ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

សេចក្តីត្រូវការ​របស់​រាស្ត្រ ! ពលរដ្ឋ​ខេត្តសៀមរាប​ស្រែក​ដង្ហោយ​ចង់បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (COVID-19)

ខេត្តសៀមរាប ដែលជា​ទីតាំងនៅ​នៃ​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​ក៏​ជា​ខេត្ត​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ដ៏​ច្រើន​លំដាប់​ទី​១​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បាន និង​កំពុង​ទទួលរង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ (COVID-19) ដូច​បណ្តា​ខេត្ត និង​រាជធានី​ទូទាំងប្រទេស និង​ក៏​ដូច​ពិភពលោក​ទាំងមូល​ផងដែរ រហូត​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ធ្លាក់​ក្នុង​សភាព​ស្ងាត់ជ្រងំ ខណៈ​សណ្ឋាគារ​ជាច្រើន​ត្រូវបាន​បិទទ្វារ​ដំណើរការ និង​បុគ្គលិក និយោជិត​ផ្នែក​វិស័យ​ទេសចរណ៍​បាត់បង់​ការងារ​ធ្វើជា​ច្រើន​ម៉ឺន​នាក់ ។

​ទន្ទឹមគ្នា​នឹង​ស្ថានភាព​ទូទាំងប្រទេស​ទទួលរង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ផុសផុល រហូត​ទទួលបាន​លទ្ធផល​ចំនួន​៤៧,០១% ធៀប​ទៅនឹង​ចំនួន​ប្រជាពលរដ្ឋ​គោលដៅ​សម្រាប់​ចាក់​វ៉ាក់សាំង​១០​លាន​នាក់ (​គិត​ត្រឹម​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ចាក់​វ៉ាក់សាំង​សម្រាប់​ដូ​ស​ទី​១ បាន​ចំនួន​៤ ៧០១ ២៥៥​នាក់​) ។

​ក្នុងអំឡុង​ពេលដែល​ខេត្តសៀមរាប បាន និង​កំពុង​រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​រដ្ឋបាលខេត្ត​ទឹកដី​អង្គរ​មួយ​នេះ​បាន​ឆ្លងកាត់​នូវ​ការដាក់ចេញ​វិធានការ​រដ្ឋបាល​ច្រើន​រូបភាព និង​ច្រើន​ដំណាក់កាល​រួចមកហើយ ជាអាទិ៍ ៖ ត្រួតពិនិត្យ​សុខភាព​បឋម​នៅ​ច្រក​ធ្វើដំណើរ​ចូល​ខេត្ត​, ដាក់​បម្រាម​គោចរ​, ផ្អាក​ការលក់​គ្រឿង​ស្រវឹង​, អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ (Mask) ការពារ និង​រក្សា​គម្លាត​សុវត្ថិភាព​, អនុវត្ត​វិធាន​ការបិទ​ខ្ទប់ (Lockdown) នៅ​ភូមិសាស្ត្រ​ខ្លះ និង​ការកំណត់​តំបន់​ក្រហម លឿងទុំ និង​លឿង​ក្នុងភូមិ​សាស្ត្រ​មួយចំនួន​…​។​ល​។ ខណៈ​ចាប់តាំងពី​កកើត​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ គិត​មកដល់​ត្រឹម​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​មេរោគ​ជំងឺ​កូ​វីដ​-១៩​ចំនួន​១ ៩៥៨​នាក់​, អ្នកស្លាប់​បាត់បង់​ជីវិត​ចំនួន​១៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​១ ២៥៣​នាក់ ។​

​យោងតាម​ការ​ស្ទាបស្ទង់​មតិ​របស់​ប្រជាពលរដ្ឋ និង​ជាពិសេស​មជ្ឈដ្ឋាន​បុគ្គលិក និយោជិត​ដែល​បម្រើ​ការងារ​នៅក្នុង​វិស័យ​ទេសចរណ៍​បានបង្ហាញ​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន និង​កំពុង​ស្រែក​ដង្ហោយ​ចង់បាន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ក្នុងពេល​វេលា​មួយ​ដ៏​សមស្រប​បំផុត ខណៈ​ចំនួន​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​សហគមន៍​កំពុងតែ​កើនឡើង​ជា​លំដាប់ និង​ក៏​ដើម្បី​ត្រៀមខ្លួន​បម្រើសេវា​ទេសចរណ៍​នៅពេល​កម្ពុជា​អាច​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសច​របរ​ទេស​ភ្ជាប់​ជាមួយនឹង​វិធានការ​ចាក់​វ៉ាក់សាំង​រួចរាល់​ខាងមុខ​ផង ។

​សរុបសេចក្តី​មក សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) មេត្តាជួយ​សម្រេច​ដោះស្រាយ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជា​ទ្រង់ទ្រាយ​ធំ​ទូលំទូលាយ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​ជាទី​តាំង​ទឹកដី​អង្គរ​តាម​សំណូមពរ​ដោយ​ក្តី​អនុគ្រោះ​បំផុត ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.