កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញសេចក្តីប្រកាសព័ត៌មានមួយលេខ៤៦បទ បញ្ជាក់ឲ្យដឹងថា ក្រសួងបានរកឃើញនូវអំពើរបស់ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co.,Ltd.) ដែលជាប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត អនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃហើយយកទៅលក់បន្តឲ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ លើសពីនេះ ក្រសួង MPTC ក៏បានប្រកាសអំពីវិធានការរបស់ខ្លួនទៅលើក្រុមហ៊ុនទូរសព្ទSmart ដែលប្រព្រឹត្តល្មើសនោះចំនួន៤ចំណុចផងដែរ ។
បន្ទាប់ពីក្រសួង MPTC បានប្រកាសរកឃើញអំពីអំពើល្មើសរបស់ក្រុមហ៊ុន Smart រួចមក ក្រុមហ៊ុនទូរសព្ទចល័តមួយនេះ ក៏បានចេញសេចក្តីជូនដំណឹងភ្លាមៗប្រកាសឲ្យដឹងថា ហេតុការណ៍កើតឡើង គឺដោយសារកំហុសឆ្គងរបស់បុគ្គលិកក្រុមហ៊ុនខ្លួន (Sic!) ។
អតិថិជនរបស់ក្រុមហ៊ុនទូរសព្ទចល័តSmart បាននាំគ្នាលាន់មាត់ថា ចំពោះលេខទូរសព្ទដែលអតិថិជនរបស់ខ្លួនកំពុងប្រើប្រាស់នៅឡើយ គឺក្រុមហ៊ុនេះហ៊ានកាត់ផ្តាច់យកលក់ទៅឲ្យអតិថិជនថ្មីទៅហើយ ចុះទម្រាំលុយក្នុងគណនីទូរសព្ទ តើក្រុមហ៊ុននេះនឹងហ៊ានលួចកាត់ពីអតិថិជនរបស់ខ្លួនដល់កម្រិតណាដែរ ?
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានបញ្ចេញទស្សនៈថា អំពើរបស់ក្រុមហ៊ុនទូរសព្ទចល័តSmart Axiata Co.,Ltd. គឺបានប្រព្រឹត្តបំពានទៅលើច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩យ៉ាងធ្ងន់ធ្ងរ ៕