ​ស្នាដៃ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំការ​នៅតាម​បណ្តា​ច្រកព្រំដែន​កម្ពុជា​-​ថៃ​) ។

​គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បានប្រកាស​ឲ្យ​ដឹងថា កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា (Delta) លើ​ពលករ​ខ្មែរ​វិលត្រឡប់​មកពី​ប្រទេស​ថៃ អ្នកដំណើរ​មក​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល និង​អ្នកភូមិ​នៅក្នុង​សហគមន៍​សរុប​ទាំងអស់​ចំនួន ៣២៧​នាក់ (​ប្រុស​១៧០​នាក់ និង​ស្រី​១៥៧​នាក់​) ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​មារយាទ មានគំនិត មាន​ថវិកា​ចំណាយ​សមរម្យ និង​មាន​ឆន្ទៈ​ស្រឡាញ់​គិតគូរ​ដល់​បងប្អូន​ពល​ករ​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​ថៃ​ក្នុងនាម​ឈាម​ខ្មែរ​តែមួយ​ដែល​កំពុង​ប្រឈម​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​នោះ គឺ​រាជរដ្ឋាភិបាល​អាច​ចាត់វិធានការ​រៀបចំម​ណ្ឌ​ល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ (​ចំពោះ​អ្នក​ឆ្លង​មេរោគ​ហើយ​) នៅតាម​បណ្តា​ខេត្ត​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ពលករ​ទាំងនោះ​អាច​វិលត្រឡប់​ចូលមក​មាតុភូមិ​វិញ​ជាការ​ស្រេច ដោយ​មិនចាំបាច់​រារាំង​បិទ​ខ្ទប់ (Lockdown) ទុក​ឲ្យ​ពលករ​ជា​ឈាម​ខ្មែរ​តែមួយ​លំបាក​វេទនា​នៅលើ​ទឹកដី​បរទេស​នោះឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.