ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​លេងសើច​ដល់​កម្រិត​កំពូល​ហើយ ! ជាប់​ឈ្មោះ​ជា​ទណ្ឌិត​រួច​លើកលែងទោស និង​ទទួលបាន​ការតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អធិការកិច្ច​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​

​អតីត​សមាជិកា​គណៈកម្មការ​ទី​៣​នៃ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ ប្រចាំ​មណ្ឌល​ភូមិភាគ​២ មកពី​គណបក្ស​សម រង្ស៊ី​ម្នាក់ គឺ​លោកជំទាវ ថាក់ ឡា​នី អាយុ​៦៦​ឆ្នាំ ដែល​ជាប់​ឈ្មោះ​ក្លាយជា​ទណ្ឌិត​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦២១/៤៧០ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​ការលើកលែង​ទោស​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣២១/២២១ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោកស្រី ថាក់ ឡា​នី អតីត​សមាជិកា​ព្រឹទ្ធសភា​នីតិកាល​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​ស្ថាប័ន​តុលាការ​គ្រប់​ជាន់ថ្នាក់ (​តាំងពី​សាលាដំបូង សាលាឧទ្ធរណ៍ រហូតដល់​តុលាការ​កំពូល​) សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​១​ឆ្នាំ​០៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​អំឡុង​ឆ្នាំ​២០១៦ បន្ទាប់ពី​លោកស្រី​អតីត​សមាជិកា​ព្រឹទ្ធសភា​រូបនេះ​ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​មួយ​នៅ​ខេត្តរតនគិរី​ដោយ​ចោទប្រកាន់​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ជា​មេក្លោង​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ ក្រោយមក ជនជាប់ចោទ​ឈ្មោះ ថាក់ ឡា​នី (​រត់គេចខ្លួន​) បាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​ក្រោម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៧៥ ចុះ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​របស់​តុលាការ​កំពូល ។​

​ក្រោមរូបភាព​សម្របសម្រួល​ជា​ផលប្រយោជន៍ និង​ត្រូវដង​ត្រូវផ្លែ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទណ្ឌិត​ឈ្មោះ ថាក់ ឡា​នី ក៏​ទទួលបាន​ការលើកលែង​ទោស​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣២១/២២១ ចុះ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ និង​រយៈពេល​ប្រមាណ​០៣​ខែក្រោយ​មក លោកស្រី ថាក់ ឡា​នី ក៏​ទទួលបាន​ការតែងតាំង​មុខតំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​តែម្តង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦២១/៤៧០ ចុះ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.