ថ្ងៃ ចន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំ ២០២១

​បដិសេធ​ផង និង​មោឃភាព​ផង ! ទាល់​តែមាន​ជំហរ​ស្មារតី និង​របៀបរបប​ធ្វើការ​ងារ​បែប​ហ្នឹង​ទើប​អាច​កាន់តំណែង​ជា​មេឃុំ​សម័យ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​បាន​

មិន​ខុសពី​បណ្តា​មេឃុំ​ផ្សេងៗ​ទៀត​នោះទេ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក គង់ ប៊ុន​រា មេឃុំ​ព្រែក​ត្នោត នៃ​ស្រុក​ទឹកឈូ ខេត្តកំពត បានចេញ​លិខិតផ្លូវការ​មួយ​លេខ​៩០៧/២១ ដោយ​ធ្វើការ​ប្រកាស​បដិសេធ​ផង និង​មោឃភាព​ផង​នូវ​រាល់​ឯកសារ​ដែល​លោក​បាន​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ​ប្រើប្រាស់​ដីធ្លី លិខិត​ស្នើសុំ​ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី លិខិត​ទិញ​-​លក់​ដីធ្លី និង​ប្លង់​បង្ហាញ​ទីតាំង​ដី​គ្រប់​ប្រភេទ ស្ថិតនៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ​នៃ​តំបន់​ឧទ្យាន​ជាតិ​មុនី​វង្ស​បូកគោ ។​

​លោក​មេឃុំ​ព្រែក​ត្នោត នៃ​ស្រុក​ទឹកឈូ ខេត្តកំពត ចេញ​លិខិត​បែបនេះ គឺ​បន្ទាប់ពី​រដ្ឋបាល​ខេត្តកំពត​បានចេញ​លិខិត​លេខ​២៧៧/២១​សជណ ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ និង​បន្ទាប់ពី​ក្រសួងបរិស្ថាន​បានចេញ​លិខិត​លេខ​៦០៥​សណ​.​ប​ស្ថ ចុះ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ សុំ​អន្តរាគមន៍​ទៅ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឲ្យ​ចាត់វិធានការ​បញ្ឈប់​ជាបន្ទាន់ និង​មោឃភាព​នូវ​រាល់​ការចុះហត្ថលេខា ឬ​ការបញ្ជាក់​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ ពាក្យស្នើសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី លិខិត​ទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជា​ក់លើ​ប្លង់​បង្ហាញ​ទីតាំង​ដី ជាអាទិ៍ ដែល​ធ្វើឡើង​នៅ​លើដី​ក្នុង​តំបន់ការពារធម្មជាតិ និង​ក្នុង​របៀង​អភិរក្ស​ជីវៈចម្រុះ ។

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅលើ​លិខិតផ្លូវការ​របស់លោក គង់ ប៊ុន​រា មេឃុំ នៃ​រដ្ឋបាល​ឃុំ​ព្រែក​ត្នោត ក្រៅពី​បង្ហាញ​នូវ​ជំហរ​ស្មារតី​មិន​ទទួលខុសត្រូវ​នោះ គឺ ៖ ១-​សរសេរ​នូវ​ពាក្យ «​បដិសេធ ដែលជា​ចំណងជើង​លិខិត​មិន​ត្រឹមត្រូវ ឬ​ខុសឆ្គង​ថា «​ប​ដេ​សេធ​» (Sic!) និង​ប្រើ​ពាក្យពេចន៍​ក្នុង​លិខិត​ថា «​បដិសេធ​ទុកជា​មោ​ឃៈ​» (Resic!) ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកសិក្សា​រៀនសូត្រ​សម្តែង​នូវ​ការហួសចិត្ត​យ៉ាងខ្លាំង ។​

​ទោះយ៉ាងណា​ក៏ដោយ មជ្ឈដ្ឋាន​អ្នកវិភាគ​ឯករាជ​អំពី​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា ទាល់តែ​ចេញ​លិខិត​លាយលក្ខណ៍អក្សរ​សរសេ​រថា បដិសេធ​ផង និង​មោឃភាព​ផង ពោរពេញ​ទៅដោយ​ជំហរ​ស្មារតី និង​របៀបរបប​ធ្វើ​ការងារ​បែបនេះ ទើប​អាច​កាន់កាប់​មុខតំណែង​ជា​មេឃុំ​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ដែលជា «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» យ៉ាង​ហ៊ី​ហា​បាន ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.