ថ្ងៃ អាទិត្យ ទី ២០ ខែ មិថុនា ឆ្នាំ ២០២១

សំណុំរឿង​ប្លែក និង​មិន​ថ្លៃថ្នូរ​ពាក់ព័ន្ធ​នឹង​តណ្ហា ! ឧកញ៉ា​ម្នាក់ ទទួលរង​ការប្តឹង​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​ក្នុង​រថយន្ត​លើ​ពិធី​ការិនី​ទូរទស្សន៍ My TV

ឧកញ៉ា ហេង សៀ ត្រូវបាន​ពិធី​ការិនី​ស្ថានីយទូរទស្សន៍ My TV និង​ជា​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​ជំនួញ​ពាណិជ្ជកម្ម​ម្នាក់​ឈ្មោះ មាន ពេជ្រ​រីតា អាយុ​២០​ឆ្នាំ ប្តឹង​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ដោយមាន​ស្ថាន​ទម្ងន់ ប្រព្រឹត្ត​នៅក្នុង​រថយន្ត នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ​៤ ជិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប អំឡុង​ខែឧសភា ឆ្នាំ​២០២១​នេះ ។​

​យោងតាម​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​របស់​កញ្ញា មាន ពេជ្រ​រីតា ដែល​បាន​គោរព​ជូន​ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោយពេល​ឧកញ៉ា ហេង សៀ អាយុ​៥៩​ឆ្នាំ បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​មកលើ​រូបនាង​នៅក្នុង​រថយន្ត​នោះ គឺ​នាង​មិនទាន់បាន​ប្តឹងផ្តល់​ឧកញ៉ា​ជា​អ្នកប្រព្រឹត្ត​នៅឡើយ​ទេ ប៉ុន្តែ​បែរជា​ឧកញ៉ា ហេង សៀ បាន​ប្តឹង​រូបនាង​ជាមុន​ទៅ​សមត្ថកិច្ច​ប៉ូលិស ដោយ​ចោទប្រកាន់​រូបនាង​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ទៅវិញ ហើយ​ត្រូវបាន​មន្ត្រីប៉ូលិស​ឃាត់ខ្លួន​រូបនាង​អស់​រយៈពេល​០២​ថ្ងៃ​ទើប​បញ្ជូនទៅ​សាកសួរ​បន្ត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឧកញ៉ា ហេង សៀ នោះ កញ្ញា មាន ពេជ្រ​រីតា ក៏បាន​ក្លាយជា​ជន​ត្រូវ​ចោទ និង​ត្រូវបាន​ចៅក្រម ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៨៤៦ ចុះ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ដោយឡែក នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុម​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​កញ្ញា មាន ពេជ្រ​រីតា ហៅ យូ​ប៊ី ជា​ជន​ត្រូវ​ចោទ ដែល​ត្រូវបាន​ចាត់​ឡើង​ដោយ​ក្រុម​មេធាវី​មាន​ឈ្មោះថា «​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​» បានដាក់​ពាក្យសុំ​ដោះលែង​ឲ្យ​កូនក្តី​របស់ខ្លួន​បាន​នៅក្រៅ​ឃុំ​ហើយ ប៉ុន្តែ​មិនទាន់​បានដឹងថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​យ៉ាងណា​នោះ​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ល្ងាច​នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ។

 

​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ឧកញ៉ា ហេង សៀ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា មាន ពេជ្រ​រីតា នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ពីព្រោះ​គ្មាន​លេខ​ទូរ​សព្ទ​សម្រាប់ធ្វើ​ការទំនាក់ទំនង ។​

​ឧកញ៉ា ហេង សៀ ទើបតែ​ទទួលបាន​ការថ្លែងអំណរគុណ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​ឧកញ៉ា ហេង សៀ រួមជាមួយ​អ្នកឧកញ៉ា និង​ឧកញ៉ា ចំនួន​៧៣​នាក់​ផ្សេងទៀត​បាន​បរិច្ចាគ​ថវិកា​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​វិធាន​ការបិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ។​

​លោក ហេង សៀ (​ក្នុង​ព្រះរាជក្រឹត្យ​ហៅ ឋានៈ​ជា ឯកឧត្តម​) អគ្គនាយក​ក្រុមហ៊ុន ហេង ស្រេង​ហុង (HSH) និង​ក្រុមហ៊ុន ខេ​ម​បូ​ភូ​រ៉ា ក្លាស (CPG) ទទួលបាន​ការតែងតាំង​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៤០៨/៤៥៥ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០០៨ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.