យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា មានកម្មការិនីម្នាក់ឈ្មោះ សាន គឹមឡាង អាយុ២៧ឆ្នាំ បម្រើការងារនៅរោងចក្រ GNT រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពេលវេលាម៉ោង០៦ និង០៥នាទីព្រឹកទាំងមានផ្ទៃពោះ០៧ខែ ដោយសារជំងឺកូវីដ-១៩ (COVID-19) ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមក៏បានបញ្ជាក់ឲ្យដឹងដែរថា ស្ត្រីជាកម្មការិនីរោងចក្រដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នោះ បានធ្វើដំណើររួមជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ ពីតំបន់ក្រហម រាជធានីភ្នំពេញ (ស្នាក់នៅបន្ទប់ជួលម្តុំព្រៃស រាជធានីភ្នំពេញ) មកស្រុកកំណើតនៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ។ ព្រោះតែស្ត្រីរូបនេះ និងស្វាមីបានធ្វើដំណើរចាកចេញពីតំបន់ក្រហម រាជធានីភ្នំពេញ អាជ្ញាធរក៏បានតម្រូវឲ្យធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យរកមេរោគជំងឺកូវីដ-១៩ តាមរយៈឧបករណ៍តេស្តរហ័ស (Rapid Test) ហើយទទួលបានលទ្ធផលវិជ្ជមានមេរោគជំងឺកូវីដ-១៩ ខណៈនៅវេលាម៉ោង១៧ល្ងាចនាថ្ងៃដដែល ស្ត្រីជាកម្មការិនីរូបនេះ មានអាការៈក្តៅខ្លួន ក្អក និងហត់ដង្ហក់ខ្លាំង និងត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសរហូតដល់ប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើមទៀតផង ។ ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពអ្នកជំងឺរិតតែធ្ងន់ធ្ងរឡើងៗ មិនអាចក្រុមគ្រូពេទ្យជួយសង្គ្រោះបាន ទើបនាំឲ្យអ្នកជំងឺឈានទៅស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១តែម្តង ។
គួរបញ្ជាក់ជូនដែរថា យោងតាមដំណើររឿងហេតុនៃការធ្វើដំណើររបស់កម្មការិនីឈ្មោះ សាន គឹមឡាង (ស្លាប់បាត់បង់ជីវិតទាំងមានផ្ទៃពោះ០៧ខែ) និងស្វាមីឈ្មោះ ស៊ុន រ៉ាយុទ្ធ ដែលចាកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញទៅកាន់ស្រុកកំណើតនៅខេត្តកំពង់ចាមនោះ គឺឋិតក្នុងរយៈពេលការអនុវត្តវិធានការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញត្រូវបានបិទបញ្ចប់ហើយៗនៅភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏លែងជា «តំបន់ក្រហម» ទៀតដែរ (ក្លាយជាតំបន់លឿងចាប់ពីថ្ងៃទី០៦ ខែឧសភា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ និងរហូតមកដល់បច្ចុប្បន្ន) ។
ទោះយ៉ាងណាក៏ដោយ ជាអកុសលកម្មការិនីឈ្មោះ សាន គឹមឡាង ដែលធ្វើដំណើរចាកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញទៅដល់ស្រុកកំណើតនៅខេត្តកំពង់ចាមត្រូវបានតេស្តរកឃើញវិជ្ជមានមេរោគវីរុសជំងឺកូវីដ-១៩ និងបានស្លាប់បាត់បង់ជីវិតទាំងមានផ្ទៃពោះ០៧ខែ ដ៏គួរឲ្យអាណោចអាធ័ម និងសោកស្តាយជាទីបំផុតនៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ៕