ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០២១

ដល់​វគ្គ​ឧកញ៉ា​ភ័យ​ខ្លួន ? ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​រង​នូវ​បណ្តឹង​របស់​ឧកញ៉ា ហេង សៀ ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ

នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ពិធី​ការិនី​ស្ថានីយទូរទស្សន៍ My TV និង​ជា​និស្សិត​ឆ្នាំ​ទី​២ ដែលជា​ជន​ត្រូវ​ចោទ​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឧកញ៉ា ហេង សៀ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​តុលាការ​ឃុំខ្លួន​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១) ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ បន្ទាប់ពី​ក្រុម​មេធាវី​ការពារ​សិទ្ធិ​ចាត់តាំង​ដោយ​ក្រុម​មេធាវី​មាន​ឈ្មោះថា «​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានដាក់​ពាក្យសុំ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន​នៅក្រៅ​ឃុំ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

​មូលហេតុ​ដែល​នាំ​ឲ្យ​កញ្ញា មាន ពេជ្រ​រីតា ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន និង​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន គឺ​ដោយសារ​មាន​ពាក្យបណ្តឹង​របស់​ឧកញ៉ា ហេង សៀ ដោយ​ប្តឹង​ចោទប្រកាន់​ពិធី​ការិនី​ស្ថានីយទូរទស្សន៍ My TV រូបនេះ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។​

​ដោយឡែក កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះដែរ កញ្ញា មាន ពេជ្រ​រីតា ក៏បាន​ដាក់ពាក្យ​បណ្តឹង​គោរព​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​តប​ចោទប្រកាន់​លើ​ឧកញ៉ា ហេង សៀ វិញ​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដោយមាន​ស្ថាន​ទម្ងន់ ប្រព្រឹត្ត​ក្នុង​រថយន្ត​នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (​សូម​អាន​ការផ្សព្វផ្សាយ​របស់​គេហ​ទំព័រសារព័ត៌មាន​ដើមត្នោត ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​បន្ថែម​) ។

​មិនទាន់​បានដឹងថា តើ​ពាក្យបណ្តឹង​របស់​កញ្ញា មាន ពេជ្រ​រីតា ដែល​ប្តឹង​តប​ចោទប្រកាន់​ទៅលើ​ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ដោយមាន​ស្ថាន​ទម្ងន់​នោះ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​នីតិវិធី​ដល់​ដំណាក់​កាលណា ឬ​សម្រេច​បើក​ការ​ស៊ើបសួរ (​ចោទប្រកាន់​) លើ​ជនសង្ស័យ​មាន​ងារ​ជា​ឧកញ៉ា ឬ​យ៉ាងណា​នៅឡើយ​ទេ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.