ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

រឿង​ប៉េអឹម «​វាស់កម្ពស់​» គយ ! មន្ត្រី​គយ​ខេត្តកោះកុង​ម្នាក់​ត្រូវបាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​សាកសួរ និង​ធ្វើ​កិច្ចសន្យា​បង្ក​ការ​អាក់អន់ស្រពន់ចិត្ត​

មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​ម្នាក់​ឈ្មោះ សិទ្ធិ កូសាំងស៊ីន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ អត្តលេខ​៨៨៨ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជាច្រើន​ម៉ោង សាកសួរ​យក​ចម្លើយ ធ្វើ​កំណត់ហេតុ និង​ធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​កន្លងទៅ​ពេល​កំពុងធ្វើដំណើរ​តាម​រថយន្ត​ជាមួយ​អ្នកបើកបរ​ម្នាក់ទៀត​បង្ក​ឲ្យ​មានការ​អាក់អន់ស្រពន់ចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​មន្ត្រី​គយ​ដែល​បម្រើ​ការងារ​រដ្ឋ​អស់​រយៈពេល​ជិត​៣០​ឆ្នាំ ។​

​យោងតាម​របាយការណ៍​ព័ត៌មាន​ចុះ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​របស់លោក សិទ្ធិ កូសាំងស៊ីន ដែល​បាន​គោរព​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​សាខាគយ និង​រដ្ឋាករ​ខេត្តកោះកុង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ តាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​លោក​ដោយ​ចោទប្រកាន់ថា លោក​ជិះ​ដេញតាម​រថយន្ត​ក្នុង​គោលបំណង​ប៉ុនប៉ង​លើ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ។ លោក សិទ្ធិ កូសាំងស៊ីន បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា លោក​គ្មាន​អាវុធ​ជាប់​នឹង​ខ្លួន​ទេ តែ​លោក​បាន​ពាក់​ម៉ាស់​ការពារ​កម្តៅថ្ងៃ និង​ការពារ​មេរោគ​ជំងឺ​កូ​វីដ​-១៩ (COVID-19) ហើយ​ការធ្វើដំណើរ​របស់លោក គឺមាន​ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​ទៀតផង ។ ដូច្នេះ ការណ៍​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​លោក ថតរូប​លោក​ដោយ​គ្មាន​ហេតុផល ក្រោម​ការសង្ស័យ​តាម​អារម្មណ៍​របស់ខ្លួន ព្រមទាំង​ដកហូត​លិខិត​បញ្ជា​បេសកកម្ម​របស់លោក គឺជា​អំពើ​ប៉ះពាល់​ដល់​តម្លៃ​ការងារ​នៃ​មន្ត្រីរាជការ​សាធារណៈ និង​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

​ដោយឡែក កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ឲ្យ​ដឹងថា «​ករណី​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ នាំខ្លួន​មន្ត្រី​គយ​ឈ្មោះ សិទ្ធិ កូសាំងស៊ីន ដើម្បី​ស្តាប់​ចម្លើយ​តាម​នីតិវិធី គឺ​បាន​រាយការណ៍​សុំ​ការដឹកនាំ សម្របសម្រួល​ពី​ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។ បន្ទាប់ពី​ធ្វើការ​ស្តាប់​ចម្លើយ ដោយសារ​ការស៊ើបអង្កេត​បន្ត​មិនមាន​ភាពចាំបាច់​ក្នុងការ​ឃាត់ខ្លួន​បុគ្គល​រូបនេះ មន្ត្រីនគរបាល​យុត្តិធម៌​ក៏បាន​សុំ​គោលការណ៍​ដឹកនាំ​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​រូបនេះ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ធ្វើ​កិច្ចសន្យា ។​» ។ លើសពីនេះ សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា «​កងរាជអាវុធហត្ថ​សូម​បដិសេធ​ចំពោះ​ការចោទប្រកាន់ថា ការឃាត់ខ្លួន​បុគ្គល​ឈ្មោះ សិទ្ធិ កូសាំងស៊ីន ក្នុង​គោលបំណង​មិនល្អ​ដើម្បី​ចង់បាន​ប្រាក់ ។​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.