ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

គ​.​ជ​.​ប មិន​យល់​អំពី​កូ​វីដ​-១៩ ? ទាល់តែ​នាយករដ្ឋមន្ត្រី​ស្នើសុំ​ទើប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រេច​លើកចោល​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១

មុនពេល​មកដល់​នៃ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​នឹង​កំណត់​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខ​នោះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បង្កើត​ឲ្យ​មានកម្ម​វិធី​អនុវត្ត​ការបោះឆ្នោត​សាកល្បង​មួយ​ដែល​ត្រូវ​កំណត់​យក​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែមេសា រហូតដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ដោយ​សេចក្តីសម្រេច​លេខ​០០៨​គ​.​ជ​.​ប​-​ស​.​ស​.​រ ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​គោលបំណង ៖ -​សា​កល្ប​កម្មវិធី​រៀបចំ​បញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​, -​ដក​បទពិសោធ​លើ​ការអនុវត្ត​វិធានការ​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រោគរាតត្បាត (​កូ​វីដ​-១៩) ក្នុង​ការិយាល័យ​បោះឆ្នោត​, -​សាកល្បង​ការប្រើ​ប៊ិក​គំនូស​សញ្ញា​គាំទ្រ​គណបក្សនយោបាយ​លើ​សន្លឹកឆ្នោត និង -​សាកល្បង​កម្មវិធី​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ។​

​ក្រោយមក គម្រោង​អនុវត្ត​ដំណើរការ​នៃ​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ​ឆ្នាំ​២០២១​រប​ស់គ​.​ជ​.​ប នោះ ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់​ក្រោម​ហេតុផល​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (COVID-19) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប៉ុន្តែ​ទោះយ៉ាងណា គ​.​ជ​.​ប ក៏បាន​កំណត់​កាលបរិច្ឆេទ​ដំណើរការ​បោះឆ្នោត​សាកល្បង​នេះ​សាជាថ្មី​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​នៅក្នុង​ឃុំ សង្កាត់​គោលដៅ​ចំនួន​២៥​នៃ​រាជធានី ខេត្ត​ទាំងអស់​ទូ​ទាំង​ប្រទេស ។​

​ស្រាប់តែ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ក៏បាន​ចេញ​លិខិត​លេខ​៣៧៦​លស ជម្រាបជូន​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ស្នើសុំ​លុបចោល​ការបោះឆ្នោត​សាកល្បង​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នោះ​វិញ ដោយ​រាជរដ្ឋាភិបាល​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដោយ​មិន​ហ៊ាន​ជំទាស់ និង​បង្អង់​យូរ​ឡើយ នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​ដដែល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​បានចេញ​សេចក្តីសម្រេច​លេខ​១០៧ គ​.​ជ​.​ប​-​ស​.​ស​.​រ ដោយ​សម្រេច​លើកចោល​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១​នោះ​តែម្តង ។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​ទស្សនៈ​ថា តើគ​.​ជ​.​ប ដែលជា​ស្ថាប័ន​ឯករាជ្យ​លើ​កា​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​មិន​យល់​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជំងឺ​កូ​វីដ​-១៩​ពិតប្រាកដ​ឬ ទើប​នៅតែ​បន្តដំណើរ​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២១​រហូត «​រំខាន​ដល់​» ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើសុំ «​លុបចោល​» បាននាំគ្នា​រូតរះ​ម្នីម្នា​សម្រេច «​លើកចោល​» វិញ​ដូច្នេះ (Sic !) ? ឬមួយ​ក៏​ជា​កំហុស​នៃ​ការ «​ភ្លេច​គិត​» របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិនបាន​ដាក់បញ្ចូល​គ​.​ជ​.​ប ទៅក្នុង​សមាសភាព​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ទេ​ដឹង ទើប គ​.​ជ​.​ប ហាក់​មិន​យល់ច្បាស់​លាស់​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា (Resic !) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.