ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

​វគ្គ​គ្រប់គ្រង «​ឧកញ៉ា​» ! ​រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ដកហូត​គោរមងារ​ឧកញ៉ា​

យោងតាម​ស្មារតី​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២​នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ និង​យោងតាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ដោយ​សេចក្តីសម្រេច​លេខ​៤៦​សសរ ចុះ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១ ។​

​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​សិក្សា រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា ដែលមាន​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​, តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​អនុប្រធាន និង​សមាជិក​ចំនួន​១០​នាក់​ទៀត​នោះ មាន​ភារកិច្ច ៖ -​សិក្សា​ស្រាវជ្រាវ ផ្តួចផ្តើម​ក្នុងការ​បង្កើត​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​, -​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​, -​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការចូលរួម​កិច្ចការ​សង្គម​, -​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើ​ឲ្យ​ការរៀបចំ​, -​រៀបចំ​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឧកញ៉ា ការស្នើសុំ​ផ្តល់​គោរមងារ​ឧកញ៉ា អ្នកឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​, -​ធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការងារ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​, -​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជូន​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ សម្រេច​, -​បំពេញភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការចាំបាច់ ។​

​ចាប់តាំងពី​បង្កើត​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មក មាន​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា មន្ត្រី​ស៊ីវិល និង​មន្ត្រី​ប្រដាប់អាវុធ​ចំនួន​ខ្ទង់ពាន់​នាក់​ហើយ ដែល​ទទួលបាន​ការតែងតាំង ឬ​ផ្តល់​គោរមងារ​ជា​«​ឧកញ៉ា​» និង «​អ្នកឧកញ៉ា​» ។ ទន្ទឹមនឹងនេះ ក៏មាន​នាយទាហាន នាយ​នគរបាល និង​អ្នកជំនួញ​មួយចំនួន​ដែល​ទទួលបាន​គោរមងារ​ជា «​ឧកញ៉ា​» ត្រូវបាន​បញ្ចប់​គោរមងារ​ជា «​ឧកញ៉ា​» វិញ​ផងដែរ ។​

​អនុលោម​តាម​មាត្រាមួយ​នៃ​ស្មារតី​អនុក្រឹត្យ​លេខ​៤៣​អនក្រ​.​បក ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការកែសម្រួល​ចំណុច​ទី​១ មាត្រា​២​នៃ​អនុក្រឹត្យ​លេខ​១៥​អនក្រ ចុះ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​១៩៩៤ គឺ​សប្បុរសជន​ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ១០០ ០០០ (​ដប់​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ សប្បុរសជន​ដែល​បានធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា ឬ​សម្ភារៈ​ដែលមាន​តម្លៃលើស​ពី ៥០០ ០០០ (​ហាសិប​ម៉ឺន​) ដុល្លារ​អាមេរិក​ឡើងទៅ ត្រូវបាន​រាជរដ្ឋាភិបាល​ស្នើសុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះរាជទាន​គោរមងារ​ជា «​ឧកញ៉ា​» ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.