ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

ខុស​ឥត​ល្ហែ ឬ​អក្សរ​ខ្មែរ​អត់​តម្លៃ ? ហួស​ចិត្តនឹង​មន្ត្រីក្រោមឱវាទ​ព្រាង​លិខិត​ឲ្យ​នាយករដ្ឋមន្ត្រី​សរសេរ​អក្សរ​ខ្មែរ​ទាំង​ខុសឆ្គង​

កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​លិខិតផ្លូវការ​មួយច្បាប់​លេខ​៣៧៦​លស ជម្រាបជូន​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុង​កម្មវត្ថុ​ស្នើសុំ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​រាជរដ្ឋាភិបាល​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នៅត្រង់ថា​មន្ត្រីក្រោមឱវាទ​បាន​ព្រាង​លិខិត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី​សរសេរ​អក្សរ​ខ្មែរ​ថា «​ជម្ងឺ​» ខណៈ​បើ​យោងតាម​សៀវភៅ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត គ្មាន​ពាក្យ​ថា «​ជម្ងឺ​» ទេ គឺ​មានតែ​ពាក្យ​ថា «​ជំងឺ​» ជា​នាម ដែល​ពន្យល់ថា «​ភាវៈ​ឈឺ​, សេចក្តី​ឈឺចាប់​, អាពាធ​, រោគ : មាន​ជំងឺ​, ចាប់ជំងឺ ។ អ្នក​ដែល​ឈឺ : នាំយក​ជំងឺ​ទៅ​មន្ទីរពេទ្យ ។​» ។

​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចែង​បញ្ញត្តិ​ថា «​ភាសា និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ គឺ​ភាសា និង​អក្សរ​ខ្មែរ ។​» ។​

​ដោយឡែក មាត្រា​១២​នៃ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លេខ​១៤៦​អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ចែងថា «​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ (​ក​.​ជ​.​ភ​.​ខ​) ត្រូវ​ប្រើ​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ គ្រា​ទី​៥ ឆ្នាំ​១៩៦៧​ជា​គោល ។ » ។

​សរុបសេចក្តី​មក ការណ៍​ដែល​មន្ត្រីក្រោមឱវាទ​ព្រាង​លិខិតផ្លូវការ​ជូន​នាយករដ្ឋមន្ត្រី​ឲ្យ​សរសេរ​អក្សរ​ខ្មែរ​ខុសពី​វចនានុក្រម​ខ្មែរ​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ ជួន ណាត គឺ​បានបង្ហាញ​អំពី​អំពើ​រំលោភបំពាន​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះហត្ថលេខា​ផ្ទាល់​ដោយ​នាយករដ្ឋមន្ត្រី​ផង និង​បង្ហាញ​អំពី​រូបភាព​ខ្ជីខ្ជា​របស់​មន្ត្រីក្រោមឱវាទ​នាយករដ្ឋមន្ត្រី នាំ​ឲ្យ​អាប់ឱន​ដល់​តម្លៃ​អក្សរ​ខ្មែរ​ផង ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.