ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

យក្ស​គំរាម​យក្ស​ដោយ​ទុក COVID-19 ទៅ​ម្ខាង ! ឥណ្ឌា​គ្រោង​បញ្ជូន​នាវាចម្បាំង​៤​គ្រឿង​ទៅកាន់​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​

សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា នៅក្នុង​ខែសីហា​នេះ​ប្រទេស​ឥណ្ឌា​កំពុង​ត្រៀម​បញ្ជូន​ក្រុម​នាវាចម្បាំង​ទៅកាន់​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ក្នុង​គោលបំណង​ពង្រីក និង​ពង្រឹង​ចំណងទាក់ទង​ផ្នែក​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ខណៈ​ក៏​ទំនងជា​សញ្ញា​ចង់បង្ហាញ​ថា ឥណ្ឌា​ជា​តួអង្គ​សំខាន់​ជាង​មុន​នៅក្នុង​តំបន់​ដើម្បី​ទប់ទល់​ជាមួយនឹង​ឥទ្ធិពល​មហាអំណាច​ចិន ។​

​សេចក្តីថ្លែងការណ៍​រប​ស់​យោធា​ជើង​ទឹក​ឥណ្ឌា​បាន​ឲ្យ​ដឹងថា នាវាចម្បាំង​ចំនួន​៤​គ្រឿង​នឹងត្រូវ​ដាក់ពង្រាយ​រយៈពេល​២​ខែ​ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍ តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ។ លើសពីនេះ ក្រុម​នាវាចម្បាំង​ក៏​នឹងចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី​នៅក្បែរ​កោះ Gam ផងដែរ ។

​មហាអំណាច​ចិន​បាន​ចេញមុខ​រិះគន់​យ៉ាងខ្លាំង​រួចហើយ​ទៅនឹង​គម្រោង​សមយុទ្ធ​យោធា​នេះ ដោយ​ចាត់ទុកថា «​ជា​អំពើ​បង្ក​អស្ថិរភាព​ក្នុង​តំបន់​» ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ និង​យោធា​អន្តរជាតិ​បាន​បញ្ចេញ​ទស្សនៈ​ថា ជារឿយៗ​ទោះបី​ក្នុងស្ថានភាព​រាតត្បាត​ដោយ​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក៏ដោយ​ក៏​ប្រទេស​មហា​យក្ស​ឥណ្ឌា​ដែលមាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​លាន​នាក់​នេះ​មិនដែល​បង្ហាញ​នូវ​ជំហរ «​ញ៉ម​» នឹង​ឥទ្ធិពល​របស់​ប្រទេស​មហា​យក្ស​ចិន​ដែលមាន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​លាន​នាក់​ដូចគ្នា​ក្នុង​តំបន់​ម្តងណា​ឡើយ ។​

​យោងតាម​ប្រភព​របស់ Worldometer បាន​ឲ្យ​ដឹងថា គិត​ត្រឹម​វេលា​ព្រឹក​នា​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២១​នេះ ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាពលរដ្ឋ​ជាង​១ ៣៩៤​លាន​នាក់​នោះ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន ៣១ ៧៦៩ ១៣២​នាក់ (​លំដាប់​លេខ​២ បន្ទាប់ពី​សហរដ្ឋអាមេរិក​) និង​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ចំនួន ៤២៥ ៧៨៩​នាក់ (​លំដាប់​លេខ​៣ បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​) ខណៈ​ប្រទេស​ចិន​ដែលមាន​ប្រជាពលរដ្ឋ​ជាង ១ ៤៣៩​លាន​នាក់​នោះ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន ៩៣ ២៨៩​នាក់ (​លំដាប់​លេខ​១០៧​ក្នុងចំណោម​បណ្តា​ប្រទេស និង​ដែនដី​ចំនួន​២២២) និង​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ចំនួន ៤ ៦៣៦​នាក់ ៕

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.